Friday, May 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដំគ្រាប់ច្នៃលេង ផ្ទុះ...របួ...ស...ក្មេ...ង៤នាក់

ដំគ្រាប់ច្នៃលេង ផ្ទុះ…របួ…ស…ក្មេ…ង៤នាក់

ខេត្តកំពង់ធំ ៖ ក្មេងប្រុសចំនួន ៤នាក់ បានរងរបួសធ្ងន់-ស្រាល ក្នុងករណីផ្ទុះឧបករណ៍កែច្នៃ នៅខេត្តកំពង់ធំ ។ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៦ មេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងនៅភូមិពោធិ៍ ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ។ សេចក្តីរាយការណ៍ បានឲ្យដឹងថា ក្នុងហេតុការណ៍នោះបានបណ្តាលឲ្យក្មេងប្រុសៗ ចំនួន ៤ នាក់ ដែលមានអាយុចន្លោះរវាងពី ១០ទៅ ១៣ឆ្នាំ ដែលក្នុងនោះមានម្នាក់ បានរងរបួសធ្ងន់ និង៣នាក់ផ្សេងទៀត បានរងរបួសស្រាល ។ ក្មេងប្រុសទាំង ៤នាក់នោះ មានលំនៅ ភូមិក្តីចារ និងភូមិពោធិ៍ នៃឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ។ នៅក្នុងសេចក្តីរាយការណ៍មិនបានបញ្ជាក់ថា តើក្មេងប្រុសៗទាំង ៤នាក់នោះ បានធ្វើសកម្មភាពច្នៃឧបករណ៍បំផ្ទុះអ្វីនោះទេ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់នេះកើតឡើង ។

ក្រោយមានករណីផ្ទុះគ្រាប់ ជាច្រើនករណី ដែលយ៉ាងហោចបានបណ្តាលឲ្យមនុស្ស ៧នាក់ បានស្លាប់ និងរបួសនោះក្នុងរយៈពេលចុងក្រោយនេះ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកម្ចាត់មីន បានអំពាវនាវ ៤ចំណុច ដល់ពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ។

 សេចក្តីអំពាវនាវបួនចំណុចរបស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកម្ចាត់មីន រួមមាន ៖ ១ «នៅពេលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សូមកុំរើស, កុំកាន់, កុំគប់, កុំដំ, កុំកែច្នៃគ្រាប់ទាំងនោះ និងត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ឬប្រតិបត្តិករបោសសម្អាតមីន ដែលនៅក្បែរនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល។២. សូមកុំចូលទៅតំបន់ ណាដែលមិនស្គាល់ទីតាំងភូមិសាស្ត្រច្បាស់លាស់វាអាចមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសូមសាកសួរអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ នៅតំបន់នោះ។ ៣.  សូមកុំកែច្នៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីយករំសេវធ្វើសកម្មភាពណាមួយ ជាពិសេសការច្នៃយកទៅបោកក្នុងស្រះឬត្រពាំង សម្លាប់ត្រី ពីព្រោះវាបណ្តាលឱ្យរបួស ឬពិការ ឬស្លាប់ គ្រប់ពេល និង ៤. សូមកុំទិញលក់ រក្សាទុក កែច្នៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជាអំពើខុសច្បាប់ និងបង្កគ្រោះថ្នាក់បាត់បង់ជីវិត, ធ្លាក់ខ្លួនពិការដល់ខ្លួនឯង, គ្រួសារ និងអ្នកជិតខាង ៕

RELATED ARTICLES