ប្រទេសថៃ ៖ លោកហ៊ុន ម៉ាណែត អនុប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ ពលករកម្ពុជាដែលកំពុងស្នាក់នៅនិងធ្វើការ នៅប្រទេសថៃ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០១៧ បានជួបពិភាក្សាការងារជាមួយលោក រដ្ឋមន្ត្រីក្រសួងការងារថៃ នៅទីស្តីការក្រសួង ការងារថៃ ដើម្បីស្វែងរកដំណោះស្រាយក្នុង ការពន្លឿនការផ្តល់លិខិតឆ្លងដែន លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជា ដល់ប្រជាពលករ ខ្មែរ ដែលកំពុងរស់នៅនិងធ្វើការនៅប្រទេស ថៃ។
លោកហ៊ុន ម៉ាណែត បានឱ្យដឹងតាមទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ថា “ក្នុងនាមជាអនុប្រធានគណៈ កម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ខ្ញុំមានកិត្តិយសបានដឹកនាំក្រុមការងារចូលជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ីរីឆៃ ឌីស្តាគុល រដ្ឋមន្ត្រីក្រសួងការងារថៃ ដើម្បីពិភាក្សា រកដំណោះស្រាយក្នុងការពន្លឿនការផ្តល្ត់លិខិត ឆ្លងដែន លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជា ទៅធ្វើការនៅក្រៅប្រទេស ឱ្យបានដល់ដៃបង ប្អូនប្រជាពលករយើង ដែលកំពុងរស់នៅនិង ធ្វើការងារនៅក្នុងប្រទេសថៃ ឱ្យបានឆាប់រហ័ស។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នា លើគោលការណ៍សំខាន់ៗមួយចំនួន ដូចខាង ក្រោម ៖
១-ភាគីថៃ បានឯកភាពអនុញ្ញាតឱ្យគណៈកម្មការផ្តល់ភាពស្របច្បាប់កម្ពុជា ចុះធ្វើការ បើកផ្តល់លិខិតឆ្លងដែន/លិខិតធ្វើដំណើរ និង ប័ណ្ណ OCWC ជូនពលករកម្ពុជា ដោយផ្ទាល់ ដល់ពលករកម្ពុជា ដែលធ្វើការនៅតាមរោងចក្រ សហគ្រាសដែលមានប្រើប្រាស់ពលករកម្ពុជា ចាប់ពី៨០នាក់ឡើង។
២-បន្ថែមពីលើការិយាល័យបើកផ្ទាល់ ដែល មានស្រាប់នៅក្នុងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងបាងកក ភាគីថៃ បានឯកភាពអនុញ្ញាតឱ្យកម្ពុជា បើកការិយាល័យបើកផ្ទាល់ចំនួន ៥បន្ថែមទៀត ដែលមានទីតាំងស្ថិតនៅក្នុង ខេត្តសមុទ្រប្រាកាន ឈុនបុរី ផាធុមថានី ឆាក់ ឆឹងសាវ និងរ៉ាក់យ៉ង។ ភាគីថៃនឹងជូនដំណឹង ដល់កម្ពុជា នូវទីតាំងទាំង៥កន្លែងថ្មីនោះ។
៣-ភាគីថៃអនុញ្ញាតដល់កម្ពុជា ចាប់ផ្តើម ចុះប្រមូលទិន្នន័យនិងបញ្ជាក់សញ្ជាតិដល់ពលករ កម្ពុជា ដែលមានប័ណ្ណពណ៌ជម្ពូឡើងវិញ ក្រោយ ពេលដែលការិយាល័យបើកផ្ទាល់ថ្មីទាំង៥នេះ ដំណើរការទៅដោយរលូន។
៤-ការិយាល័យអន្តោប្រវេសន៍ថៃ នៅ គ្រប់ទីតាំង នឹងផ្តល់ទិដ្ឋាការស្នាក់នៅដល់ពលករ កម្ពុជាទាំងឡាយណាដែលមានប័ណ្ណពណ៌ជម្ពូ ស្របច្បាប់ នឹងទទួលបានលិខិតឆ្លងដែន/លិខិត ធ្វើដំណើរ និងប័ណ្ណ OCWC ពីគណៈកម្មការ ផ្តល់ភាពស្របច្បាប់របស់កម្ពុជា។
៥-ភាគីទាំង២ បានបង្កើតក្រុមការងារ ចំពោះកិច្ច១ ដើម្បីរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តនូវស្មារតីប្រជុំនាថ្ងៃនេះ។ ភាគីទាំង២ បានកំណត់ពេលវេលាយ៉ាងយូរ១៥ថ្ងៃ ដល់ក្រុមការងារចំពោះកិច្ចនេះ ដើម្បីដាក់ចេញ ផែនការសកម្មភាពសម្រាប់អនុវត្ត។
៦-ភាគីថៃ បានសម្តែងនូវការសាទរចំពោះ ភាគីកម្ពុជា ដែលបានបន្ថែមថ្ងៃធ្វើការ នាថ្ងៃ សៅរ៍និងថ្ងៃអាទិត្យ ព្រមទាំងបន្ថែមម៉ោង ការងារពី៨ទៅ៩ម៉ោង ក្នុង១ថ្ងៃ ពោលគឺចាប់ ពីម៉ោង៨និង៣០នាទីព្រឹក ដល់ម៉ោង៦និង៣០នាទី យប់ ដោយឈប់សម្រាកអាហារថ្ងៃត្រង់ ត្រឹម ១ម៉ោងប៉ុណ្ណោះ៕ ដារិទ្ធ