Sunday, May 19, 2024
Homeព័ត៌មានអន្តរជាតិទឹកជំនន់នៅប្រេស៊ីល សម្លាប់មនុស្សយ៉ាងតិច ៦០នាក់ បាត់ខ្លួន ៦៧នាក់

ទឹកជំនន់នៅប្រេស៊ីល សម្លាប់មនុស្សយ៉ាងតិច ៦០នាក់ បាត់ខ្លួន ៦៧នាក់

ប្រទេសប្រេស៊ីល ៖ ភាគខាងត្បូងប្រទេសប្រេស៊ីល រងការវាយប្រហារដោយទឹកជំនន់ និងការបាក់ដីយ៉ាងធ្ងន់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង នាពេលថ្មីៗនេះ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ជិត ៦០នាក់ ខណៈមន្ត្រីជំនាញ ព្រមានថា ទំនប់ទឹកមួយទៀត ប្រឈមនឹងការបាក់។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ពីទឹកជំនន់ដ៏ធ្ងន់ និងការបាក់ដីជាច្រើនកន្លែង ជាលទ្ធផលនៃភ្លៀងធ្លាក់ខ្លាំង នៅរដ្ឋ រីអូ ហ្គ្រែនដូស៊ុល (Rio Grande do Sul) ភាគខាងត្បូងនៃប្រទេសប្រេស៊ីល បណ្តាលឱ្យមនុ ស្សយ៉ាងហោចណាស់ ៥៦នាក់ស្លាប់ ហើយនៅថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤ មនុស្ស ៦៧នាក់ផ្សេងទៀត កំពុងបាត់ខ្លួន និងជាង ៣២ ០០០នាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែង ដើម្បីគេចពីគ្រោះមហន្តរាយ តាំងពីសប្តា ហ៍មុនមក។ លើសពីនេះទៀត មនុស្សជាង ៥០ម៉ឺននាក់ ក្នុងតំបន់ ត្រូវរស់នៅដោយគ្មានអគ្គិសនី និងទឹកស្អាត ខណៈពេលដែលវិទ្យាស្ថានជាតិឧតុនិយម របស់ប្រទេសប្រេស៊ីល បានព្យាករណ៍ថា ភ្លៀង នឹងធ្លាក់កាន់តែច្រើន។

លក្ខខណ្ឌអាកាសធាតុដែលប្រេស៊ីល កំពុងប្រឈមមុខ គឺជាលទ្ធផលនៃការរួមបញ្ចូលគ្នាដ៏កម្រនៃលក្ខខណ្ឌអាកាសធាតុចំនួនបី គឺសីតុណ្ហភាពខ្ពស់មិនធម្មតា សំណើមខ្ពស់ និងខ្យល់បក់ខ្លាំង។

ជាងពាក់កណ្តាលនៃទីក្រុងចំនួន ៤៩៧ នៅក្នុងរដ្ឋ រីអូ ហ្គ្រែនដូស៊ុល ត្រូវបានរងផលប៉ះពាល់ដោយព្យុះ។ ផ្លូវ និងស្ពានជាច្រើន ត្រូវបានបំផ្លាញ។ ព្យុះនេះក៏បានបង្កឱ្យមានការបាក់ដីនៅកន្លែងជាច្រើន ហើយបានបណ្តាលឱ្យទំនប់វារីអគ្គិសនីតូចមួយ នៅជិតទីក្រុង បេនតូ ហ្គនសាលវេស (Bento Gonsalves) បានដួលរលំដោយផ្នែក រហូតដល់ទឹកជំនន់ភ្លាមៗបានកើតឡើង មានអ្នកស្លាប់ចំនួន ៣០នាក់ ។

មន្ត្រីជំនាញ បានព្រមានដូច្នេះ បន្ទាប់ពីទំនប់ទីពីរ នៅបេនតូ ហ្គនសាលវេស ក៏ប្រឈមនឹងហានិភ័យនៃការបាក់ផងដែរ ព្រោះកម្ពស់ទឹកបានកើនឡើងច្រើន។

ទន្ទឹមនឹងនេះ ទឹកនៅក្នុងទន្លេគុយបា (Cuiba) បានហូរហៀរច្រាំងទន្លេ បណ្តាលឲ្យមានទឹកជំនន់នៅរដ្ឋធានី ព័រតូ (Porto) នៃរដ្ឋរីអូ ហ្គ្រែនដូស៊ុល បណ្តាលឱ្យអាកាសយានដ្ឋានអន្តរជាតិនៅក្នុងទីក្រុងនេះ ត្រូវប្រកាសផ្អាកជើងហោះហើរទាំងអស់ ដោយគ្មានកំណត់។

លោកប្រធានាធិបតី លីឡា ដា ស៊ីលវ៉ា (Lula da Silva) បានទៅទស្សនាតំបន់លិចទឹក ហើយបានសន្យាថា រដ្ឋាភិបាល នឹងជួយដោះស្រាយជូនប្រជាពលរដ្ឋ។

វិទ្យាស្ថានឧតុនិយមជាតិ បាននិយាយថា ប្រទេសប្រេស៊ីល កំពុងប្រឈមមុខនឹងទឹកជំនន់យ៉ាងធ្ងន់ជាលើកទីបួន ក្នុងរយៈពេលតិចជាងមួយឆ្នាំ បន្ទាប់ពីទឹកជំនន់នៅក្នុងខែកក្កដា ខែកញ្ញា និងខែវិច្ឆិកា ឆ្នាំមុន ដែលបានបណ្តាលឱ្យមនុស្ស ៧៥នាក់ បានស្លាប់។ ប្រទេសប្រេស៊ីល ជួបប្រទះភ្លៀងធ្លាក់ញឹកញាប់ និងខ្លាំងជាងមុន ដោយសារតែឥទ្ធិពលនៃបាតុភូតអាកាសធាតុអែលនីណូ (El Niño)៕

RELATED ARTICLES