Sunday, May 19, 2024
Homeព័ត៌មានអន្តរជាតិអ៊ីស្រាអែល-ហាម៉ាស់ ចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា

អ៊ីស្រាអែល-ហាម៉ាស់ ចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា

អ៊ីស្រាអែល ៖ ការចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា បានបន្តធ្វើនៅប្រទេសអេហ្ស៊ីប ដើម្បីបញ្ចប់សង្រ្គាមរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល។ ទន្ទឹមនឹងនេះ អ៊ីស្រាអែល មិនបានបញ្ជូនតំណាងទៅចូលរួមការពិភាក្សានោះទេ។

អ្នកសម្រុះសម្រួលមកពីកាតា អេហ្ស៊ីប និងអាមេរិក បានជួបពិភាក្សាជាមួយគណៈប្រតិភូក្រុមហាម៉ាស់ ដើម្បីស្តាប់ទស្សនៈរបស់ក្រុមនេះ លើសំណើបញ្ចប់ការប្រយុទ្ធគ្នា រយៈពេល ៤០ថ្ងៃ និងផ្លាស់ប្តូរចំណាប់ខ្មាំងអ្នក ទោសប៉ាឡេស្ទីន ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការចរចាបានចាប់ផ្តើម។ មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាស់ ថាបានរារាំងលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងមួយ ដោយបដិសេធមិនបោះ បង់ការទាមទារឱ្យបញ្ចប់សង្គ្រាម នៅមុនម៉ោង ៩យប់ម៉ោងក្នុងស្រុក កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤។

 ប្រភពពីក្រុមហាម៉ាស់ ដែលស្និទ្ធនឹងការចរចា បាននិយាយថា ការចរចាបានបញ្ចប់ ហើយនឹងបន្តនៅថ្ងៃអាទិត្យ បន្ទាប់ពីការចរចាកន្លងមក បានជាប់គាំង ផ្នែកមួយដែលពាក់ព័ន្ធនឹងការទាមទាររបស់ក្រុមហាម៉ាស់ សម្រាប់បទឈប់បាញ់រយៈពេលវែង។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនហ្សាមីន នេតាន់យ៉ាហ៊ូ  (Benjamin Netanyahu) បានប្តេជ្ញាថា នឹងកម្ទេចក្រុមយុទ្ធជនដែលនៅសេសសល់របស់ក្រុមហាម៉ាស ក្នុងទីក្រុងរ៉ាហ្វាហ៍ (Rafah) ដែលពោរពេញទៅដោយជនប៉ាឡេស្ទីន ដែលផ្លាស់លំនៅមួយចំនួនធំ។

អ៊ីស្រាអែល មិនទាន់បញ្ជូនគណៈប្រតិភូទៅក្រុងគែរ នោះទេ។ មន្ត្រីអ៊ីស្រាអែល បាននិយាយថា អ៊ីស្រាអែល នឹងបញ្ជូនតំណាងទៅចរចា លុះត្រាតែមានចលនាវិជ្ជមាននៅក្នុងក្របខ័ណ្ឌដែលបានស្នើឡើង។

សង្គ្រាមបានផ្ទុះឡើង បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់ លើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដែលបណ្តាលឱ្យមនុស្សស្លាប់ជាង ១១៧០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៤ ៦៥៤នាក់ នៅតំបន់ហ្គាហ្សាស្ទ្រីព ភាគច្រើនជាស្ត្រី និងកុមារ។

លោកអែនថូនី ប្លិងខិន (Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាននិយាយថា ការទទួលយកកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែល គួរតែជារឿងមួយដែលមិនបាច់គិតច្រើន សម្រាប់ក្រុមហាម៉ាស់ ដោយគាត់បាននិយាយថា ការពិតបច្ចុប្បន្ន រឿងតែមួយគត់ដែលឈរនៅចន្លោះប្រជាជនហ្គាហ្សា និងបទឈប់បាញ់ គឺក្រុមហាម៉ាស់។

អង្គការសុខភាពពិភពលោកបាននិយាយថា ប្រជាជន ១.២លាននាក់ ឬពាក់កណ្តាលនៃចំនួនប្រជាជន រស់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីព កំពុងជ្រកកោននៅរ៉ាហ្វាហ៍ (Rafah)។

 អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានព្រមានថា ប្រតិបត្តិការយោធាពេញលេញនៅរ៉ាហ្វាហ៍ អាចឈានដល់ការបង្ហូរឈាម។

លោក Jens Laerke អ្នកនាំពាក្យការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយថា ការវាយប្រហារលើរ៉ាហ្វាហ៍ អាចបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ដល់ភ្នាក់ងារផ្សេងៗ ដែលបានព្យាយាមជួយ។សង្គ្រាមនៅហ្គាហ្សា ក៏បានបង្កឲ្យមានអំពើហិង្សានៅតំបន់វេសថ៍បែងខ៍ (West Bank) ដែរ។ អ៊ីស្រាអ៊ែល បាននិយាយកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ ថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ភេរវករប៉ាឡេស្ទីន ប្រាំនាក់ ក្នុងអំឡុងពេលការឡោមព័ទ្ធរយៈពេល ១២ម៉ោង នៅជិត តំបន់ទុលការ៉េម (Tulkarem) ហើយរហូតមកដល់ពេលនេះ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ចំនួន ៤៩៦នាក់ ត្រូវបានសម្លាប់នៅតំបន់វេសថ៍បែង ដោយកងកម្លាំងអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។

តាមប្រភពបណ្តាញព័ត៌មានអេហ្ស៊ីប al-qahira បានលើកឡើងពីប្រភពជាន់ខ្ពស់មួយ សុំមិនបញ្ចេញឈ្មោះថា មានការរីកចម្រើនយ៉ាងខ្លាំងក្នុងការចរចា។ អ្នកសម្របសម្រួលបានឈានដល់ការព្រមព្រៀងគ្នាលើបញ្ហាជម្លោះភាគច្រើន។

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ បាននិយាយមុនពេលកិច្ចពិភាក្សាបន្តថា ការចរចាគួរតែត្រូវបានមើលដោយបើកចំហចំពោះការផ្លាស់ប្តូរទីតាំងកាន់កាប់របស់អ៊ីស្រាអែល និងជំហររបស់អាមេរិក ប៉ុន្តែនៅមានបញ្ហាដែលត្រូវដោះស្រាយ។

លោក Hossam Badran មន្ត្រីជាន់ខ្ពស់របស់ហាម៉ាស ចោទប្រកាន់លោកនេតាន់យ៉ាហ៊ូ ថាបានព្យាយាមធ្វើឱ្យខូចដល់សំណើបទឈប់បាញ់ចុងក្រោយបំផុត ដោយគំរាមបន្តការប្រយុទ្ធដោយមានឬគ្មានកិច្ចព្រមព្រៀង។លោក Badran បាននិយាយ។ ការទទូចរបស់លោកនេតាន់យ៉ាហ៊ូ លើការវាយប្រហារតំបន់រ៉ាហ្វាហ៍ គោល បំណងគឺដើម្បីការពារលទ្ធភាពនៃការបញ្ចប់កិច្ចព្រមព្រៀងមួយ។

មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា៖ “អ្វីដែលយើងកំពុងពិចារណា គឺកិច្ចព្រមព្រៀងលើក្របខ័ណ្ឌមួយសម្រាប់កិច្ចព្រមព្រៀងចំណាប់ខ្មាំងដែលអាចកើតមាន” ហើយបាននិយាយថា សញ្ញានៃវឌ្ឍនភាព នឹងកើតមានប្រសិនបើអ៊ីស្រាអែល បញ្ជូនគណៈប្រតិភូដែលដឹកនាំដោយប្រធានអង្គភាពស៊ើបការណ៍ David Barnea ទៅកាន់ទីក្រុងគែរ (Cairo)៕

RELATED ARTICLES