ភ្នំពេញ៖កូនប្រុសរបស់អតីតតារាសម្ដែងនិងពិធីការិនីអ្នកនាងម៉ៅ ចំណាន ហៅស្រីតូច ចំណាន គឺលោកឧកញ៉ាគិត ស៊ូឡា ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប អន្ដរជាតិ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤ ក្នុងពេលដែលលោកស៊ូឡា ទើបតែមានវ័យត្រឹម១៩ ឆ្នាំប៉ុណ្ណោះ។មជ្ឈដ្ឋានអ្នកជំនួញធំៗ និងមហាជនមានការចាប់អារម្មណ៍ខ្លាំងដែលពេលនេះអ្នកឧកញ៉ាគិត ម៉េង កំពុងតែរៀបជើងព្រួលឲ្យអ្នកបន្ដវេនក្រុមហ៊ុនលក្ខណៈអន្ដរជាតិរបស់លោកទៅកូនបុ្រស ខណៈដែលភរិយារបស់លោកគឺលោកអ្នកឧកញ៉ាម់ៅ ចំណាន ទើបតែដាក់ពាក្យឈរឈ្មោះជាបេក្ខភាពប្រធានសិល្បករខ្មែរអាណត្តិទី៦កាលពីពេលៗនេះដែរ ។ជាមួយគ្នានេះដែរអ្នកខ្លះបានលើកឡើងថាក្រោយក្លាយទៅជាអ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប អន្ដរជាតិ នេះលោកស៊ូឡា នឹង មានឥទ្ធិពលខ្លាំងក្នុងមុខជំនួញរបស់ឪពុកដែលមានបុគ្គលិករាប់ពាននាក់ក្រោមឱវាទ។ប៉ុន្ដែជុំវិញកូនប្រុសស្រីតូច ចំណាន ឡើងតំណែងធំនេះស្រាប់តែមានការបញ្ចេញមតិជាបន្ដបន្ទាប់នៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ។
ហ្វេសបុកឈ្មោះPollet Pheng ខមិនថា “ឡើងតាមជើងខោ” ។ហ្វេសបុកឈ្មោះ Phinnich Phum ខមិនថា”គាត់ប្រឹងពីអាយុ?បាន១៩ឆ្នាំ ម្ចាស់Royal “។ហ្វេសបុកឈ្មោះNasika Nasika Nasika Nasika ខមិនថា”១៩ឆ្នាំ ក្លាយជាម្ចាស់ក្រុមហ៊ុន មិនចម្លែកទេ ។បើម៉ែឪជាសេដ្ឋីហើយនោះ”។ហ្វេសបុកឈ្មោះHorn Vichhay ខមិនថា”របស់បានមកស្រួល អស្ចារ្យស្អី”។ហ្វេសបុកឈ្មោះជីវិតអ្នកចំការ ខមិនថា”យកល្អកុំមកផុសអីល្អជាង សម្ថភាព១% ឡើងតាមជើងខោឪ៩៩,៩៩% “។
ជាមួយគ្នានេះដែរគេឃើញមានតារាសិល្បៈនិងអ្នកជំនាញសិល្បៈខ្លះក៍បានចូលទៅបញ្ចេញមតិជុំវិញកូនប្រុសលោកអ្នកឧកញ៉ាម៉ៅ ចំណាន ឡើងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប អន្ដរជាតិ នេះជាហូរហែផងដែរ។លោកខាំ ភូរិ ជាអ្នកនិពន្ធ អ្នកដឹកនាំសម្ដែងភាពយន្ដ និងខារ៉ាអូខេ បានខមិនថា”គាត់តែងតាំងកូនក្នុងក្រុមហ៊ុនរបស់គាត់ មានអ្នកខមិនថាឡើងតាមជើងខោ ។ចង់សួរវិញថារាល់ថ្ងៃមានជើងខោឡើងទេ ?”។តារាសម្ដែងសុទ្ធារ៉ា មុំ ខមិនថា”បើខ្ញុំមានដូចគាត់ ក៍ខ្ញុំឲ្យកូនខ្ញុំ បងប្អូនខ្ញុំ ឬមនុស្សដែលខ្ញុំស្រលាញ់ឲ្យគាត់គ្រប់គ្រងដែរ”។
ប្រភពបានឲ្យដឹងថាអ្នកនាងស្រីតូច ចំណាន ក៍ដូចជាស្វាមីនាងអ្នកឧកញ៉ាគិត ម៉េង ដែរគឺតែនៅពីក្រោយ និងលើកទឹកចិត្តដល់កូនប្រុសគិត ស៊ូឡា ក្នុងតួនាទីថ្មីនេះជានិច្ច ស្របពេលដែលអ្នកនាងចំណាន ត្រូវបានគេព្យាករណ៍ថានាងនឹងមានភាគរយខ្ពស់ក្នុងការជាប់ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ ដែលនឹងធ្វើការបោះឆ្នោតនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះហើយ ខណៈដែលអ្នកនាងបានដាក់ពាក្យឈរឈ្មោះជាបេក្ខភាពប្រធានសិល្បករខ្មែរអាណត្តិថ្មីនេះមុនគេ បន្ទាប់ពីទទួលបានការគាំទ្រជាបេក្ខភាពម្នាក់ពីសម្ដេចតេជោហ៊ុន សែន ។ប្រសិនបើអ្នកនាងស្រីតូច ចំណាន ក្លាយជាប្រធានសិល្បករខ្មែរអាណត្តិថ្មីមែន នោះនាងនឹងកាន់តួនាទីមួយនេះដល់ឆ្នាំ២០២៩ ហើយទិសដៅធំរបស់នាងគឺការលើកស្ទួយសិល្បករខ្មែរឲ្យកាន់តែមានភាពរីកចម្រើនទៅមុខ បើទោះជានាងបានចាកចេញពីអាជីពសិល្បៈជាង២០ឆ្នាំទៅហើយក្ដី ។
សូមរំលឹកថាស្រីតូច ចំណាន បានចូលប្រឡូកសិល្បៈនៅឆ្នាំ១៩៩៨ និងភ្ជាប់ស្នេហ៍ជាមួយអ្នកឧកញ៉ាគិត ម៉េង ដោយទទួលបានចំណងដៃកូន៤នាក់(ស្រី២) ទើបនាងនិងឧកញ៉ាបានរៀបការកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ។អ្នកនាងស្រីតូច ចំណាន មានឈ្មោះដើមម៉ៅ ចំណាន អាយុ៤១ឆ្នាំ នាងកើតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៨៣ ទីកន្លែងកំណើតនៅខេត្តស្វាយរៀង មានឪពុកឈ្មោះម៉ៅ នី អាយុ៧៤ឆ្នាំ ជាមន្រ្ដីកងយោធពលខេមរភូមិន្ទនិងម្ដាយរបស់នាងឈ្មោះគង់ សោម៉ា អាយុ៦៤ឆ្នាំ មុខរបរមេផ្ទះ ។
មហាជនបានចាត់ទុកអ្នកនាងស្រីតូច ចំណាន គឺជាសេដ្នីនីម្នាក់នាពេលបច្ចុប្បន្ន ហេតុនេះហើយ បានជាគ្រប់គ្នាយល់ថានាងនឹងអាចក្លាយទៅជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៧ នាដើមខែឧសភា ឆ្នាំ២០២៤ នេះជាមិនខាន បើទោះជាក្នុងចំណោមអ្នកឈរឈ្មោះនោះគេឃើញមានបេក្ខភាពម្នាក់ទៀតដែលធ្លាប់ធ្វើការក្នុងវិស័យជាង២០ឆ្នាំនិងមានសញ្ញាបត្រអនុបណ្ឌិតផ្នែកទស្សនវិជ្ជាមកពីអាមេរិកគឺលោកគួច ខេវិន ចូលរួមដែរក៍ដោយ។ដោយឡែកជុំវិញការខមិនទាំងឡាយនៅលើបណ្ដាញសង្គមទាក់ទងកូនប្រុសច្បងរបស់អ្នកនាងស្រីតូច ចំណាន ឡើងតំណែងជាCOO(chief operating officer)ឬ”នាយកគ្រប់គ្រងផ្នែកប្រតិ បត្តិការ” របស់Royal Group នោះរហូតមកដល់ពេលនេះគេមិនទាន់ឃើញអ្នកនាងចំណាន មានប្រតិកម្មតបឡើយ ៕