Saturday, May 4, 2024
Homeព័ត៌មានជាតិមន្រ្តីប្រតិកម្ម គឹម សុខ ថាសម្ពាធផ្លូវចិត្ត សាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ធ្លាក់ខ្លួនឈឺរហូតស្លាប់

មន្រ្តីប្រតិកម្ម គឹម សុខ ថាសម្ពាធផ្លូវចិត្ត សាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ធ្លាក់ខ្លួនឈឺរហូតស្លាប់

ភ្នំពេញ ៖ មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា បានប្រតិកម្មនឹងលោកគឹម សុខ អ្នកវិភាគ ដែលបានលើកឡើងថា លោកសាស្ត្រាចារ្យប្រវត្តិសាស្ត្រ សំបូរ មាណ្ណារ៉ា បន្ទាប់ពីឡើងជាទីប្រឹក្សាសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរងសម្ពាធផ្លូវចិត្ត និងធ្លាក់ខ្លួនឈឺរហូតស្លាប់ ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ថា ការលើកឡើងរបស់លោកគឹម សុខ គឺជាការប្រមាថដល់សពលោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា និងជាការប្រមាថដល់ប្រមុខរាជរដ្ឋាភិបាល ២ជំនាន់ គឺជំនាន់សម្ដេចហ៊ុន សែន និងមកដល់ជំនាន់សម្ដេចហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ។

លោកបណ្ឌិត គិន ភា បានមានប្រសាសន៍ថា “ខ្ញុំនិយាយមិនមែនក្នុងនាមរាជបណ្ឌិត្យសភាទេ ខ្ញុំនិយាយក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំគិតថា ការលើកឡើងរបស់លោកគឹម សុខ បែបហ្នឹង គឺជាការប្រមាថចំពោះវិញ្ញាណក្ខន្ធរបស់លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ដោយគាត់បានទទួលមរណភាពទៅ ហើយការស្លាប់របស់គាត់នេះ គឺមិនមែនជារឿងសម្ពាធផ្លូវចិត្ត ដោយសារតែគាត់ធ្វើទីប្រឹក្សានាយករដ្ឋមន្រ្តីទេ គឺគាត់មានជំងឺហ្នឹង តាំងពីមុនពេលដែលគាត់ក្លាយជាទីប្រឹក្សារបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយក្រោយមក សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទៅទៀត ។ ដូច្នេះការលើកឡើងរបស់គាត់ហ្នឹង គឺជារឿងមួយប្រតិដ្ឋ ហើយវាជារឿងអគុណធម៌ ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវម្នាក់ដែរ ហើយនៅក្រៅប្រទេស គាត់អត់យល់អំពីអ្វីដែលជាសច្ចភាពកើតឡើងនៅក្នុងកម្ពុជា ហើយចេះតែប្រតិដ្ឋព័ត៌មានបែបហ្នឹង វានាំឲ្យខូចទៅដល់ឈ្មោះក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវដទៃទៀត ចេះតែប្រតិដ្ឋព័ត៌មាន បង្កឲ្យមានការយល់ច្រឡំទៅដល់អ្នកដទៃ ជាគំនិតមួយមិនល្អ ជាអគុណធម៌ ជាអសីលធម៌ សម្រាប់ខ្ញុំ ។ និយាយទៅ ការលើកឡើងបែបនេះ គឺវាហាក់បីដូចកំពុងប្រមាថ ទី១ ប្រមាថវិញ្ញាណក្ខន្ធអ្នកស្លាប់ទៅ។ ទី២ ក៏ប្រមាថប្រមុខរាជរដ្ឋាភិបាល ទាំងពីរជំនាន់ហ្នឹងដែរ តាំងពីសម្ដេចតេជោ និងសម្ដេចធិបតី ពីព្រោះហេតុអីគ្រាន់តែត្រូវបានតែងតាំងជាទីប្រឹក្សានាយករដ្ឋមន្រ្តី រហូតដល់មានបញ្ហាផ្លូវចិត្ត ដល់ស្លាប់ខ្លួននោះ? វាអត់ត្រូវ ។ អ៊ីចឹងការប្រឌិតព័ត៌មានហ្នឹង វាហួសហេតុ វាអសីលធម៌ អគុណធម៌ ហើយមិនដឹងយើងចាត់ទុកជាមនុស្សរបៀបណា ពិបាកនិយាយណាស់“ ។

លោកបណ្ឌិត គិន ភា បានមានប្រសាសន៍បន្តថា “ខ្ញុំនិយាយម្ដងទៀត សម្រាប់ខ្ញុំ ខ្ញុំចាត់ថាទុកជាការបាត់បង់ធនធានមនុស្សដ៏កម្ររបស់ជាតិ ជាពិសេសធនធានមនុស្សខាងជំនាញប្រវត្តិសាស្រ្តជាតិហ្នឹងតែម្ដង ពីព្រោះលោកគ្រូ សំបូរ មាណ្ណារ៉ា នេះ គាត់បានប្រឹងប្រែងស្ទើរមួយជីវិត តាំងពី៧៩ មក គាត់បង្រៀនសិស្ស ហើយគាត់ជាអ្នកបណ្ដុះ សាបព្រោះគំនិត មនោគមន៍វិជ្ជាជាតិនិយម ឲ្យកូនសិស្ស ឲ្យកូនខ្មែរហ្នឹង ស្រលាញ់ទឹកដី សម្បត្តិវប្បធម៌ ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី ភាសា អក្សរសាស្រ្តជាតិហ្នឹង រហូតមក រហូតដល់មុនគាត់ស្លាប់ ចុងក្រោយនេះ គាត់ក៏នៅមានសារ មានបណ្ដាំអីជូនកូនខ្មែរដែរ ។ ទាំងអស់នេះ គឺជាការបាត់បង់ដ៏គួរឲ្យសោកស្ដាយមួយ សម្រាប់ជាតិយើង ។ មិនថាតែលោកគ្រូ សំបូរ មាណ្ណារ៉ា ទេ ឲ្យតែបញ្ញវន្តដែលបាត់បង់ទៅ យើងសុទ្ធតែស្ដាយ ក៏ប៉ុន្តែស្ដាយអ្នកបាត់បង់ ជារឿងមួយ ការយកចិត្តទុកដាក់អ្នកដែលកំពុងរស់នៅ គឺជារឿងមួយទៀត ដែលត្រូវតែធ្វើឲ្យបានល្អ ចៀសវាងស្ដាយ នៅពេលដែលបាត់បង់“ ។

លោកបណ្ឌិត គិន ភា បានមានប្រសាសន៍បន្តទៀតថា “ជារួម ជុំវិញការលើកឡើងនេះ ទី១ ខ្ញុំផ្ញើសារទៅលោកគឹម សុខ ហ្នឹងតែម្ដង សុំឲ្យមានសីលធម៌ គុណធម៌ជាមនុស្ស ឲ្យស័ក្ដិសមជាមនុស្ស កុំប្រមាថវិញ្ញាណក្ខន្ធអ្នកស្លាប់ និងប្រមាថថ្នាក់ដឹកនាំ ដែលជាការប្រតិដ្ឋរឿង ទី១ ។ ទី២ សម្រាប់សាធារណជន ខ្ញុំគិតថា មិនគួរជឿការលើកឡើងរបស់លោកគឹម សុខ ទាំងអសីលធម៌ ទាំងអគុណធម៌ហ្នឹងទេ ហើយសម្រាប់សាធារណជនដដែលហ្នឹង បើសិនជាគោរពស្រលាញ់លោកគ្រូ សំបូរ មាណ្ណារ៉ា គឺនាំគ្នាអនុវត្តទៅតាមអ្វីដែលគាត់ផ្ដែផ្ដាំផ្ញើហ្នឹងទៅ ខំប្រឹងធ្វើការរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង បណ្ដុះគំនិតជាតិនិយម ស្រលាញ់ទឹកដី ស្នេហាជាតិទៅ ហើយស្រលាញ់ប្រវត្តិសាស្រ្ត រៀនប្រវត្តិសាស្រ្តខ្មែរហ្នឹង ឲ្យបានស្គាល់ច្រើន អាហ្នឹងទី១ ។ ទី២ បញ្ញវន្តខ្មែរដទៃទៀតក៏មានច្រើនដែរ គឺថាកុំទុករហូតដល់ពួកគាត់បានបាត់បង់ទៅ ហើយនាំគ្នាសោកស្ដាយ អ៊ីចឹងទេត្រូវតែឲ្យតម្លៃ ។ សង្គមយើងៗឲ្យតម្លៃអ្នកមានចំណេះដឹង អាហ្នឹងសង្គមយើងអភិវឌ្ឍហើយ ហើយរដ្ឋាភិបាលដូចគ្នា ការដែលរៀបចំពិធីបុណ្យសពលោកគ្រូ សំបូរ មាណ្ណារ៉ា នេះ ខ្ញុំគិតថា ស័ក្ដិសមក្នុងការលះបង់របស់គាត់ហើយ ប៉ុន្តែដល់ទៅរដ្ឋាភិបាល រដ្ឋយើងទាំងមូលហ្នឹង ត្រូវយកចិត្តទុកដាក់ធនធានមនុស្សរបស់ជាតិ ត្រូវផ្ដល់នូវការតបស្នង ការលើកទឹកចិត្តឲ្យស័ក្ដិសមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ នៅក្នុងសង្គម អាហ្នឹងគឺសង្គមយើងរីកចម្រើនហើយ“ ។

ជាមួយគ្នានោះដែរ លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ថា អ្វីដែលលោកគឹម សុខ លើកឡើង វាមិនមានអីប្លែកទេ វារឿងដដែលៗ សំខាន់បងប្អូនយើងអ្នកស្ដាប់ ត្រូវតែចេះធ្វើការវិនិច្ឆ័យ ត្រូវចេះវែកញែក ស្អីត្រូវ ស្អីខុស? ស្អីល្អ ស្អីអាក្រក់? ស្អីសមហេតុផល ស្អីមិនសមហេតុផល?

លោកបណ្ឌិត ឈត ប៊ុនថង បានមានប្រសាសន៍ថា “បាទ! ជាទូទៅ អ្នកវិភាគក្ដី អ្នកបញ្ចេញមតិក្ដី ដើម្បីការបញ្ចេញមតិ ឬវិភាគឲ្យបានត្រឹមត្រូវ គាត់ត្រូវទទួលបានព័ត៌មានពិត ហេតុការណ៍ពិត អំពីព្រឹត្តិការណ៍ណាមួយ រឿងរ៉ាវណាមួយ ឬក៏អំពីបុគ្គល ឬអំពីស្ថានភាពណាមួយ ។ នៅពេលដែលគាត់ទទួលបានព័ត៌មានពិតទាំងអស់ហ្នឹងហើយ គាត់ត្រូវយកទៅវិភាគហ្នឹងតាមរូបមន្ត តាមគោលជំហរជាក់លាក់ណាមួយ តាមវិធីសាស្រ្តណាមួយ អាហ្នឹងបានការវិភាគរបស់គាត់ហ្នឹងវាមានតម្លៃ ហើយគេអាចជឿជាក់បាន តែបើសិនជាអ្នកវិភាគ អ្នកធ្វើអត្ថាធិប្បាយទាំងឡាយណា ដែលមិនទទួលបានព័ត៌មានជាក់លាក់ពិតប្រាកដ ពេញលេញ ត្រឹមត្រូវ អំពីហេតុការណ៍ ព្រឹត្តិការណ៍ រឿងរ៉ាវ ឬក៏បុគ្គលណាមួយ ឬក៏ស្ថានភាពណាមួយ ហើយគាត់យកទៅវិភាគ ទោះបីគាត់ជាមនុស្សពូកែយ៉ាងណាក៏ដោយ ក៏ការវិភាគហ្នឹងអាចនឹងមិនត្រូវទេ ហើយមិនសមហេតុផលទេ ហើយប្រសិនបើជាអ្នកវិភាគដែលគ្រាន់តែថាតាមអារម្មណ៍ ថាតាមការគិតឃើញ ថាតាមការយល់ឃើញ ដោយមិនផ្អែកលើហេតុការណ៍ ព្រឹត្តិការណ៍អ្វីសោះ ហ្នឹងកម្រិតនៃការខុសហ្នឹង គឺកាន់តែខ្លាំង ហើយរឿងទី៣នោះ គឺអ្នកវិភាគខ្លះ គេដាក់គោលជំហរ ។ ឧបមាថា គេអត់ពេញចិត្តលោក ក ក្រុម ក គណបក្ស ក អីជាដើមអ៊ីចឹង ឲ្យតែខាងក្រុមហ្នឹងចេញមក គឺការវិភាគរបស់គេ គឺបែរទៅរកទិសដៅ ឬក៏ភាពអវិជ្ជមានអ៊ីចឹងតែម្ដង ។ អ៊ីចឹងវាគ្មានប្រយោជន៍សម្រាប់អ្នកស្ដាប់ សម្រាប់អ្នកអាន អ្នកទស្សនា ដើម្បីយកមកធ្វើគតិទេ“ ។

លោកបណ្ឌិត ឈត ប៊ុនថន បានមានប្រសាសន៍បន្តថា “សម្រាប់ខ្ញុំជាអ្នកស្រាវជ្រាវម្នាក់ ហើយក៏ជាអ្នកធ្វើអត្ថាធិប្បាយម្នាក់ ហើយក៏ជាអ្នកជំនាញទស្សនវិជ្ជាម្នាក់ដែរ អ្វីដែលលោកគឹម សុខ ក៏ដូចជាអ្នកដទៃលើក វាមិនមានអីប្លែកទេ វារឿងដដែលៗទេ ។ អ៊ីចឹងមិនមានអីចម្លែកទេ សម្រាប់ខ្ញុំ សំខាន់បងប្អូនយើងអ្នកស្ដាប់ហ្នឹង ត្រូវតែចេះធ្វើការវិនិច្ឆ័យ ត្រូវចេះវែកញែកស្អីត្រូវ ស្អីខុស? ស្អីល្អ ស្អីអាក្រក់? ស្អីសមហេតុផល ស្អីមិនសមហេតុផល? ធម្មតាមនុស្ស បើសិនជាស្ថិតនៅក្រៅក្របខ័ណ្ឌមួយដែលច្បាប់ មិនអាចដាក់ទោសទណ្ឌបាន ដោយសារតែវានៅឆ្លងដែន ឆ្លងប្រទេសអីអ៊ីចឹង គេមិនត្រូវការច្បាប់ ដើម្បីយកទៅវិនិច្ឆ័យដែលគាត់ថាត្រូវខុសច្បាប់ទេ ប៉ុន្តែគេយកសីលធម៌ គេយកតក្កវិជ្ជា ភាពសមហេតុផល ទម្រង់ ឬក៏គំរូនៃការគិតហ្មត់ចត់ហ្នឹង យកទៅវិនិច្ឆ័យ ហើយប្រជាពលរដ្ឋ ក៏ដូចអ្នកស្ដាប់ហ្នឹង គាត់វិនិច្ឆ័យខ្លួនគាត់ ថាតើមតិយោបល់ ការលើកឡើង ការវិភាគ អត្ថាធិប្បាយណាដែលគួរតែទុកចិត្ត? ហើយការវិភាគណាដែលគួរមិនទុកចិត្ត? អាហ្នឹងបើសិនជាគាត់អត់មានសមត្ថភាពហ្នឹង អាហ្នឺងអ្នកណាក៏អាចបោកប្រាស់បានដែរ ហើយស្អីដែលយើងឃើញសព្វថ្ងៃនេះ មិនមែនតែអ្នកនយោបាយទេ ដែលអាចបំពុលសង្គម សូម្បីតែឧកញ៉ាមួយចំនួន ឬក៏អ្នកបង្កើតមាតិកាមួយចំនួន នៅក្នុងបណ្ដាញសង្គមហ្នឹង ក៏បំពុលសង្គមដែរ ដោយសារតែបងប្អូនយើងអ្នកស្ដាប់មួយចំនួនហ្នឹង លោកមិនមានចំណេះដឹងខ្ពង់ខ្ពស់ សមស្របល្មមនឹងវិនិច្ឆ័យ ឬក៏ញែកចេញថា ស្អីសមហេតុផល ស្អីមិនសមហេតុផល? ស្អីត្រឹមត្រូវ ស្អីមិនត្រឹមត្រូវ? ស្អីជាការបោកប្រាស់ ស្អីជាការចែករំលែកចំណេះដឹងពិតប្រាកដ?“ ។

សូមបញ្ជាក់ថា ប្រតិកម្មរបស់មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា ខាងលើនេះ បានធ្វើឡើងក្រោយពីលោកគឹម សុខ អ្នកវិភាគនយោបាយនិងសង្គម ដែលកំពុងរស់និរទេសនៅប្រទេសហ្វាំងឡង់ដ៍ បានលើកឡើងថា បន្ទាប់ពីឡើងជាទីប្រឹក្សាសម្តេចហ៊ុន សែន លោកសាស្ត្រាចារ្យប្រវត្តិសាស្ត្រ សំបូរ មាណ្ណារ៉ា រងសម្ពាធផ្លូវចិត្ត និងធ្លាក់ខ្លួនឈឺ រហូតស្លាប់។

លោកគឹម សុខ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ថា “ពីដើមឡើយ ខ្ញុំចូលចិត្តស្ដាប់លោកសាស្ត្រាចារ្យប្រវត្តិសាស្ត្រ សំបូរ មាណ្ណារ៉ា បកស្រាយរឿងរ៉ាវប្រវត្តិសាស្ត្រជាតិខ្មែរ។ ខ្ញុំកត់សម្គាល់ឃើញថា គាត់តែងតែបំភ្លឺប្រវត្តិសាស្ត្រ ក្នុងសំឡេងប្រយោជន៍ជាតិខ្មែរ។ ខ្ញុំមិនដឹងការពិតនៃការស្លាប់របស់គាត់ទេ។ ប៉ុន្តែខ្ញុំចាប់ផ្ដើមសង្ស័យអំពីគាត់ តាំងពីគាត់និយាយគាំទ្រឲ្យមានការដាក់បញ្ចូលភាសាវៀតណាម ក្នុងប្រព័ន្ធអប់រំជាតិខ្មែរ ជាផ្លូវការ។ ក្នុងចំណោមការអត្ថាធិប្បាយរបស់គាត់ ដែលខ្ញុំបានស្ដាប់ ករណីគាត់គាំទ្រភាសាវៀតណាមនេះ គឺជារឿងមួយ ដែលខ្ញុំមិនយល់ស្របនឹងគាត់។ ខ្ញុំចាប់ផ្ដើមតាមដានគាត់ ព្រោះឆ្ងល់ថា អ្នកប្រវត្តិសាស្ត្រមួយរូប ដែលនិយាយប្រវត្តិសាស្ត្រ ដោយហេតុផល ក្នុងជំហរជាតិ ហេតុអ្វីគាំទ្ររឿងបែបនេះងាយៗម្ល៉េះ? ចាប់ពីពេលនោះមក គាត់ហាក់ស្ងាត់ច្រើនពីការអត្ថាធិប្បាយអំពីប្រវត្តិសាស្ត្រសង្គម។ ការស្ងាត់របស់គាត់ អាចមានមូលហេតុបញ្ហាសុខភាព ឬក៏អាចមានសម្ពាធការងារណាដែលគេបង្ខំឲ្យធ្វើ ប៉ុន្តែគាត់ពិបាកសម្រេចចិត្ត ពីព្រោះខុសឆន្ទៈពិតរបស់គាត់ ហើយក៏ដកឃ្លានៅស្ងៀមសិន។ គាត់ស្ងាត់មួយរយៈ ក៏ស្លាប់។ ខ្ញុំមិនច្បាស់បែបណាទេ តែសរសេរក្នុងរបៀបពិចារណា និងសូមចែករំលែកគំនិតសម្រាប់បងប្អូនជួយគិតវែកញែក“ ។

លោកគឹម សុខ បន្តថា “យូរឆ្នាំមកហើយ មានសាស្ត្រាចារ្យប្រវត្តិសាស្ត្រម្នាក់ (សុំមិនបញ្ចេញឈ្មោះ) ត្រូវគេសម្លាប់ ដោយសារគាត់បដិសេធសរសេរកាឡៃរឿងប្រវត្តិសាស្ត្រស្ដេចកន។ មានគេបង្ខំឲ្យគាត់តាក់តែងបំភ្លៃថា ស្ដេចកន មិនមែនជ្រែករាជ្យទេ ប៉ុន្តែជាវីរក្សត្រ។ គេឲ្យកែថា ស្ដេចកន មិនត្រូវបានកាត់កទេ ប៉ុន្តែបាត់បង់ជីវិតក្នុងពលិកម្មការពារជាតិ។ គេក៏ចង់ឲ្យពន្លេចគំនិតកាឡៃថា រាស្ត្រក៏អាចឡើងធ្វើស្ដេចបានដែរ បើមានគុណសម្បត្តិ។ សាស្ត្រាចារ្យរូបនោះ ដឹងខ្លួនថា ពុំមានសុវត្ថិភាពរស់នៅក្នុងប្រទេស គាត់ក៏ប្រញាប់ប្រមូលលក់ទ្រព្យ នាំគ្រួសារភៀសខ្លួនចេញ។ គេដឹងថា គាត់រៀបផែនការគេចចេញពីកម្ពុជា គេក៏បញ្ចប់គាត់មុន។ ភារកិច្ចសរសេរកាឡៃរឿងប្រវត្តិសាស្ត្រស្ដេចកន ក៏ធ្លាក់ទៅលើលោកសាស្ត្រាចារ្យ រស់ ចន្រ្តាបុត្រ។ គាត់ព្រមនិពន្ធកែអត្ថន័យប្រវត្តិសាស្ត្រ ដើម្បីរស់ជីវិត។ ក្រោយពី រស់ ចន្រ្តាបុត្រ តាក់តែរឿងថ្មី លើកតម្កើងស្ដេចកន មនុស្សមួយក្រុម បានធ្វើចលនាបំផុសតាមរឿងនិពន្ធថ្មីនេះ រួមទាំងសង់រូបសំណាកស្ដេចកន មុខដូចបុរសខ្លាំងម្នាក់ផង។ តើអាចមានដំណើររឿងស្រដៀងគ្នានេះ កើតមានចំពោះលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ដែរឬទេ? ជាឧទាហរណ៍ តើអាចទេ ដែលមានគេបង្ខំឲ្យគាត់កាឡៃរឿងភាសាវៀតណាម ភ្ជាប់ភាសាខ្មែរ ពេលវៀតណាម ប្រឹងផ្សាយបំភ័ន្តពិភពលោកថា ភាសាគេ មានដើមកំណើតអំបូរជាមួយភាសាខ្មែរ ឬក៏បង្ខំឲ្យគាត់និពន្ធរឿងប្រៀបស្ដេចកន បច្ចុប្បន្ន ទៅនឹងព្រះបាទជយវរ្ម័នទី៧? “ ។

លោកគឹម សុខ បន្តទៀតថា “ស្ដេចកន សព្វថ្ងៃ ត្រូវការជាចាំបាច់ណាស់ នូវឈ្មោះរបស់បុគ្គលល្បី ដែលសង្គមគោរព ដូចលោកសំបូរ មាណ្ណារ៉ា ឲ្យកាឡៃរឿងណាមួយ ដើម្បីបំភ័ន្ដពលរដ្ឋ។ តើអាចទេ ដែលគាត់បង្ហាញសញ្ញាបដិសេធ ហើយក៏ត្រូវគេអញ្ជើញជប់លៀងស្រាល្អ តែល្អ គាត់ក៏ធ្លាក់ខ្លួនឈឺ ស្លាប់ … ? មតិខ្លះ ដែលខ្លះ គឺអ្នកដែលស្គាល់គាត់ជិតដិត អះអាងថា បន្ទាប់ពីឡើងជាទីប្រឹក្សាលោកហ៊ុន សែន លោកសាស្ត្រាចារ្យប្រវត្តិសាស្ត្រ សំបូរ មាណ្ណារ៉ា រងសម្ពាធផ្លូវចិត្ត និងធ្លាក់ខ្លួនឈឺ រហូតស្លាប់។ យ៉ាងណា មានមិត្តភក្ដិប្រាប់ខ្ញុំថា លោកសំបូរ មាណ្ណារ៉ា មានជំងឺមហារីកពោះវៀនធំ។ គាត់ត្រូវឆ្លងកាត់ការព្យាបាលបាញ់គីមីនៅថៃ ផង ហើយគាត់តស៊ូជម្នះជំងឺនេះ បួនឆ្នាំមកហើយ តែគាត់លាក់អំពីស្ថានភាពជំងឺ។ គឺកូនរបស់គាត់ប្រាប់ដូច្នេះ។ ខ្ញុំស្ដាយបុគ្គលមានចំណេះដូចលោកសាស្ត្រាចារ្យ។ បួងសួងសូមវិញ្ញាណក្ខន្ធរបស់លោក ទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ!“ ។

គួរបញ្ជាក់ដែរថា លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ដែលជាសាស្ត្រាចារ្យផ្នែកខេមរវិទ្យា និងប្រវត្តិសាស្ត្រខ្មែរ បានទទួលមរណភាព នៅវេលម៉ោង ៥និង៤០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤  ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។ សពរបស់លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ១ ផ្លូវ៥A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕ កុលបុត្រ

RELATED ARTICLES