អ៊ីស្រាអែល ៖ កងទ័ពអ៊ីស្រាអែល បានប្រើអាវុធទំនើបៗ កាំជ្រួចល្បឿនលឿន Rampage វាយប្រហារមូល ដ្ឋានទ័ពអាកាសអ៊ីរ៉ង់ ក្នុងខេត្តអ៊ីសហ្វហាន (Isfahan) ដោយសង្ឃឹមថា នឹងព្រមានមេដឹកនាំអ៊ីរ៉ង់ ឱ្យពិចារណាឡើងវិញ មុននឹងបើកការវាយប្រហារផ្ទាល់ ជាលើកទីពីរ លើអ៊ីស្រាអែល។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល «The Times of Israel» បានរាយការណ៍នៅថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៤ ថាក ងទ័ពអ៊ីស្រាអែល ប្រើរ៉ុក្កែតល្បឿនលឿន «Rampage» ដើម្បីវាយប្រហារគោលដៅមូលដ្ឋានទ័ពអាកាសដ៏សំខាន់មួយ នៅខេត្តអ៊ីសហ្ចហាន កណ្តាលប្រទេសអ៊ីរ៉ង់ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសា ជាការឆ្លើយតបនឹងអ៊ីរ៉ង់ បានបញ្ជូនយន្តហោះគ្មានមនុស្សបើក ទម្លាក់គ្រាប់បែក និងបាញ់មីសស៊ីល ជាង ៣០០ដើម ដើម្បីវាយប្រហា រអ៊ីស្រាអែល កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ។ នេះជាការវាយប្រហារផ្ទាល់លើកដំបូង មកលើអ៊ីស្រាអែល បន្ទាប់ពីចោទអ៊ីស្រាអែល ពីការវាយប្រហារតាមអាកាសលើស្ថានកុងស៊ុលរបស់អ៊ីរ៉ង់ នៅស៊ីរី បណ្តាលឲ្យមន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ង់ ៧នាក់ បានស្លាប់។

ស្ថានីយ៍ទូរទស្សន៍ Kan នៅអ៊ីស្រាអែល បានផ្សាយថា រ៉ុក្កែតល្បឿនលឿនជាងសំឡេង វាជាកាំជ្រួចពីអាកាស ទៅដី ដែលមានប្រវែង ៤,៧ម៉ែត្រ ហើយហោះឆ្ពោះទៅកាន់គោលដៅក្នុងល្បឿនលឿនជាងសំឡេង។ អាវុធប្រភេទនេះ ពិបាករកណាស់ ហើយមានតែប្រព័ន្ធការពារកាំជ្រួចដែលមានប្រសិទ្ធភាពដូច Iron Dome របស់យោធាអ៊ីស្រាអែល ដែលនឹងអាចស្ទាក់ចាប់គ្រាប់រ៉ុក្កែត Rampage មុនពេលវាទៅដល់គោលដៅ។
អាជ្ញាធរអ៊ីរ៉ង់ កំពុងព្យាយាមបំបាត់ភាពតានតឹងជាមួយអ៊ីស្រាអែល ដោយមិនបង្ហាញព័ត៌មានលម្អិតអំពីការ វាយប្រហាររបស់អ៊ីស្រាអែល រួមទាំងការខូចខាតណាមួយ។

គេហទំព័រ The Times of Israel និយាយថា ទូរទស្សន៍ Kan រាយការណ៍ជាភាសាហេប្រឺ បានទទួលរបាយ ការណ៍ព័ត៌មាននេះ ដែលកើតឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីកាសែត The News York Times បានអះអាងថា យោធាអ៊ីស្រាអែល បានវាយប្រហារមូលដ្ឋានទ័ពអាកាសអ៊ីរ៉ង់ នៅជិតទីតាំងនៃរោងចក្រនុយក្លេអ៊ែរ នៅ Natanz និងបានប្រើប្រាស់គ្រាប់រ៉ុក្កែតដែលមានបច្ចេកវិទ្យាទំនើប រហូតដល់អាចគេចផុតពីការស្ទាក់ចាប់ដោយប្រព័ន្ធរ៉ាដាអ៊ីរ៉ង់។

កាសែត New York Times ក៏បានដកស្រង់សម្តីមន្ត្រីយោធាអ៊ីស្រាអែល ថាអាវុធដែលអាចគេចពីការចាប់រ៉ាដា ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដើម្បីធ្វើឱ្យមេដឹកនាំអ៊ីរ៉ង់ ត្រូវតែគិតនិងពិចារណាឡើង វិញ មុនពេលសម្រេចចិត្តបើកការវាយប្រហារដោយផ្ទាល់ជាលើកទីពីរ លើអ៊ីស្រាអែល៕