Sunday, May 5, 2024
Homeព័ត៌មានអន្តរជាតិចិន ព្រមានពីព្យុះភ្លៀង បន្ទាប់ពីមានជំនន់ទឹកភ្លៀងនៅខេត្តក្វាងទុង

ចិន ព្រមានពីព្យុះភ្លៀង បន្ទាប់ពីមានជំនន់ទឹកភ្លៀងនៅខេត្តក្វាងទុង

ប្រទេសចិន ៖ ចិន ព្រមានពីព្យុះភ្លៀងកម្រិតខ្ពស់បំផុត នៅតំបន់ភាគខាងត្បូងប្រទេស បន្ទាប់ពីខេត្តក្វាងទុង (Guangdong) រងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឲ្យទឹកទន្លេហូរហៀរជន់លិចតំបន់ជាច្រើន តម្រូវឱ្យមានការជម្លៀសប្រជាជនរាប់សែននាក់។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ថា នៅថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធរចិន បានប្រ កាសអាសន្នព្យុះភ្លៀងពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុត នៅតំបន់ជាច្រើន ភាគខាងត្បូងនៃប្រទេស បន្ទាប់ ពីខេត្តក្វាងទុង ដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់របស់ប្រទេស ប្រឈមនឹងទឹកជំនន់ធំដោយសារភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ រហូតដល់ត្រូវជម្លៀសមនុស្សជាង ១១ម៉ឺននាក់ ទូទាំងខេត្ត។

ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ នៅក្នុងខេត្តក្វាងទុង ចាប់តាំងពីសប្តាហ៍មុន ធ្វើឱ្យទឹកក្នុងទន្លេ ជាច្រើន ហក់ឡើងរហូតដល់ហៀរច្រាំងទន្លេ និងធ្វើឱ្យមានការព្រួយបារម្ភអាចនាំឱ្យមានទឹកជំនន់ដ៏ធំ ដែលនឹងកើតឡើងម្តង ក្នុងរយៈពេល ១០០ឆ្នាំ។ មានសេចក្តីរាយការណ៍ថា មនុស្ស ៤នាក់ បានស្លាប់ និង១០នាក់ផ្សេងទៀតបាត់ខ្លួន ។ទីក្រុងសិនចិ (Shenzhen) ភាគខាងត្បូងនៃខេត្តក្វាងទុង គឺជាតំបន់មួយក្នុងចំណោមតំបន់ ដែលជាកន្លែងដែលការព្រមានអំពីព្យុះភ្លៀងកម្រិតខ្ពស់បំផុត ហើយកំពុងប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង ។ កាលពីថ្ងៃទី២៣ ខែមេសាឆ្នាំ២០២៤ ក្រុមសង្កេតការណ៍ឧតុនិយម របស់ទីក្រុងបានព្រមានថា មាន “ហានិភ័យខ្ពស់” នៃទឹកជំនន់ភ្លាមៗ។

ទោះយ៉ាងណាក៏ដោយ ការិយាល័យសង្កេតការណ៍ បានឲ្យដឹងថា កម្រិតប្រកាសអាសន្នអាកាសធាតុ ត្រូវបានថយចុះ ដោយសារតែខ្យល់ព្យុះកំពុងចុះខ្សោយ ប៉ុន្តែគេរំពឹងថា ភ្លៀងនឹងបន្តធ្លាក់ ហើយត្រូវបានជំរុញឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយដែលអាចកើតឡើង។

សម្រាប់ទីក្រុងឈីងយួន (Qingyuan) ភាគខាងជើងនៃខេត្តក្វាងទុង ដែលប្រឈមនឹងទឹកជំនន់ និងត្រូវជម្លៀសមនុស្សជាង ៤៥ ០០០នាក់ ចាប់តាំងពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤  ដោយសារតែទន្លេប៉ី ដៃទន្លេនៃទន្លេគជ់ បានហៀរច្រាំងទន្លេ ដែលថ្មីៗនេះ កម្ពស់ទឹកក្នុងទន្លេនេះនៅតែខ្ពស់ជាងធម្មតា។

នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ កប៉ាល់ដឹកបន្ទះដែកទម្ងន់ជិត ៥០០០តោន បានធ្លាក់ចូលស្ពានជីវជាំង (Jiujiang) នៅទីក្រុងហ្វូសាន (Foshan) នៅក្នុងខេត្តក្វាងទុង ភាគកណ្តាលបានបណ្តាលឲ្យសមាជិកនាវិក ១១នាក់ ធ្លាក់ចូលក្នុងទឹក តែត្រូវបានជួយសង្គ្រោះ ៧នាក់ហើយនៅសល់ ៤នាក់ទៀតបាត់ខ្លួន ។

បម្រែបម្រួលអាកាសធាតុ ពីការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលបង្កឡើងដោយមនុស្ស ជាលទ្ធផលធ្វើឲ្យតំបន់ជាច្រើននៃពិភពលោក ជាពិសេសប្រទេសចិន ប្រឈមមុខនឹងស្ថានភាពអាកាសធាតុញឹកញាប់ និងធ្ងន់ធ្ងរ។ តំបន់ជាច្រើននៃខេត្តក្វាងទុង មិនដែលជួបប្រទះនឹងទឹកជំនន់ធ្ងន់ធ្ងរបែបនេះទេ៕

RELATED ARTICLES