Thursday, May 9, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានចូលវត្តគល់ទទឹង បុ...ក...មនុស្ស ហោះចូលទឹកស្រះ

បើកឡានចូលវត្តគល់ទទឹង បុ…ក…មនុស្ស ហោះចូលទឹកស្រះ

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្ត ១គ្រឿង ដោយមាននារីម្នាក់រួមដំណើរ ចូលមកក្នុងវត្តគល់ទទឹង ទាំងយប់ លុះមិនដឹងថាមានបញ្ហាអ្វី ស្រាប់តែរថយន្តបានជ្រុលទៅបុកស្ត្រីម្នាក់កំពុងដើរនៅតាមសួន ក្បែរមាត់ស្រះ បណ្តាលឱ្យស្ត្រីជាអ្នកថ្មើរជើង រងរបួសធ្ងន់ ចំណែករថយន្ត បានជ្រុលហោះចូលទឹកស្រះ និងត្រូវបានប្រជាពលរដ្ឋជួយវាយបំបែកកញ្ចក់ សង្គ្រោះមនុស្សប្រុសស្រី២នាក់ក្នុងរថយន្ត ចេញមកក្រៅដោយសុវត្ថិភាព។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ចំណុចក្នុងស្រះទឹក ក្នុងវត្តគល់ទទឹង ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមនុស្សប្រុសស្រី ២នាក់ ជិះក្នុងរថ យន្ត ១គ្រឿង ម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2D-7226 បានបើកចូលទៅក្នុងបរិវេណវត្តគល់ទទឹង ម្តុំស្រះទឹក លុះបើកដល់ចំណុចកើតហេតុ មិនដឹងថារថយន្តមានបញ្ហាអ្វីនោះទេ ស្រាប់តែបើកលឿនស្លេវ ជ្រុលទៅបុកស្ត្រីម្នាក់កំពុងតែដើរក្នុងបរិវេណវត្ត បណ្តាលឱ្យរងរបួស ហើយរថយន្តបន្តហោះធ្លាក់ចូលក្នុងស្រះទឹក លិចរថយន្តតែម្តង។

ឃើញហេតុការណ៍បែបនេះ បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះ បាននាំគ្នាចុះទៅជួយ ដោយវាយបំបែកកញ្ចក់រថយន្ត ដើម្បីទាញមនុស្សប្រុសស្រី២នាក់ ចេញពីក្នុងរថយន្ត មកលើគោក ដោយសុវត្ថិភាព មិនមានរងរបួសអ្វីនោះទេ ។

ជុំវិញហេតុការណ៍នេះ បានបណ្តាលឱ្យស្ត្រីជាអ្នកថ្មើរជើងម្នាក់ រងរបួសធ្ងន់ និងត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះទៅកន្លែងកើតហេតុ និងធ្វើការស្ទូចយករថយន្តបង្កហេតុ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរង់ចាំដំណោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES