Monday, May 6, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបក្រុមកា...ប់...ប្លន់ចិត្តតាន់ វ៉ៃខ្នោះ៤នាក់

បង្ក្រាបក្រុមកា…ប់…ប្លន់ចិត្តតាន់ វ៉ៃខ្នោះ៤នាក់

ភ្នំពេញ ៖ ក្មេងទំនើង១ក្រុមដែលតែងបង្កហិង្សា និងជាមុខសញ្ញាប្លន់ទ្រព្យសម្បត្តិយ៉ាងសកម្ម មានរហស្សនាម “ចិត្តតាន់ JT” ដែលបានធ្វើសកម្មភាពកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤កន្លងទៅ នៅចំណុចផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យជនរងគ្រោះ ៣នាក់រងរបួស ត្រូវបានកម្លាំងសមត្ថ កិច្ចជំនាញ បើកប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួនបានចំនួន៤នាក់។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

តាមប្រភពសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា ក្រុមជនសង្ស័យដែលមានរហស្សនាម “ចិត្តតាន់ JT” ខាងលើនេះ មានគ្នាសរុបប្រមាណ ៤០នាក់ បានធ្វើសកម្មភាពព្រួតវាយលើជនរងគ្រោះបណ្តាលឱ្យរងរបួស និងខូចខាតម៉ូតូ ១គ្រឿង ព្រមទាំងប្លន់យកកាបូបលុយ និងទូរស័ព្ទ ១គ្រឿងទៀតផង ដោយជនរងគ្រោះក្នុងហេតុការណ៍នេះ មានចំនួន៣នាក់ រួមមាន ទី១-ឈ្មោះឆន ប៊ុនធឿន អាយុ២៣ឆ្នាំ ទី២-ឈ្មោះនួន លីន ភេទស្រី អាយុ២១ឆ្នាំ និងទី៣-ឈ្មោះស៊ាង សាត អាយុ១៦ឆ្នាំ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឱ្យដឹងថា ក្រុមពួកគេ មានរហស្សនាម “ចិត្តតាន់ JT” រស់នៅម្តុំតារាងបាល់ DP ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ហើយនៅថ្ងៃកើតហេតុ ពួកគេបាននាំគ្នាជិះម៉ូតូចេញពីមុខវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ បំណងទៅវាយសងសឹកទៅលើក្រុមក្មេងទំនើងឈ្មោះ “ផ្សារហ្គ្រេនឈូកស្លុយ” ដែលរស់នៅម្តុំផ្សារព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដែលធ្លាប់ឈ្លោះគ្នាជាមួយក្រុមជនសង្ស័យកន្លងមក។ពេលក្រុមពួកខ្លួន នាំគ្នាជិះម៉ូតូមកតាមផ្លូវ ក៏បានឃើញដងឆត្ររបស់ប្រជាពលរដ្ឋទុកនៅមុខផ្ទះ ទើបឈប់ម៉ូតូលួចយកដំបងដែកមូល (ដងឆត្រ) ប្រវែងប្រហែល២ម៉ែត្រ ជា បន្តបន្ទាប់ បានចំនួនប្រហែល ១០ដើម មកកាន់នៅដៃ ទុកធ្វើជាអាវុធសម្រាប់វាយទៅលើក្រុមឈ្មោះ “ផ្សារហ្គ្រេនឈូកស្លុយ” ដោយជនសង្ស័យឈ្មោះស្រស់ ចាន់រ៉ាយុទ្ធ កាន់ដងឆត្រ ចំនួន១ដើមដែរ។

ជនសង្ស័យបន្តថា លុះដល់វេលាម៉ោងកើតហេតុ ពួកគេនាំគ្នាជិះម៉ូតូមកដល់ចំណុចកើតហេតុ ក៏បានឃើញជនរងគ្រោះទាំងបីនាក់ មានឈ្មោះឆន ប៊ុនធឿន ឈ្មោះនួន លីន និងឈ្មោះស៊ាង សាត កំពុងជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ទឹកមាស ស៊េរីឆ្នាំ២០១៩ ឌដឹកគ្នា គិតថាជាក្រុមក្មេងទំនើងឈ្មោះ “ផ្សារហ្គ្រេនឈូកស្លុយ” ដែលធ្លាប់ឈ្លោះគ្នាជាមួយក្រុមគេ ក៏នាំគ្នាជិះម៉ូតូទៅដេញបុកម៉ូតូជនរងគ្រោះឱ្យដួលតែម្តង។ ពេលនោះជនរងគ្រោះជាប្អូន ឈ្មោះស៊ាង សាត បានរត់គេចខ្លួនចូលផ្ទះប្រជាពលរដ្ឋបាត់ នៅសល់តែជនរង គ្រោះឈ្មោះឆន ប៊ុនធឿន ហើយឈ្មោះនួន លីន បានរត់ទៅពួននៅជិតតូបក្បែរនោះ ក៏ត្រូវក្រុមជនសង្ស័យព្រួតគ្នាយកដំបងដែកមូល (ដងឆត្រ) ព្រួតគ្នាវាយលើជនរងគ្រោះ និងប្លន់យកកាបូបប្រាក់ ទាំងពីរនាក់ អស់ប្រាក់សរុបចំនួន ៤៥ម៉ឺនរៀល និងទូរស័ព្ទដៃ ចំនួន១គ្រឿង ហើយឈ្មោះស្រស់ ចាន់រ៉ាយុទ្ធ និងបក្ខពួក បានយកដំបងដែកមូល (ដងឆត្រ) នាំគ្នាវាយម៉ូតូរបស់ជនរងគ្រោះ បណ្តាលឱ្យរងការខូចខាតទាំងស្រុង ហើយជនសង្ស័យនាំគ្នាជិះម៉ូតូ គេចខ្លួនបាត់អស់។

ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES