Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នកដឹកជញ្ជូន ប្លន់ទូរស័ព្ទ ជក់គ្រឿងញៀន ជាប់ខ្នោះ

អ្នកដឹកជញ្ជូន ប្លន់ទូរស័ព្ទ ជក់គ្រឿងញៀន ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ប្រកបរបរជាអ្នកដឹកជញ្ជូនអនឡាញ បានបែកគំនិតប្លន់ទូរស័ព្ទ យកទៅលក់ យកលុយទិញគ្រឿងញៀនជក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន យកទៅចាត់ការតាមច្បាប់។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះអៀម ចាន់ដែន ហៅអាដែន ភេទប្រុស អាយុ១៨ឆ្នាំ ជន ជាតិខ្មែរ មុខរបរអ្នកដឹកជញ្ជូនអនឡាញ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ (វិជ្ជមានសារធាតុញៀន) ។

តាមប្រភពសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលខណ្ឌ៧មករា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងព្រលឹត បានធ្វើការបង្រ្កាបជាក់ស្តែង ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ) និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខផ្ទះលេខ ៨៦អឺ០ ផ្លូវ២១៤ ភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២០និង១៥នាទី ដោយឃាត់ខ្លួនបានជនសង្ស័យខាងលើ។

សម្ភារៈនិងវត្ថុតាងចាប់យកពីជនសង្ស័យ រួមមាន ៖ ១-ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៤ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1KL-3596 (មធ្យោបាយប្រព្រឹត្តបទល្មើស) ។ ២-ទូរស័ព្ទដៃ ១គ្រឿង ម៉ាក IPHONE13 ពណ៌ផ្កាឈូក ។ ៣-ម្សៅក្រាមពណ៌សថ្លាចំនួន២ កញ្ចប់តូច ។ ៤-ម្សៅកញ្ចប់ពណ៌ក្រហម រូបសេះ ១ កញ្ចប់តូច។ ៥-លោហធាតុពណ៌ទង់ដែង (ខ្សែក) ចំនួន ១ខ្សែ ប្រវែង៤៥ស.ម (ជារបស់ជនសង្ស័យ)។ ៦-ទូរស័ព្ទដៃ ១គ្រឿង ម៉ាក IPHONE14Pro ពណ៌ស្វាយ (ជារបស់ជនរងគ្រោះ)។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES