Sunday, May 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសៀតកាំភ្លើង ជិះម៉ូតូយប់ ជាប់ខ្នោះ២

សៀតកាំភ្លើង ជិះម៉ូតូយប់ ជាប់ខ្នោះ២

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូដឹកគ្នាមកដល់ត្រង់ចំណុចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង ស្រាប់តែព្យាយាមជិះរត់គេចចេញពីគោលដៅសមត្ថកិច្ច ទីបំផុតត្រូវសមត្ថកិច្ចប្រដេញតាមចាប់ក្របួចជាប់ និងឆែកឆេរឃើញមានកាំភ្លើងខ្លី ១ដើម ជាប់ខ្លួនជនសង្ស័យ ទើបចាប់ឃាត់ខ្លួនទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួនមុខសញ្ញាសង្ស័យទាំង២ បានធ្វើឡើង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវលេខ១០៥ កែងលេខ 105A ស្ថិតក្នុងភូមិទួលគោក សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះធឹម លីហ័រ  ភេទប្រុស អាយុ២៤ឆ្នាំ មានលំនៅ ភូមិសំបួរ ឃុំជើងរាស់ ស្រុកសាមគ្គីមុន្នីជ័យ និងទី២-ឈ្មោះផៃ ភក្តី ភេទប្រុស អាយុ៣៤ឆ្នាំ មានលំនៅ ភូមិអន្លង់ពពាយ ឃុំក្រាំងអំពិល ស្រុកសំរោងទង។

ចំណែកវត្ថុតាងដកហូតបាន រួមមាន ១-កាំភ្លើងខ្លី ម៉ាក K-54 ចំនួន១ដើម មានបង់១ គ្រាប់ចំនួន២គ្រាប់។ ២-ទូរស័ព្ទដៃ ស្មាតហ្វូន ម៉ាក Realme ពណ៌បៃតង។ ៣- Power Bank ពណ៌ខ្មៅ  ចំនួន១។ ៤-ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤។ ៥-កាតសមាជិក ធានារ៉ាប់រង២សន្លឹក (ប្រូសូរ អ៊ិន សូរេន កម្ពុជា និងធានារ៉ាប់រងម៉ូតូ ហ្វីលី)។ ៦-វីសាកាត ១សន្លឹក។ ៧-កាតបើកលុយ វីង ចំនួន១សន្លឹក។ ៨-ទូរស័ព្ទដៃ ណូគា ១២៨០ (ចុចពិល)២គ្រឿង។ ៩-ចម្ពាមកៅស៊ូ១ មានគ្រាប់ដែកមូល ចំនួន៣គ្រាប់។ ១០-ដែកកេះ ពណ៌ស១។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងច្បារមន បានដាក់គោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ ជាតិស្រវឹង ជាតិផ្ទុះ សារធាតុញៀន នៅពេលយប់ នៅចំណុចគោលដៅខាងលើ ពេលនោះជនសង្ស័យទាំង ២នាក់ បានជិះមកដល់ចំណុចគោលដៅសមត្ថកិច្ច ក៏បានបត់ម៉ូតូគេច តែកម្លាំងអន្តរាគមន៍នៃអធិការដ្ឋានដេញតាមឃាត់ខ្លួនបាន នាំយកមកសាកសួរ និងបានរកឃើញកាំភ្លើងខ្លី ១ដើមទៀតផង។

ជនសង្ស័យទាំង២ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមផ្លូវច្បាប់៕

RELATED ARTICLES