Tuesday, May 7, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកំពុងដេកលក់ ភ្លើងឆេះផ្ទះ ប្តីប្រពន្ធរលាកខ្លួន កូនសន្លប់

កំពុងដេកលក់ ភ្លើងឆេះផ្ទះ ប្តីប្រពន្ធរលាកខ្លួន កូនសន្លប់

ភ្នំពេញ ៖ ជនជាតិហ្វីលីពីន មួយគ្រួសារ មានសមាជិកសរុប ចំនួន១៣នាក់ កំពុងដេកលង់លក់នៅក្នុងផ្ទះ ចំនួន២ល្វែងជាប់គ្នា ស្រាប់តែពាក់កណ្តាលអធ្រាត្រ កើតមានហេតុការណ៍គ្រោះអគ្គិភ័យ ឆាបឆេះផ្ទះយ៉ាងសន្ធោ សន្ធៅ បណ្តាលឱ្យរងការខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន ឯម្ចាស់ផ្ទះ ២នាក់ប្តីប្រពន្ធ ត្រូវភ្លើងឆេះរលាកខ្លួនប្រាណ និងដៃជើង យ៉ាងធ្ងន់ ចំណែកកូនប្រុសអាយុ៦ឆ្នាំ ឈ្លក់ផ្សែងរហូតដល់សន្លប់ តែសំណាងល្អ ត្រូវបានសង្គ្រោះចេញមកក្រៅ ដោយសុវត្ថិភាព។ ដោយឡែកសមាជិក១០នាក់ផ្សេងទៀត រងរបួសបន្តិចបន្តួច។ហេតុការណ៍អគ្គិភ័យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ១២-១៤ ផ្លូវ១៦ បុរីពិភពថ្មីឈូកវ៉ា២ ស្ថិតក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះជាជនជាតិហ្វីលីពីន មួយគ្រួសារ មានសមាជិកសរុបចំនួន ១៣នាក់ (ប្រុស៣ ស្រី១០) ក្នុងនោះបុរសជាប្តី មានឈ្មោះរ៉ូ លីន អាយុ៤៥ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធ ឈ្មោះស៊េន នី អាយុ៤០ឆ្នាំ មានកូនចំនួន៤នាក់ (ប្រុស២ ស្រី២) ក្នុងនោះកូនប្រុសដែលឈ្លក់ផ្សែងភ្លើងសន្លប់ មានអាយុ៦ឆ្នាំ ដោយឡែកនារីចំនួន ៧នាក់ទៀត ត្រូវជាប្អូន និងក្មួយ រស់នៅផ្ទះកើតហេតុជុំគ្នា។

តាមប្រភពអ្នកបកប្រែភាសា បានឱ្យដឹងថា ខណៈដែលជនរងគ្រោះជាម្ចាស់ផ្ទះកំពុងដេកសម្រាកលក់ ស្រាប់តែឮសំឡេងផ្ទុះត្រង់ប្រអប់ភ្លើង នៅផ្នែកខាងក្រោម រួចក៏កើតមានអណ្តាតភ្លើងឆាបឆេះ រាលដាលពេញក្នុងផ្ទះតែម្តង បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ ម៉ូតូ ចំនួន២គ្រឿង កង់ ចំនួន៣គ្រឿង សាឡុង ពិតាន សម្ភារៈផ្សេង ទៀត នៅជាន់ក្រោម និងបណ្តាលឱ្យមនុស្សរងរបួសធ្ងន់ ចំនួន៣នាក់ (ប្តីប្រពន្ធរលាកខ្លួនប្រាណ និងដៃជើង) ចំណែកកូនប្រុសអាយុ៦ឆ្នាំម្នាក់ ឈ្លក់ផ្សែង បណ្តាលឱ្យសន្លប់។ ដោយឡែក សមាជិកគ្រួសារចំនួន ១០នាក់ ផ្សេងទៀត គ្រាន់តែរងរបួសបន្តិចបន្តួចប៉ុណ្ណោះ។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ ត្រូវបានរថយន្តពន្លត់អគ្គិភ័យរបស់បុរី ចេញទៅជួយបាញ់ពន្លត់ភ្លើង និងអ្នកជិតខាង ប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងទុយោទឹក បាញ់ពន្លត់ភ្លើងឱ្យរលត់ទៅវិញ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធដែលត្រូវភ្លើងឆេះរលាករបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកសែនសុខ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ។ ចំណែកកូនប្រុសអាយុ៦ឆ្នាំ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា៕

RELATED ARTICLES