Saturday, May 11, 2024
Homeសង្គម និងជីវិតអ្នកតាប្រាក់យាយមាស ប្រាប់លេខឆ្នោតឆុត

អ្នកតាប្រាក់យាយមាស ប្រាប់លេខឆ្នោតឆុត

កំពង់ស្ពឺៈ អាស្រមអ្នកតាប្រាក់យាយមាស ជាប្តីប្រពន្ធ មានទីតាំងនៅភូមិត្រពាំងវែង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ តែងមានផ្សែងធូបហុយ ជះក្លិនក្រអូបមិនដែលដាច់ ដោយសារអ្នកស្រុកចូលទៅអុជបន់ស្រន់សុំលេខឆ្នោត។

លោករឿន រ័ត្ន អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំដូចខាងលើ បានឱ្យដឹងថា ទីទួលអ្នកតា គឺជាទួលអង្គបុរាណ មិនដែលមានអ្នកណាទៅរំលោភបំពាននោះទេ ដោយមានផ្ទៃដីទំហំជាង១ហិកតារ។ លោកតាប្រាក់លោកយាយមាស ពូកែស័ក្តិសិទ្ធិណាស់ ពីរឿងជួយកូនចៅឱ្យបានជាសះស្បើយពីជំងឺតម្កាត់ ប៉ុន្តែ សព្វថ្ងៃ អ្នកតាអ្នកដូនប្តីប្រពន្ធនេះកំពុងល្បីខ្លាំង ពីរឿងប្រាប់លេខឆ្នោតឆុត។ បើអ្នកមាននិស្ស័យ ប្រព្រឹត្តសុចរិតទៀងត្រង់ ក្រពេក ក៏ចូលទៅអុជធូបទៀនបន់ សុំលេខឆ្នោតនោះ យប់ឡើងអ្នកតាប្រាក់ នឹងទៅពន្យល់សប្តិមិនខាន ជួនកាលអ្នកតាមិនបានទៅ ក៏ប្រើយាយមាស ជាប្រពន្ធឱ្យទៅប្រាប់លេខឆ្នោត ដល់អ្នកបន់នោះមិនខាន។ រូបលោកក៏ក្រដែរ ធ្លាប់បន់អ្នកតាអ្នកដូនសុំលេខឆ្នោត ស្រាប់តែយប់ឡើងឃើញស្ត្រីចាស់ម្នាក់ ស្លៀកសំពត់ចងក្បិន ទៅប្រាប់ថា គាត់មានអាយុ៨២ឆ្នាំហើយ លុះដល់លោកចាក់លេខ៨២ ក៏ត្រូវបានដើម៥០០០រៀល គ្រាន់ទិញអង្ករច្រកឆ្នាំងដែរ។ ឯអ្នកភូមិម្នាក់ទៀតក្រណាស់ ស្រាប់តែយប់ឡើង មានតាចាស់ម្នាក់ យកម៉ូតូ១គ្រឿង ទៅឱ្យ ពាក់ស្លាកលេខ៩៩៨ លុះគាត់ចាក់លេខ៩៩៨ ប្រាក់ដើម២០០០រៀល ក៏ត្រូវម៉ាច់ បានលុយទិញកង់១គ្រឿង ឱ្យកូនស្រីជិះទៅរៀន។

លោកយាយម៉ុល វ៉ាន់ អាយុ៧០ឆ្នាំ បានឱ្យដឹងថា ប្រវត្តិលោកតាប្រាក់យាយមាស ជាគូស្វាមីភរិយានោះ តាំងពីគាត់កើតមកឃើញតែអ្នកស្រុកគោរពបូជា សូម្បីតែម៉ែឪគាត់ក៏គោរពកោតខ្លាចអ្នកតាអ្នកដូន ហ្នឹងដែរ។ កន្លងមក បើមានខ្មោចព្រៃ ឬខ្មោចម្រឹត្យូវចូលខ្លួនមនុស្ស ដើម្បីអន្ទងព្រលឹងទៅចងកសម្លាប់ខ្លួននោះ ឱ្យតែបានបន់ស្រន់អ្នកតាប្រាក់យាយមាស ច្បាស់ជាខ្មោចអំបល់ចង្រៃកាឡកិណីនោះ រត់ចេញពីខ្លួនជន រងគ្រោះមិនខាន ព្រោះខ្មោចព្រៃ វាខ្លាចអ្នកតាចាស់ស្រុកចាប់ឃុំខ្លួន។ ជារៀងរាល់ថ្ងៃ តែងតែមានអ្នកត្រូវឆ្នោតកន្ទុយលេខយកតង្វាយផ្សេងៗ ដូចជា ក្បាលជ្រូក មាន់ស្ងោរ ចេកទុំនំផ្អែម ទៅសែនថ្វាយលាមាត់លាពាក្យ មិនដែលដាច់។

លោករឿន រ័ត្ន បង្ហាញអាស្រមតាប្រាក់យាយមាស

លោកតាអ៊ឹម សាត អាយុ៧៥ឆ្នាំ បានឱ្យដឹងថា អ្នកតាប្រាក់យាយមាស ជាចាស់ស្រុក តាំងពីបុរាណមក ដែលគាត់ធំដឹងក្តីមក ឃើញតែកន្លែងហ្នឹងមានគេគោរពបូជា។ ពីមុនមានតែខ្ទមឈើតូចមួយទេ តែដោយសារអ្នកតាអ្នកដូនជួយប្រាប់លេខឆ្នោតឆុត ទើបអ្នកចាក់ត្រូវនោះ ដឹងគុណ នាំគ្នាកសាងអាស្រមថ្មថ្វាយ បានទាំងសង់រោងប​ណ្យុ ទិញកៅអីថ្ម ដាក់ទៀតផង។ អ្នកភូមិនេះ មិនហ‘នាទៅកាប់ឈើ ឬរើសអុសងាប់ក្នុងព្រៃអ្នកតានេះទេ ព្រោះកន្លងមក អ្នកទៅកាប់ឈើ រើសអុស ត្រូវអ្នកតាកាច់ឱ្យចុក ពោះប្រកាច់ប្រកិន ទាល់តែរៀបសំណែនថ្វាយ ទើបជាសះស្បើយវិញ។

លោកតាជាង ឃ្លាំង អាយុ៧៣ឆ្នាំ បានឱ្យដឹងថា អ្នកតាប្រាក់យាយមាស ពីរនាក់ប្តីប្រពន្ធហ្នឹង ល្បីល្បាញជាងគេអារឿងឱ្យលេខឆ្នោតហ្នឹង តាំងពីសង្គមចាស់មក។ អ្នកភូមិនេះ ខ្លះសង់ផ្ទះបានធំ ដោយសារតែ ចាក់ឆ្នោតត្រូវតាមលេខដែលអ្នកតាប្រាប់ ជាក់ស្តែង លោកតាម្នាក់ ឈ្មោះឈន បានផ្ទះធំទ្រនំខ្ពស់ដោយសារ ត្រូវឆ្នោតអាលេខធំ។

គួរបញ្ជាក់ថា គ្មានសមត្ថកិច្ចឯណាហ៊ានទៅបង្ក្រាបអ្នកតានោះទេ សូម្បីដើរពីមុខខ្ទម ក៏សឹងតែមិនហ៊ានផង វៀរលែងតែកងឈ្លបប៉ុល ពត ដែលហ៊ានវាយកម្ទេចអាស្រមអ្នកតា ហើយទីបំផុត បានត្រឹមវិនាស។ ដូច្នេះបើប្រជាពលរដ្ឋរស់ក្នុងសុខសន្តិភាព ខ្លះអផ្សុកពេក អត់ការងារធ្វើ ក៏នាំគ្នាលេងបៀអាប៉ោង កន្ទុយលេខ យ៉ាងនេះទៅ។ ឯអ្នកតា បើកូនចៅទៅបន់ ក៏ចេះតែប្រាប់អីចឹងទៅ ក្រែងគេចាក់ត្រូវ ដឹងគុណ បានមាន់ស្ងោរ ក្បាលជ្រូកឆ្ងាញ់មាត់៕

RELATED ARTICLES