Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្លន់ទូរស័ព្ទបាន យកទៅបញ្ចាំ ជាប់ខ្នោះ

ប្លន់ទូរស័ព្ទបាន យកទៅបញ្ចាំ ជាប់ខ្នោះ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ ដែលបានធ្វើសកម្មភាពវាយប្លន់ទូរស័ព្ទដៃ យកទៅបញ្ចាំនៅម្ដុំផ្សារកណ្ដាល២ ត្រូវម្ចាស់ទូរស័ព្ទឆែកតាមប្រព័ន្ធ ICLOUD តាមទាន់នៅកន្លែងបញ្ចាំទូរស័ព្ទ ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង ៣ព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងតំបន់កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមសម្តីជនរងគ្រោះ សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូ មួយគ្រឿង ម៉ាក Zoomer ពណ៌ខ្មៅក្រហម ពាក់ស្លាកលេខ ត្បូងឃ្មុំ 1I-1908 ឆ្លងកាត់តំបន់កោះនរា ដោយមានស្ពាយកាបូបពីក្រោយខ្នង ក្នុងគោលបំណងទៅលេងផ្ទះមិត្តភក្ដិ នៅម្ដុំច្បារអំពៅ ។ បន្ទាប់មកបានជិះម៉ូតូត្រឡប់មកវិញ ដោយឆ្លងកាត់តំបន់កោះនរា ក្នុងគោលបំណងដើម្បីទៅផ្ទះ ។

ជនរងគ្រោះ បានបន្តថា លុះដល់វេលាម៉ោងកើតហេតុខាងលើ ដោយសភាពផ្លូវស្ងាត់ ស្រាប់តែមានជនសង្ស័យ ៤នាក់ ជិះម៉ូតូ ២គ្រឿង ម៉ាកហុងដា Scoopy ពណ៌ស និងមួយគ្រឿងទៀត ពណ៌ខ្មៅ ដឹកគ្នាមកក្បែរគាត់ ដោយ និយាយសម្លុតគាត់យកទូរស័ព្ទ តែគាត់មិនឱ្យ ទើបត្រូវបានក្រុមជនសង្ស័យព្រួតវាយ ប្លន់យកទូរស័ព្ទ ម៉ាកអាយហ្វូន បាន១គ្រឿង រួចជិះរត់គេចខ្លួនបាត់។

ជនរងគ្រោះ បានបន្តថា គាត់មានទូរស័ព្ទ ១គ្រឿង នៅក្នុងហោប៉ៅខោ និង IPAD ១គ្រឿង នៅក្នុងកាបូបស្ពាយ ខណៈជនសង្ស័យវាយយកតែទូរស័ព្ទ ទើបគាត់បើក IPAD ដើម្បីមើល ICLOUD ស្វែងរកទីតាំងរបស់ក្រុមជន សង្ស័យដែលបានប្លន់នោះ។ ភ្លាមៗនោះ គាត់បានជិះម៉ូតូពីកោះនរា ចូលទៅកាន់តំបន់កោះពេជ្រ ប្រទះឃើញក្រុមអ្នកដឹកជញ្ជូន ក៏បានសុំគេភ្ជាប់ WIFI ដើម្បីស្វែងរកទូរស័ព្ទរបស់គាត់ ទើបឃើញផែនទីបង្ហាញថា ទូរស័ព្ទរបស់គាត់ ត្រូវបានឆ្លងកាត់ច្បារអំពៅ ទៅកាន់មហាវិថីព្រះនរោត្តម ឆ្ពោះទៅម្ដុំផ្សារកណ្ដាល។ ភ្លាមៗនោះ ក្រុមអ្នកដឹកជញ្ជូន និងគាត់ នាំគ្នាធ្វើដំណើរទៅកាន់ម្ដុំផ្សារកណ្ដាល តាមរយៈផែនទីទូរស័ព្ទរបស់គាត់ ទើបឃើញហាងបញ្ចាំមួយកន្លែង។ ចៃដន្យក៏បានជួបក្រុមជនសង្ស័យទាំង ៤នាក់នៅទីនោះ ទើបស្រែកថា ចោរ!ៗ ធ្វើឱ្យជនសង្ស័យ២នាក់រត់គេចខ្លួនរួច ខណៈ២នាក់ទៀត ត្រូវបានក្រុមអ្នកដឹកជញ្ជូន ព្រួតវាយបណ្ដាលឱ្យរងរបួស ទើបឃាត់ខ្លួន ប្រគល់ជូនសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ បានមកដល់ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួម មាន ម៉ូតូ ១គ្រឿង ម៉ាក SCOOPY ពណ៌ស ដែលមានស្លាកលេខ ភ្នំពេញ 1KL-8087 ជាបណ្ដោះអាសន្ន ដើម្បីត្រៀមប្រគល់ជូនសមត្ថកិច្ចខណ្ឌច្បារអំពៅ។ ចំណែកហាងបញ្ចាំទូរស័ព្ទ ដោយខ្លាចមានរឿងដល់ហាង ក៏បានប្រគល់ទូរស័ព្ទជូនជនរងគ្រោះវិញ។ លុះសមត្ថកិច្ចខណ្ឌច្បារអំពៅ មកដល់ ទើបសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ ប្រគល់ជនសង្ស័យទាំង២នាក់ ជូនសមត្ថកិច្ចច្បារអំពៅ នាំខ្លួនជនសង្ស័យទាំង២នាក់ រួមទាំងជនរងគ្រោះ ទៅធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធី៕

RELATED ARTICLES