Thursday, May 9, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសំណុំរឿងចេញសែកស្អុយ ២៤ម៉ឺនដុល្លារ តុលាការប្រកាសសាលក្រម ថ្ងៃ១០ឧសភា

សំណុំរឿងចេញសែកស្អុយ ២៤ម៉ឺនដុល្លារ តុលាការប្រកាសសាលក្រម ថ្ងៃ១០ឧសភា

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានលើកយកសំណុំរឿងព្រហ្មទណ្ឌមួយ ពាក់ព័ន្ធអតីតថៅកែហាងអាយឃ្យូសាច់អាំង មូកាថៈ ជ្រោយចង្វាម្នាក់ ជាប់ចោទពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញស្អែកស្អុយ ជាង ២៤មឺនដុល្លារ) មកបើកសនាការ ដើម្បីផ្តន្ទទោសលើជនត្រូវចោទ ដោយសម្រេចប្រកាសសាលាក្រម នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

សវនាការនេះ ជាសវនាការសាធារណៈ ដឹកនាំដោយលោកឆែ វិវឌ្ឍនៈ ចៅក្រមជំនុំជម្រះ និងលោកប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ “ជំនួសលោកវ៉ិត មឃៈ ព្រះរាជអាជ្ញារងកាន់សំណុំរឿងជាប់រវល់”។ ចំពោះមុខជនត្រូវចោទ និងមេធាវីការពារក្តីឱ្យភាគីដើមបណ្តឹង និងមេធាវីការពារក្តីឱ្យចុងចចម្លើយ។

សវនាការបានបញ្ជាក់អំពីសិទ្ធិរបស់ជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណី ១-សិទ្ធិបង្ហាញភ័ស្តុតាង សំអាងសាក្សី និងសំណូមពរផ្សេងៗ។ ២-សិទ្ធិបដិសេធចៅក្រមជំនុំជម្រះ និង៣-សិទ្ធិការពារខ្លួនដោយខ្លួនឯង ឬសុំមេធាវីការពារឬអ្នកដទៃណាមួយផ្សេងទៀត។

ជុំវិញអង្គហេតុដែលនាំឱ្យសាលាដំបូងរាជធានីភ្នំពេញ លើកយកមកបើកសវនាការនាពេលនេះគឺ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ភាគីជនរងគ្រោះ ដែលបានបញ្ជាក់ថា ឈ្មោះតាន់ ប៉ូទាន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាពាណិជ្ជករ ស្នាក់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា បានប្តឺងទៅលើឈ្មោះ ចន រស្មី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាមន្ត្រីនគរបាលជាតិ និងអតីតជាថៅកែហាង អាយឃ្យូ សាច់អាំង មូកាថៈ ជ្រោយចង្វា ស្នាក់ផ្លូវលេខ៥៩៨ បុរីជីបម៉ុង សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តកាល ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន។

ដើមចមកាលពីឆ្នាំ២០១៩ និងក្នុងឆ្នាំ២០២២ ឈ្មោះ ចន រស្មី បានទៅខ្ចីប្រាក់ពីដើមបណ្តឹងចំនួន ២៤ម៉ឺន ៤៣០០ដុល្លារ ដើម្បីយកទៅពង្រីកមុខរបររកស៊ី ដោយបានចេញមូលប្បទានបត្រលេខ ១២៧៩១៦ មួយសន្លឹក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ដែលមានទឹកប្រាក់ចំនួន ២៤៤ ៣០០ដុល្លារ របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ឱ្យទៅម្ចាស់បំណុល ដើម្បីទុកសម្រាប់បើកប្រាក់។

លុះដល់ថ្ងៃកំណត់ ជនរងគ្រោះបានយកមូលទានបត្រនោះទៅបើកយកប្រាក់ ស្រាប់តែខាងធនាគារបញ្ជាក់ថា មូលប្បទានបត្រនេះពុំមានសាច់ប្រាក់ទេ ពោលគឺ “សែកស្អុយ”។ បន្ទាប់ពីដឹងថា មូលប្បទានបត្រគ្មានសាច់ ប្រាក់ ជនរងគ្រោះបានទំនាក់ទំនងទៅឈ្មោះ ចន រស្មី ដើម្បីប្រាប់សាច់រឿងដែលបានចេញសែកស្អុយមួយសន្លឹកនោះ មិនមានទឹកប្រាក់ក្នុងគណនី តែបែជាឈ្មោះ ចន រស្មី មិនទទួលខុសត្រូវសងប្រាក់ទៅដើមបណ្តឹង ថែមទាំងគេចវេះ និងចេះតែសុំពន្យារពេលរហូត។ បន្ទាប់មកទៀត ជនរងគ្រោះបានទទួលដំណឹងថា ឈ្មោះ ចន រស្មី និងប្រពន្ធ ទទួលបានទិដ្ឋការទៅលេងនិងទៅរស់នៅប្រទេសអូស្តាលី ដូច្នេះហើយទើបដើមបណ្តឹង មិនសុខចិត្ត ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងចូលទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំឱ្យជួយរកយុត្តិធម៌ ដោយសំណូមពរ ១-សុំបង្គាប់ឱ្យឈ្មោះ ចន រស្មី ប្រគល់ប្រាក់ចំនួន ២៤៤ ៣០០ដុល្លារ ឱ្យមកដើមបណ្តឹងរដ្ឋប្បវេណីវិញ។ ២-ទាមទារសំណងការខូចខាត និងថ្លៃសេវាកម្មច្បាប់ ចំនួន ២០ ០០០ដុល្លារ។ ៣-សុំឱ្យច្បាប់ឃាត់ខ្លួននិងធ្វើការចោទប្រកាន់លើឈ្មោះ ចន រស្មី បញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់។

ក្រោយពីទទួលបាមពាក្យបណ្តឹងរបស់ជនរងគ្រោះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យឈ្មោះ ចន រស្មី ចូលខ្លួន ដើម្បីបំភ្លឺលើពាក្យបណ្តឹងចោទប្រកាន់នេះ ជាច្រើនលើក ប៉ុន្តែជនសង្ស័យមិនព្រមចូលខ្លួន ទើបតំណាងអយ្យការអមសាលាដំបូងសម្រេច ធ្វើការចោទប្រកាន់សំណុំរឿង និងចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធី។

បន្ទាប់មកទៀត ចៅក្រមស៊ើបសួរ បានចេញដីកាបង្គាប់ឱ្យសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នាំខ្លួនជនសង្ស័យ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ហើយជនសង្ស័យត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារ ព្រៃស ចាប់ពីពេលនោះមក។ សវនាការបានធ្វើការសាកសួរដេញដោលរហូត ដល់សម្រាក ទើបចៅក្រមជនុំជម្រះបានសម្រេច លើកពេលប្រកាសសាលក្រម ទៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ៕

RELATED ARTICLES