Thursday, May 16, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ក្រុមឆបោកម៉ូតូច្រើនខេត្ត អស់លក្ខណ៍នៅកំពត

 ក្រុមឆបោកម៉ូតូច្រើនខេត្ត អស់លក្ខណ៍នៅកំពត

ខេត្តកំពត ៖ ដោយមានការចង្អុលបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងអនុវត្តសំណើសុំបើកការស៊ើបអង្កេតបឋម លេខ៥៥៣ ចុះថ្ងៃទី៤ មេសា ឆ្នាំ២០២៤ និងមានចំណារឯកភាពរបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត ចុះថ្ងៃទី៩ មេសា ឆ្នាំ ២០២៤ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានសហការជាមួយកម្លាំងនគរបាលស្រុកទឹកឈូ កម្លាំងនគរបាលក្រុងកំពត និងក្រុងបូកគោ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរង បានចុះស្រាវជ្រាវយ៉ាងសកម្ម រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ បានចំនួន ០៤នាក់ ក្នុងថ្ងៃតែមួយ ពាក់ព័ន្ធករណីឆបោកម៉ូតូ ។

ជនសង្ស័យទាំង៤នាក់ រួមមាន ១-ឈ្មោះ អន គឹមអឿន ហៅគឹម អឿន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិលើស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកកណ្តាល ខេត្តកណ្តាល ។ ២-ឈ្មោះ មូល ចន្ថុល ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិខ្នាររុង ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ ។ ៣-ឈ្មោះ ជុំ វណ្ណា ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិស្វាយរៀង ឃុំស្វាយរៀង ស្រុកស្វាយរៀង ខេត្តស្វាយរៀង ។ ៤-ឈ្មោះ ហ៊ុយ គា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិត្រពាំងត្រកៀត ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។

ជនសង្ស័យទាំង៤នាក់ដែលកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួន នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីសាកសួរនេះ មានពាក់ព័ន្ធករណីឆបោក (ម៉ូតូ) នៅក្នុងភូមិសាស្ត្រខេត្តកំពត ចាប់តាំងពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ន ។

វត្ថុតាងរឹបអូស រួមមាន ៖ រថយន្ត ចំនួន ០១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២BR-៧០៨៧ (មធ្យោបាយធ្វើសកម្មភាព) ។ -ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ (មធ្យោបាយធ្វើសកម្មភាព) -ទូរសព្ទចំនួន ០៥គ្រឿង -អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឈ្មោះ ជុំ វណ្ណា ចំនួន០១សន្លឹក ។ -ខ្សែកលោហធាតុពណ៌ទង់ដែង ចំនួន១ខ្សែ។ -ស៊ីមទូរស័ព្ទ មិនទាន់ប្រើប្រាស់ ចំនួន០២។

សមត្ថកិច្ចបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងនៅចំណុចខាងជើងផ្សារសាមគ្គី ខេត្តកំពត ម្ដុំភ្លើងស្តុប ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។

លោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរង បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា ជុំវិញករណីជនសង្ស័យឆបោកម៉ូតូខាងលើ លោកមិនបានយកឈ្មោះនិងពាក្យបណ្ដឹងពីជនរងគ្រោះ ដើម្បីរាយការណ៍ជូនអ្នកសារព័ត៌មានអស់ទេ ពីព្រោះជនសង្ស័យទាំង៤នាក់នេះ បានធ្វើសកម្មភាពឆបោកម៉ូតូ នាពេលកន្លងមក ជាច្រើនខេត្ត (៤ទៅ៥ខេត្តឯណោះ)។

រីឯការស្រាវជ្រាវឃាត់ខ្លួន ២នាក់ ឃាត់ខ្លួននៅចំណុចភ្លើងស្តុប ខាងជើងផ្សារសាមគ្គី ពេលកំពុងធ្វើដំណើរដោយរថយន្ត ។ រីឯ២នាក់ទៀត ឃាត់ខ្លួននៅចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។

ជនសង្ស័យទាំងអស់ខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES