Wednesday, May 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម អ្នកកាសែតបើកឡានក្រឡាប់ ស្លា...ប់...១ រ...បួ...ស៣

 អ្នកកាសែតបើកឡានក្រឡាប់ ស្លា…ប់…១ រ…បួ…ស៣

ខេត្តរតនគិរី ៖ អ្នកសារព័ត៌មាន ១ក្រុម មានគ្នា៤នាក់ បានធ្វើដំណើរតាមរថយន្ត ១គ្រឿង លុះកំពុងបើកបរលើដងផ្លូវសុខៗ ស្រាប់តែរថយន្តបានរេចង្កូតក្រឡាប់ដោយខ្លួនឯង បណ្តាលឱ្យអ្នកសារព័ត៌មានម្នាក់ បានស្លាប់នៅនឹងកន្លែង ចំណែក៣នាក់ទៀត រងរបួសស្រាល ហើយក្នុងនោះ អ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួន នាំយកទៅសាកសួរ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅចំណុចមុខផ្ទាំងសូឡា ក្រុមហ៊ុនដូនពេញអាហ្គ្រីកូ (ចម្ការចេក) លើផ្លូវជាតិលេខ៧៦ ស្ថិតនៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកលំផាត់ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯងនេះ (បើកឡានក្រឡាប់ខ្លួនឯង) ដោយរថយន្តបង្កហេតុ ម៉ាកតូយ៉ូតា កាមរីហើម ពណ៌ស ពាក់ស្លាកលេខ ភ.ព២ ព-៦២៨៣ បើកបរដោយឈ្មោះម៉ន មករា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ខេម៉ាហតញូ មានស្រុកកំណើតនៅភូមិព្រៃបាស្រី ឃុំជីកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង មានលំនៅបច្ចុប្បន្ន ភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសស្រាលចុកទ្រូង)។ និងមានអ្នករួមដំណើរចំនួន៣នាក់ រួមមាន ទី១-ឈ្មោះអ៊ូន ថិន ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរអ្នកសារព័ត៌មានខេម៉ាហតញូ មានលំនៅ ភូមិស្រឡៅដំណាក់ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។ ទី២-ឈ្មោះណុប រ៉ាម៉ន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរអ្នកសារព័ត៌មានខេម៉ាហតញូ មានលំនៅ ភូមិគរ ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (រងរបួសស្រាល) និងទី៣-ឈ្មោះទឹម ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកសារព័ត៌មានស្មាក់ជាតិញូ មានលំនៅ ភូមិត្រពាំងឈូក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (រងរបួសស្រាល ពកក្បាលផ្នែកខាងក្រោយ)។

របាយការណ៍ដដែល បន្តថា មុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បើកបរក្នុងល្បឿនលឿន ធ្វើដំណើរក្នុងទិសដៅពីត្បូង ទៅជើង លុះមកដល់ត្រង់ចំណុចកើតហេតុ មិនដឹងថាមានឧបសគ្គអ្វី ស្រាប់តែរថយន្តបានរេចង្កូតក្រឡាប់ធ្លាក់ផ្លូវទាំងកំរោលតែម្តង បណ្តាលឱ្យ អ្នកជិះក្នុងរថយន្តម្នាក់ បានស្លាប់នៅនឹងកន្លែង ចំណែក៣នាក់ទៀត រងរបួសស្រាល។

របាយការណ៍ខាងលើ បានបញ្ជាក់ថា មូលហេតុបណ្តាលអោយគ្រោះថ្នាក់ចរាចរណ៍នេះ គឺដោយសារតែរថយន្តបានដាច់ប៊ូឡុងកង់ក្រោយខាងឆ្វេង។

ក្រោយកើតហេតុ ដោយមានការសម្របសម្រួលនីតិវិធីពីលោកមុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី សមត្ថកិច្ចមូលដ្ឋាន បានឃាត់ខ្លួនអ្នកបើកបររថយន្តឈ្មោះម៉ន មករា នាំយកទៅសាកសួរ។ ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពលំផាត់។ រីឯវត្ថុតាង ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីស្រាវជ្រាវតាមនីតិវិធី។

ដោយឡែក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES