ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ជិះម៉ូតូ ១គ្រឿង ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់នារីម្នាក់ បានសម្រេច លុះនារីរងគ្រោះជិះដេញតាមពីក្រោយ ស្រែកចោរ!ៗ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ព្យាយាមជិះម៉ូតូរត់គេច ក៏ជ្រុលចង្កូតទៅបុកម៉ូតូកង់បី ១គ្រឿង បណ្តាលឱ្យដួល ត្រូវ ប្រជាពលរដ្ឋនាំគ្នាដេញចាប់បាន ប្រគល់ឱ្យសមត្ថ កិច្ច។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងបុរីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះជី សម្បត្តិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រៃជី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងទី២-ឈ្មោះហាន កញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិដំណាក់ធំ៣ សង្កាត់មានជ័យ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះ មានឈ្មោះឆម ធីតា ភេទស្រី អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CO-4289 ធ្វើដំណើរ តាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីជើង ទៅត្បូង ក្នុងគោលបំណងទៅផ្សារឈូកវ៉ា២ ដើម្បីទិញអីវ៉ាន់ ដោយទុកទូរស័ព្ទម៉ាក iPhone 13 Pro Max ដាក់ក្នុងហោប៉ៅម៉ូតូខាងមុខ ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KL- 1376 ធ្វើដំណើរមកតាមក្រោយ ហើយធ្វើសកម្មភាពលូកឆក់យកទូរស័ព្ទ បានសម្រេច ហើយភ្លាមៗនោះនារីរងគ្រោះ បានជិះម៉ូតូដេញតាមពីក្រោយ ស្រែកចោរ!ៗ ធ្វើឱ្យក្រុមជនសង្ស័យភ័យស្លន់ស្លោព្យាយាមជិះម៉ូតូរត់គេច ធ្វើឲ្យជ្រុលទៅបុកម៉ូតូកង់បី ១គ្រឿង បណ្តាលឱ្យដួល ក៏ត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់បាន ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ ទាំង២នាក់ ទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕