Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមធ្លាក់រានដែកកកិតនឹងថ្នល់ ឆេះឡានដឹកទំនិញ

ធ្លាក់រានដែកកកិតនឹងថ្នល់ ឆេះឡានដឹកទំនិញ

ភ្នំពេញ ៖ រថយន្តដឹកទំនិញ គ្រឿងជ័រ កែវ ចានស្នោ ខ្វះការប្រុងប្រយ័ត្ន កំពុងបើកបរស្រាប់តែដាច់ធ្លាក់រានដែកខាងក្រោយ កកិតនឹងថ្នល់ បែកផ្កាភ្លើង បង្កឱ្យឆេះគ្រឿងជ័រ ផ្អើលប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានឱ្យដឹងថា រថយន្តមួយគ្រឿង ដែលឆេះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ បាត់ដំបង 3A-4311 ដឹកអីវ៉ាន់គ្រឿងកែវជ័រ ប្លាស្ទិក ចានស្នោ ហើយរថយន្តមានតរានដែកពីក្រោយ ដើម្បីដឹកអីវ៉ាន់ឱ្យបានច្រើន ។

បើតាមសម្តីអ្នកបើកបររថយន្ត បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តគាត់បានដឹកកែវជ័រ ចានស្នោ ចេញពីរោងចក្រផលិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ គោលបំណងយកទៅខេត្តកំពង់ធំ ដោយបើកតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូង ទៅជើង មិនដឹងថាដាច់ធ្លាក់រានដែកខាងក្រោយ ពីពេលណា ធ្វើឱ្យកកិតនឹងថ្នល់ បង្កឱ្យបែកផ្លាភ្លើង ឆេះគ្រឿងជ័រ លុះបើកមកដល់ចំណុចកើតហេតុ បានអ្នកជិះម៉ូតូតាមផ្លូវ ស្រែកប្រាប់ ទើបឈប់រថយន្ត ផ្អើលឆោឡោ នាំគ្នាពន្លត់ភ្លាមៗ ។

នៅក្នុងហេតុការណ៍នេះ បង្កឱ្យខូចខាតអីវ៉ាន់គ្រឿងជ័របន្តិចបន្តួច តែមិនបង្កឱ្យអ្នកណារងរបួសឡើយ ហើយអ្នកបើករថយន្ត បានស្រាយកេសអីវ៉ាន់ដាក់ចុះ ពិនិត្យឡើងវិញ រួចលើកដាក់រៀបសាថ្មី ដើម្បីបន្តដំណើរទៅ មុខទៀត ៕

RELATED ARTICLES