វៀតណាម ៖ ត្រីរាប់សែនក្បាល បានងាប់គ្រប់ទីកន្លែង អណ្តែតក្នុងក្បូនពីលើផ្ទៃទឹក នៅអាងស្តុកទឹកសុងម៉ាយ (Song May) ក្នុងខេត្តដុងណៃ (Dong Nai) ភាគខាងត្បូងប្រទេសវៀតណាម បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិនៅតំបន់នោះ និងប្រជាជាតិវៀតណាម ទាំងមូល។ ទន្ទឹមនឹងនេះ ស្ថានីយ៍ទូរទស្សន៍ និងប្រព័ន្ធផ្សព្វ ផ្សាយអនឡាញ បានរាយការណ៍ពីស្ថានភាពត្រីងាប់ រាប់រយពាន់ក្បាល ចំពេលអាកាសធាតុក្តៅនិងស្ងួតខ្លាំង រហូតដល់ស្ទើរតែមិនមានទឹកនៅក្នុងអាង។

ប្រព័ន្ធផ្សព្វផ្សាយវៀតណាម និងអ្នកស្រុក បានរាយការណ៍ពីមូលហេតុនៃការងាប់ត្រី យ៉ាងច្រើន នោះគឺដោយសាររលកកម្តៅដែលរាលដាលពាសពេញអាស៊ី ពីការឡើងកម្តៅផែនដី អាកាសធាតុបានផ្លាស់ប្តូរយ៉ាងខ្លាំង។ ប្រការនេះ បណ្តាលឱ្យប្រទេសវៀតណាម មានអាកាសធាតុក្តៅខ្លាំង បើធៀបនឹងប្រទេសជិតខាងក្នុងអាស៊ាន រួមទាំងការគ្រប់គ្រងអាងស្តុកទឹកសុង ម៉ាយ មិនបានល្អ ពីព្រោះអាងស្តុកទឹក ស្ទើរតែគ្មានសល់។

បើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសវៀតណាម អាកាសធាតុស្ងួត នៅតំបន់អាងស្តុកទឹកសុងម៉ាយ ក្នុងខេត្តដុងណៃ រហូតដល់ត្រីរាប់សែនក្បាលងាប់ បន្ទាប់ពីមិនមានភ្លៀងធ្លាក់នៅក្នុងតំបន់នេះ អស់រយៈ ពេលជាច្រើនខែ ហើយកម្រិតទឹកក្នុងអាងទឹក បានធ្លាក់ចុះទាបខ្លាំង បង្កការលំបាកដល់សត្វក្នុងទឹក ក្នុងការរស់ រានមានជីវិត ខណៈមន្ត្រីទទួលបន្ទុកគ្រប់គ្រងអាងស្តុកទឹកនោះ ថាចាំបាច់ក្នុងការបញ្ចេញទឹកពីអាងស្តុកទឹកនេះ ដើម្បីជួយកសិករមានទឹកសម្រាប់រក្សាកសិផលរបស់ពួកគេ។ បន្ថែមពីលើនេះ ត្រីងាប់រាប់រយពាន់ក្បាល ពេលនេះ ត្រីចាប់ផ្តើមស្អុយរលួយ និងបញ្ចេញក្លិនមិនល្អ។

គួរបញ្ជាក់ថា វៀតណាម ឥឡូវនេះក៏ដូចជាប្រទេសជិតខាងជាច្រើន ក្នុងតំបន់អាស៊ាន ដែលប្រឈមនឹងអា កាសធាតុក្តៅខ្លាំង សីតុណ្ហភាពលើសពី ៤១អង្សាសេ ដោយសាររលកកម្ដៅឡើងខ្ពស់ រហូតដល់តំបន់ខ្លះ អាជ្ញាធរត្រូវបញ្ជាឱ្យបិទសាលា។ ទន្ទឹមនឹងនេះ ការប្រើប្រាស់អគ្គិសនី បានកើនឡើងយ៉ាងខ្លាំង ព្រោះមនុស្សត្រូវការបើកម៉ាស៊ីនត្រជាក់ និងកង្ហារច្រើនជាងមុន៕
