Wednesday, January 22, 2025
Homeព័ត៌មានជាតិព័ត៌មាននៅកម្ពុជា ការផ្សព្វផ្សាយបែបវិជ្ជាជីវៈ និងឯករាជ្យ នៅមានកម្រិត

ព័ត៌មាននៅកម្ពុជា ការផ្សព្វផ្សាយបែបវិជ្ជាជីវៈ និងឯករាជ្យ នៅមានកម្រិត

ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា នៅកម្ពុជា ការផ្សព្វផ្សាយព័ត៌មានបែបវិជ្ជាជីវៈ និងឯករាជ្យ នៅមានកម្រិត ជាពិសេសព័ត៌មានអនឡាញ មួយចំនួន ជាព័ត៌មានឆៅ មិនគ្រប់ជ្រុងជ្រោយ ពិបាកជឿទុកចិត្ត ខ្វះសីលធម៌ ការផ្សព្វផ្សាយព័ត៌មានមិនសូវបានឆ្លុះបញ្ចាំងពីបញ្ហានៅក្នុងសង្គម ដែលជាព័ត៌មានចាំបាច់ ជួយដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងរដ្ឋាភិបាល មានការយល់ដឹង និងយកចិត្តទុកដាក់ដោះស្រាយ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកថា «ស្រុកខ្មែរដូចជាមិនខ្វះព័ត៌មានសម្រាប់ផ្សព្វផ្សាយទេ ប៉ុន្តែរបៀបផ្សព្វផ្សាយបែបវិជ្ជាជីវៈ និងឯករាជ្យ នៅមានកម្រិត» ។

បន្ថែមលើសំណេរខាងលើ លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ថា សង្គមយើងនេះ ត្រូវការសារព័ត៌មានដែលមានភាពឯករាជ្យ មានវិជ្ជាជីវៈ និងមានគុណភាព ប៉ុន្តែយើងសម្បូរតែបរិមាណ ឯគុណភាពព័ត៌មាន យើងមិនសូវមាន ជាពិសេសក្នុងសម័យទំនើបនេះ អ្នកសារព័ត៌មានអនឡាញ កំពុងតែជះឥទ្ធិពល វាយលុកខ្លាំង ផលិតព័ត៌មានបានលឿន តែព័ត៌មានខ្លះ អត់គ្រប់ជ្រុងជ្រោយ  ខ្វះសីលធម៌ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “បាទ! នៅមានកម្រិត ក្នុងទម្រង់ទី១ ការផ្សព្វផ្សាយព័ត៌មានហ្នឹង ច្រើនតែផ្សព្វផ្សាយព័ត៌មានមិនសូវបានឆ្លុះបញ្ចាំងពីបញ្ហានៅក្នុងសង្គម ហើយជាពិសេស គឺប្រភេទព័ត៌មានបែបលក្ខណៈជាការស៊ើបអង្កេត ឬក៏ព័ត៌មានឆ្លុះបញ្ចាំងពីតថភាពបញ្ហាស្នូលនៅក្នុងសង្គម ដែលជាព័ត៌មានដែលចាំបាច់ ដែលជួយទាំងប្រជាពលរដ្ឋ ទាំងអាជ្ញាធរ ទាំងរដ្ឋាភិបាលហ្នឹង ឲ្យមានការយល់ដឹង និងមានការយកចិត្តទុកដាក់នៅក្នុងការចូលរួមចំណែកដោះស្រាយទៅតាមតួនាទី ទៅតាមជំនាញ និងលទ្ធភាពរបស់ខ្លួន ។ យើងសព្វថ្ងៃសម្បូរភាគច្រើនព័ត៌មានទាក់ទងនឹងរឿងកម្សាន្ត ព័ត៌មានកីឡា ព័ត៌មានទាក់ទងនឹងតារាអី ប៉ុន្តែព័ត៌មានដែលលើកយកអំពីការធ្វើបានល្អ ឧត្ដមនានុវត្តន៍ហ្នឹង ឬក៏យើងហៅថាជាព័ត៌មានដែលឆ្លុះបញ្ចាំងអំពីការធ្វើអ្វីមួយបានល្អ ឬក៏រៀនសូត្រពីកំហុសពីអតីតកាល ការច្នៃប្រឌិត ការបង្កើតគម្រោងថ្មីៗ ដើម្បីដោះស្រាយបញ្ហានៃការរស់នៅប្រចាំថ្ងៃ ក៏ដូចជាបង្កើតនូវលក្ខខណ្ឌសម្រាប់អនាគតរបស់សហគមន៍ របស់សង្គម របស់ជាតិ ក៏ដូចជាការលើកឡើងពីរឿងបច្ចេកវិទ្យាថ្មីៗ ការច្នៃប្រឌិត ដើម្បីជួយជំរុញការធ្វើកិច្ចការងារ មិនថានៅក្នុងវិស័យកសិកម្ម ឬក៏នៅក្នុងវិស័យផ្សេងហ្នឹង យើងមិនសូវមានទេ ហើយមួយជ្រុងទៀត បើរឿងនយោបាយវិញ មានតែរឿងបង្ហាញពីការបែកបាក់ លាបពណ៌គ្នា ជាពិសេសគឺនៅពេលបច្ចុប្បន្នហ្នឹង ដោយសារតែវាជាសម័យប្រព័ន្ធផ្សព្វផ្សាយសង្គម (social media) វាសម្បូរអ្នកដែលតាំងខ្លួនជាអ្នកសារព័ត៌មាន ប៉ុន្តែខ្វះវិជ្ជាជីវៈ ខ្វះជំនាញនៅក្នុងការធ្វើព័ត៌មានហ្នឹងឲ្យបានសុក្រឹត ឲ្យបានគ្រប់ជ្រុងជ្រោយ ជាគតិ ជាពន្លឺសម្រាប់ប្រជាពលរដ្ឋនៅក្នុងសង្គម ប៉ុន្តែច្រើនតែជាអ្នកដែលតាំងខ្លួនជាអ្នកសារព័ត៌មាន ហើយគាត់ច្រើនតែចាប់មួយមុំណាមួយ យកមកបង្ហាញ ហើយវាធ្វើឲ្យព័ត៌មានហ្នឹង វាអត់គ្រប់ជ្រុងជ្រោយ ហើយអ្នកអានព័ត៌មាន អ្នកមើលព័ត៌មានរបស់គាត់ហ្នឹងទៅ វាអាចមានការភ័ន្តច្រឡំ ឬក៏គេបំភ័ន្តគាត់បាន ។ ដូច្នេះត្រលប់មកវិញ សង្គមយើងនេះ ត្រូវការសារព័ត៌មានដែលមានភាពឯករាជ្យ មានវិជ្ជាជីវៈ ហើយនិងមានគុណភាព ហើយយើងសម្បូរព័ត៌មានច្រើននៅក្នុងស្រុកខ្មែរយើង ប៉ុន្តែយើងសម្បូរតែបរិមាណ ប៉ុន្តែគុណភាពព័ត៌មានយើងមិនសូវមាន ជាពិសេសក្នុងសម័យទំនើបនេះ គឺព័ត៌មាន ដើរតួនាទីយ៉ាងសំខាន់ណាស់ ។ ប្រសិនបើខ្វះព័ត៌មានពិត ព័ត៌មានដែលអាចទុកចិត្ត និងយកជាការបានហ្នឹង គឺការជឿ ការសម្រេចចិត្តធ្វើអី្វមួយហ្នឹង អាចប្រឈមមុខទៅនឹងហានិភ័យ ហើយក្លាយទៅជាជនរងគ្រោះ ដោយសារតែសកម្មភាព ទង្វើនៃការបោកប្រាស់ តាមរយៈការរកស៊ីឆបោកតាមអនឡាញ ក៏ដូចជាការបោកប្រាស់ផ្ទាល់ ក៏កើតមានច្រើននៅក្នុងសង្គមយើងផងដែរ“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “តាមពិតទៅ ព័ត៌មាន វាជាពន្លឺ អាហ្នឹងបើសិនជាព័ត៌មានហ្នឹងជាព័ត៌មានពិត អាចយកទុកចិត្តបាន ដែលផលិតឡើង ផ្សព្វផ្សាយឡើងដោយអ្នកដែលមានវិជ្ជាជីវៈ ។ ប៉ុន្តែផ្ទុយទៅវិញ បើសិនជាព័ត៌មានហ្នឹង ជាប្រភេទគ្រាន់ជាដំណឹង ឬក៏ជាព័ត៌មានដែលគេយកមកស្ល ហើយគេផ្សព្វផ្សាយទៅ គេបន្ថែមពណ៌ គេបន្ថែមរសនៅក្នុងហ្នឹងទៅតាមចិត្តចង់ ទៅតាមនិន្នាការ ឬក៏បំណងប្រាថ្នារបស់អ្នកផ្សព្វផ្សាយព័ត៌មាន ឬក៏ក្រុមណាមួយហ្នឹង នៅពេលនោះ ព័ត៌មានហ្នឹង វាអាចក្លាយទៅជាថ្នាំពុល ដែលវាទៅពង្វក់ វាទៅបង្វែង វាទៅបង្វិល ឬក៏ប្រជាពលរដ្ឋដែលទទួលព័ត៌មានមិនមានភាពសុក្រឹត ព័ត៌មានលាបពណ៌ ព័ត៌មានដែលខ្វះឯករាជ្យភាព និងមិនបានផលិតដោយអ្នកមានវិជ្ជាជីវៈត្រឹមត្រូវហ្នឹង វាធ្វើឲ្យសង្គមហ្នឹងវាវក់វី វិលវល់ ខ្វល់តែរឿងដែលមិនសូវមានប្រយោជន៍ ហើយបាត់បង់ឱកាស ឬក៏មិនបានយកចិត្តទុកដាក់ទៅលើរឿងសំខាន់ៗនៅក្នុងសង្គម ហើយតាមពិតទៅ វាមិនមែនតែនៅស្រុកខ្មែរទេ រឿងដែលសង្គមត្រូវបានបំពុល ឬក៏ពពាក់ពពូនដោយប្រភេទប្រភពព័ត៌មាន ដែលយើងអាចហៅថា ជាប្រភពព័ត៌មានឆៅ ដែលអ្នកខ្លះទៅ គាត់មានតែកាមេរ៉ាមួយហ្នឹង ទូរស័ព្ទដៃវៃឆ្លាតមួយហ្នឹង ក៏គាត់ថា ជាអ្នកសារព័ត៌មានដែរ ប៉ុន្តែពេលខ្លះ គ្រាន់តែជាជ្រុងមួយ ឬជាលក្ខណៈបុគ្គលសុទ្ធសាទ្ធ ។ អ៊ីចឹងទៅ វាពិតបាកណាស់ មិនអាចឲ្យជឿទុកចិត្តបាន ពីព្រោះដើម្បីក្លាយទៅជាព័ត៌មានមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ គួរទុកចិត្តបានហ្នឹង គឺត្រូវតែមានប្រភពច្រើន ហើយមានភាពលម្អិត ដែលអាចឲ្យអ្នកអាន អ្នកទស្សនាហ្នឹង គាត់អាចដឹងអំពីសាច់រឿងទាំងមូល ឬពីបញ្ហាទាំងស្រុង អាហ្នឹងទើបអាចគាត់យកមកត្រិះរិះពិចារណា ធ្វើការវិភាគ និងសម្រេចចិត្តថា ត្រូវធ្វើអ្វីបន្តទៀត?“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “ដើម្បីឲ្យការផ្សព្វផ្សាយព័ត៌មានបែបវិជ្ជាជីវៈ និងឯករាជ្យ មានកម្រិតគ្រប់ជ្រុងជ្រោយ ទី១ ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋដែលប្រើប្រាស់ ទទួលព័ត៌មានហ្នឹងផង ប្រជាពលរដ្ឋខ្លួនឯងហ្នឹងក៏ត្រូវតែរៀនសូត្រ ចាប់អារម្មណ៍ យកចិត្តទុកដាក់ មុននឹងជឿ មុននឹងផ្សព្វផ្សាយបន្តព័ត៌មាន ឬក៏ដំណឹងណាមួយ ដែលមិនថាទទួលបាននៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ឬក៏តាមមិត្តភក្ដិ ឬក៏បណ្ដាញរបស់ខ្លួនទេ ត្រូវគិតសិនថា តើព័ត៌មានហ្នឹង គួរឲ្យទុកចិត្តកម្រិតណា? អ្នកដែលផ្សព្វផ្សាយហ្នឹង មានវិជ្ជាជីវៈត្រឹមត្រូវ ហើយព័ត៌មានហ្នឹង វាមានភាពគ្រប់ជ្រុងជ្រោយកម្រិតណា? បើសិនជាបានគិតពិចារណអ៊ីចឺងខ្លះ គឺពួកគាត់មិនចូលរួមចំណែកនៅក្នុងការផ្សព្វផ្សាយព័ត៌មានដែលវាខ្វះសុក្រឹតភាព ឬក៏ផលិតឡើងដោយបុគ្គលដែលមានវិជ្ជាជីវៈ ឬអាចហៅម្យ៉ាងទៀតថា ជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយបានមួយកម្រិតដែរ ។ ទី២ អ្នកសារព័ត៌មានហ្នឹង ក៏ត្រូវតែពង្រឹងទាំងសមត្ថភាព ទាំងសីលធម៌ នៅក្នុងការផលិតព័ត៌មាន ។ មិនថាតែអ្នកសារព័ត៌មាននៅក្នុងស្ថាប័នដែលបានបង្កើតឡើងរឹងមាំទេ ជាពិសេសអ្នកសារព័ត៌មានអនឡាញ សព្វថ្ងៃនេះ ត្រូវការយកចិត្តទុកដាក់ខ្ពស់ណាស់ ទាក់ទងនឹងរឿងសីលធម៌ និងសមត្ថភាពនៅក្នុងការធ្វើព័ត៌មាន ពីព្រោះពួកគាត់សព្វថ្ងៃនេះ សារព័ត៌មានអនឡាញហ្នឹង មានច្រើនជាងអ្នកសារព័ត៌មាននៅតាមស្ថាប័នសារព័ត៌មាន ។ ដូច្នេះហើយបើនិយាយទៅ អ្នកកាសែតអនឡាញហ្នឹង គាត់សឹងតែមានឥទ្ធិពលជាងអ្នកកាសែតនៅតាមស្ថាប័នសារព័ត៌មានល្បីៗទៅទៀត ដោយសារតែមួយៗថ្ងៃហ្នឹង គាត់ផុស គាត់ផ្សព្វផ្សាយប៉ុន្មានរឿងទេ ពីព្រោះគាត់ធ្វើលឿន ប៉ុន្តែព័ត៌មានខ្លះ វាអត់គ្រប់ជ្រុងជ្រោយ ។ អ៊ីចឹងត្រូវការយកចិត្តទុកដាក់ និងគិតគូរឡើងវិញ ។ ទី៣ កម្ពុជា យើងត្រូវការការយកចិត្តទុកដាក់ និងបើកលំហសេរីភាពសារព័ត៌មាន ដើម្បីឲ្យអ្នកសារព័ត៌មានអាជីពហ្នឹង គាត់មានសិទ្ធិសេរីភាពគ្រប់គ្រាន់នៅក្នុងការយកព័ត៌មាន ធ្វើព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយ» ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បន្តទៀតថា «កត្តាទាំង៣ហ្នឹង គឺជារឿងសំខាន់ ដើម្បីលើកកម្ពស់វិស័យសារព័ត៌មាន នៅស្រុកខ្មែរ និងឲ្យវិស័យនេះ ដើរតួនាទីសំខាន់នៅក្នុងការជួយសង្គម ។ ចំពោះស្ថាប័នពាក់ព័ន្ធដទៃទៀត មានក្រសួងសារព័ត៌មាន អីជាដើម ក៏ដូចជាអង្គការសង្គមស៊ីវិល ក្លឹបអ្នកកាសែត អីហ្នឹង ក៏គួរតែរួមគ្នាលើកកម្ពស់គុណតម្លៃនៃសារព័ត៌មានឯករាជ្យ អព្យាក្រឹត មានវិជ្ជាជីៈ ពីព្រោះបើសិនបណ្ដោយឲ្យអ្នកសារព័ត៌មានដែលខ្វះសមត្ថភាព និងខ្វះវិជ្ជាជីវៈសារព័ត៌មាន នៅបន្តដូចសព្វថ្ងៃហ្នឹង ខ្ញុំជឿថា សង្គមយើងហ្នឹង វាពិបាកនឹងរកព័ត៌មានដែលអាចជឿទុកចិត្តបាន ព័ត៌មានដែលផ្សព្វផ្សាយតាមអ្នកកាសែតអនឡាញ ភាគច្រើនហ្នឹង គឺជាព័ត៌មានដែលឆៅ ។ ដូច្នេះហើយ និយាយភាសាសាមញ្ញ ពេលដែលយើងទទូលទានអាហារឆៅ វាអាចមានបញ្ហាដល់សុខភាព ដូចគ្នាដែរ ព័ត៌មានដែលវាឆៅហ្នឹង វាអាចធ្វើឲ្យយើងភ័ន្តច្រឡំ ហើយជឿខុស ហើយតែជឿខុសហើយ អាចគិតខុស និងប្រព្រឹត្តមិនត្រឹមត្រូវដែរ“ ៕ កុលបុត្រ

RELATED ARTICLES