Thursday, May 9, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ឡានដឹកខ្សាច់រអិលថយក្រោយ បុ...ក...ឡាន៣គ្រឿង របួ...ស...៨នាក់

 ឡានដឹកខ្សាច់រអិលថយក្រោយ បុ…ក…ឡាន៣គ្រឿង របួ…ស…៨នាក់

ខេត្តកំពង់ស្ពឺ ៖ រថយន្តបែនដឹកខ្សាច់ ១គ្រឿង បើកឡើងចំណោតមិនរួច រអិលថយក្រោយ បុករះរថយន្ត ៣ គ្រឿង បណ្តាលឱ្យក្រឡាប់ និងធ្វើឱ្យរងរបួសមនុស្សចំនួន៨នាក់ (ស្រី៦)។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ១០២-១០៣ ត្រង់ចំណុចចំណោតលោកយាយម៉ៅ ស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា រថយន្តបង្កហេតុ ម៉ាកនីសសាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ខេមរភូមិន្ទ០១ ៣-១៩០២ ជារថយន្តដឹកខ្សាច់ អ្នកបើកបរបានគេចខ្លួនបាត់ ក្រោយកើតហេតុ បានបើកពីលិច ទៅកើត ដល់ចំណុចកើតហេតុ ឡើងចំណោតលោកយាយម៉ៅ តែឡើងមិនរួច ស្រាប់តែរអិលថយក្រោយ ទៅបុករថយន្ត ធុនធំ ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 3F-1038 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-7230 ដែលបើកពីលិច ទៅកើត ហើយរថយន្តបង្កហេតុបន្តទៅបុករថយន្តសាំងយ៉ុង ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-3497 ជារថយន្តតាក់ស៊ី បើកបរដោយឈ្មោះធូ បូរ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានលំនៅ ភូមិអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដឹកមនុស្ស ១៦នាក់ (ស្រី១៥) ហើយរថយន្តសាំងយ៉ុង ខ្ទាតទៅប៉ះរថយន្តកូរ៉េ ១គ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-9308។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលឱ្យរថយន្តបង្កហេតុក្រឡាប់ផ្ងារជើង ចាក់ខ្សាច់ចោលរាយប៉ាយពេញផ្លូវ អ្នកធ្វើដំណើរតាមរថយន្តសាំងយ៉ុង រងរបួសចំនួន៨នាក់ (ធ្ងន់៤) រួមមាន ៖ ទី១-ឈ្មោះនាក់ មឿន ភេទស្រី អាយុ៦៨ឆ្នាំ។ ទី២-ឈ្មោះពេជ្រ សំអ៊ន ភេទប្រុស អាយុ២៧ឆ្នាំ។ ទី៣-ឈ្មោះធូរ សាវ៉ាណា ភេទស្រី អាយុ១៣ឆ្នាំ និងទី៤-ឈ្មោះអ៊ី សារិន ភេទស្រី អាយុ៦៥ឆ្នាំ។ ចំណែកអ្នករងរបួសស្រាល ចំនួន៤នាក់ រួមមាន ទី១-ឈ្មោះខៃ មុន្នី ភេទស្រី អាយុ១៩ឆ្នាំ។ ទី២-ឈ្មោះនិន ធូរ ភេទប្រុស អាយុ២៩ឆ្នាំ។ ទី៣-ឈ្មោះឃ្លាំង ខន ភេទស្រី អាយុ៦៦ឆ្នាំ និងទី៤-ឈ្មោះសេក យ៉ុន ភេទស្រី អាយុ៦៦ឆ្នាំ។

អ្នករងរបួសទាំងអស់ ត្រូវបានរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។ ចំណែករថយន្ត មានរថយន្តកូរ៉េឃ្លុប មួយគ្រឿង ខូចខាតបន្តិចបន្តួច សុំមិនទាមទារសំណងទេ ហើយបើកចាកចេញទៅបាត់។ នៅសល់តែរថយន្តចំនួន ៣គ្រឿង រងការខូចខាតធ្ងន់ ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីដោះស្រាយតាមនីតិវិធី៕

RELATED ARTICLES