ភ្នំពេញ៖ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងលោក សុផាឆៃ វិរៈភុជុង ប្រធានសមាគមកីឡាបាល់ទាត់ កងយោ ធពលខេមរភូមិន្ទ (Tiffy Army FC) កាលពីល្ងាចម្សិលមិញនេះបានរៀបចំអាហារសាមគ្គីជូនក្រុមបាល់ទាត់គុនខ្មែរអលស្តារ និងក្រុមតារាកម្ពុជា ដែលបានបញ្ចប់ការប្រកួតមិត្តភាពសប្បុរសធម៌ជួយពេទ្យគន្ធបុប្ផាកន្លងទៅថ្មីៗនេះ។
លោក សុផាឆៃ វិរៈភុជុង ប្រធានសមាគមកីឡាបាល់ទាត់Tiffy Army FC បានឲ្យដឹងដែរថា លោករីករាយមែនទែនចំពោះការប្រកួតសប្បុរសធម៌ដែលដឹកនាំដោយសម្ដេចតេជោផ្ទាល់នេះ។ នេះជាក្ដីស្រមៃរបស់លោកពីមុនមកគឺចង់ឲ្យមានការប្រកួតបែបសប្បុរសធម៌ទាំងនេះកើតឡើងឥលូវនេះបានសម្រេចផងដែរ។ ការប្រកួតនេះបានបណ្ដុះទឹកចិត្តដល់យុវជន និងប្រជាពលរដ្ឋឲ្យយល់ពីតម្លៃនៃជីវិត ចេះជួយសន្ដោសប្រណីគ្នា ស្រ ឡាញ់គ្នា ដែលទាំងនេះគឺតាមនាំនៃពុទ្ធសាសនាផងដែរ។ មានតែសន្តិភាពផ្លូវចិត្ត ការចេះជួយគ្នា ស្រឡាញ់រាប់អានគ្នានេះទេដែលជាផ្លូវត្រឹមត្រូវក្នុងជីវិតមនុស្ស ព្រោះអ្វីៗដែលមានសព្វថ្ងៃគឺមិនមែនជារបស់ម្នាក់ៗជារៀងរហូតនោះទេ ពោលវានឹងបាត់បង់ ឬមិនអាចយកទៅជាមួយនរណាឡើយនៅពេលដែលស្លាប់ទៅ។
ឯកឧត្ដម ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានសម្ដែងនូវការសប្បាយរីករាយជាខ្លាំងដែលការប្រកួតសប្បុរសធម៌កាលពីថ្ងៃទី១ ឧសភា ២០២៤ នេះមានការគាំទ្រច្រើនពីមហាជន និងមានការចូលរួមទស្សនារាប់ម៉ឺននាក់។ ថវិកាដែលប្រមូលបាននេះនឹងជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលយកទៅសង្គ្រោះជីវិតក្មេងៗបានរាប់ម៉ឺន រាប់លាននាក់បន្តទៀត និងជួយការងារសប្បុរសធម៌ផ្សេងទៀតផងដែរ។
តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរ បានកៀគរថវិកាបរិច្ចាគពីសប្បុរសជនសរុបចំនួន ៥,០០១,២៥០ដុល្លារ គិតត្រឹមថ្ងៃប្រកួត ហើយសម្ដេចតេជោ ហ៊ុន សែន បានប្រកាសផ្ដល់ជូនមន្ទីរពេទ្យកុមារអង្គរ ៥០ម៉ឺនដុល្លារ, មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ៣០ម៉ឺនដុល្លារ, គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់ នៅយោធភូមិភាគ៣ ចំនួន ២០គ្រួសារ ចំនួន ២០ម៉ឺនដុល្លារ សរុបចំនួន ១លានដុល្លារ ខណៈថវិកានៅសល់ ត្រូវបានផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់។
សូមរំឮកថា ការប្រកួតបាល់ទាត់មិត្តភាព ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿង ញៀន» កាលពីថ្ងៃពុធកន្លងទៅ មាន ៤ក្រុមចូលរួម និងមាន ២ប្រកួត ដោយលទ្ធផលក្រុមបាល់ទាត់តារាកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាគ្រូបង្វឹកកិត្តិយស បានយកឈ្នះក្រុម Kun Khmer All Star ២-០ គ្រាដែល ១គូទៀត គឺក្រុម Vlogger All Star បានយកឈ្នះក្រុមអ្នកលេងបាល់ទះ S&E All Star ២-១ ស្របពេលព្រឹត្តិការណ៍នេះ បានទាក់ទាញអ្នកចូលទស្សនាផ្ទាល់រហូតដល់ ២៩,៩៩៨នាក់ ៕