Tuesday, May 7, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានទំនើប មកប្លុងចោល៣យប់៣ថ្ងៃ

បើកឡានទំនើប មកប្លុងចោល៣យប់៣ថ្ងៃ

ភ្នំពេញ ៖ រថយន្តទំនើប ១គ្រឿង មិនដឹងថាមានបញ្ហាអ្វី ស្រាប់តែត្រូវអ្នកបើកបរជាជនជាតិចិន បើកយកទៅចតទុកចោលតាមដងផ្លូវ អស់រយៈពេលជាច្រើនយប់មកហើយ មិនឃើញម្ចាស់ទៅយកចេញវិញ រហូតដល់ប្រជា ពលរដ្ឋមានការសង្ស័យ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យមើល។

រថយន្តដែលត្រូវម្ចាស់បើកយកមកប្លុងចោល ម៉ាក MERCEDES BENZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BY-7726 ត្រូវបានប្លុងចោលនៅលើដងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បើគិតមកដល់ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ មានរយៈពេល ៣យប់៣ថ្ងៃមកហើយ មិនឃើញម្ចាស់ទៅយកចេញ មិនដឹងថារថយន្តខូច ឬមានបញ្ហាអ្វីនោះឡើយ។

តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាទៀបភ្លឺថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ គេឃើញបុរសជាជនជាតិចិនម្នាក់ បានបើករថយន្ត ១គ្រឿង ម៉ាក MERCEDES BENZ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 2BY-7726  ក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ត្រង់ចំណុចខាងលើ បានឈប់ចតនៅលើចិញ្ចើមផ្លូវ មិនដឹងថាខូច ឬមានបញ្ហាអ្វី មួយសន្ទុះក្រោយមក បុរសជនជាតិចិននោះ បានដើរចាកចេញទៅបាត់។ គិតមកដល់ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ មានរយៈពេល៣ថ្ងៃហើយ មិនឃើញជនជាតិចិននោះ ឬម្ចាស់រថយន្ត មកយករថយន្តចេញវិញនោះទេ។

ដោយមានការសង្ស័យ និងចៀសវាងកើតមានបញ្ហាផ្សេង ឬបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ព្រោះរថយន្តចតឈប់លើចិញ្ចើមផ្លូវ ទើបប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ដើម្បីមានវិធានការ លើកដាក់កៀន ឬស្រាវជ្រាវស្វែងរកម្ចាស់ មកយករថយន្តចេញពីលើផ្លូវជាតិ៕

RELATED ARTICLES