Friday, May 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមន្ត្រីប៉េអឹមស្រវឹង បើកឡានក្រឡាប់

មន្ត្រីប៉េអឹមស្រវឹង បើកឡានក្រឡាប់

ខេត្តក្រចេះ ៖ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដោយខ្លួនឯង ជាច្រើនត្រឡប់ រងរបួស ត្រូវបានបញញជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្តនេះ បានកើតឡើងនៅវេលាម៉ោង ១២និង២៥នាទីយប់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៤ ស្ថិតលើផ្លូវជាតិលេខ ៣៧៧.A (ក្រចេះ-ខ្លាស្ទុះ) ចំណុចមុខវិមានសព ស្ថិតនៅភូមិស្រែស្តៅ សង្កាត់អូរឫស្សី២ ក្រុងក្រចេះ ខេត្តក្រចេះ។

ប្រភពសមត្ថកិច្ច បានឲ្យដឹងថា មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលរងគ្រោះថ្នាក់ចរាចរណ៍ ឈ្មោះ តែម សុឃាន ភេទប្រុស អាយុប្រហែល៤៤ឆ្នាំ រងរបួសស្រាល បើកបររថយន្តម៉ាកឡង់គ្រីសឺរ ពណ៌ស្ករ ពាក់ស្លាក លេខភ្នំពេញ2H.8587 ។

 ប្រភពដដែល បន្តថា មុនពេលកើតហេតុ រថយន្តខាងលើបានបើកបរក្នុងទិសដៅពីកើត ទៅលិច លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតធ្លាក់ចេញពីផ្លូវ បណ្តាលឲ្យក្រឡាប់ជាច្រើនត្រឡប់ ហើយជ្រុលទៅបុកបង្គោលភ្លើង ១ដើម បណ្ដាលឱ្យដាច់ចរន្តអគ្គិសនីទាំងយប់នៅតំបន់នោះ និងបង្កការខូចខាតរបងថ្មប្រវែងប្រហែល ១០ម៉ែត្រផងដែរ។ ក្រោយកើតហេតុ មន្ត្រីកងរាជអាវុធហត្ថក្រុងក្រចេះ បានចុះទៅដល់ចំណុចកើត ហេតុ ជួយអន្តរាគមន៍ ដោយពិនិត្យឃើញជនរងគ្រោះបានរងរបួសស្រាល និងស្ថិតក្នុងស្ថានភាពស្រវឹង។ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។ ចំណែករថយន្ត មន្ត្រីជំនាញបានស្ទូចយកទៅរក្សាទុកនៅអធិការនគរបាលក្រុងក្រចេះ ជាបណ្ដោះអាសន្ន៕

RELATED ARTICLES