Sunday, May 19, 2024
Homeព័ត៌មានជាតិគម្រោងប្រឡាយមេ៩៦ ជួយរំដោះទឹកជំនន់ ភ្នំពេញ នឹងលែងមានជំនន់ទឹកភ្លៀងលិច

គម្រោងប្រឡាយមេ៩៦ ជួយរំដោះទឹកជំនន់ ភ្នំពេញ នឹងលែងមានជំនន់ទឹកភ្លៀងលិច

ខេត្តកណ្ដាល ៖ គម្រោងជីកស្តារប្រឡាយមេ៩៦ ដើម្បីរំដោះទឹកនិងពង្វាងទឹកជំនន់ កុំឲ្យលិចរាជធានីភ្នំពេញ ដែលមានទីតាំងក្នុងភូមិសាស្ត្រខេត្តកណ្តាលនោះ គិតមកដល់ពេលនេះ សម្រេចបានប្រមាណ ៦៥ភាគរយហើយ ។ នៅពេលគម្រោងនេះ បានសម្រេចរួចរាល់ រាជធានីភ្នំពេញ នឹងលែងមានជំន់ទឹកភ្លៀងលិចលង់ទៀតហើយ។

នៅក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោងខាងលើ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានលើកឡើងថា ការជន់លិចតំបន់ជុំវិញរាជធានីភ្នំពេញ និងតំបន់រណប និងផ្នែកខ្លះនៃខេត្តកណ្តាល បណ្តាលពីបរិមាណទឹកភ្លៀង ហូរធ្លាក់ពីតំបន់ភ្នំឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ និងពីតំបន់ភ្នំក្រវាញ តាមព្រែកនានា ហូរចូលមកស្ទឹងព្រែកត្នោត ធ្វើឱ្យកើនឡើងពី ១៣០០ ទៅ ១៧០០ម៉ែត្រគូប ក្នុងមួយវិនាទី ខណៈសំណង់រំដោះទឹក នៅកំពង់ទួល នៅផ្នែកខាងក្រោម អាចរំដោះទឹកបានប្រមាណ ៨៥០ម៉ែត្រគូប ក្នុងមួយវិនាទី។ លោកបន្តថា កត្តាកម្ពស់ទឹក នៅតាមអាងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ហក់ឡើងខ្ពស់ និងបរិមាណទឹកដ៏ច្រើន ពីតំបន់ផ្ទៃរងទឹកភ្លៀង នៅជុំវិញផង ក៏ជាហេតុបណ្តាលឱ្យមានការជន់លិចដែរ។ ជាការឆ្លើយតប គម្រោងពង្វាងទឹកនេះ ជាយុទ្ធសាស្ត្រក្នុងការរំដោះទឹក ឱ្យបានឆាប់ធ្លាក់ចូលទៅក្នុងអាងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដែលមានការស្តារប្រឡាយ ចំនួន ១០ខ្សែ ប្រវែង ២៦០គីឡូម៉ែត្រ ព្រមទាំងអភិវឌ្ឍធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធដោះទឹកជំនន់ទឹកភ្លៀងផងដែរ។

ដោយឡែក ចំពោះការងារជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់ នៃគម្រោងដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រសង្កាត់កំពង់សំណាញ់ សង្កាត់រកាខ្ពស់ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានប្រវែង ៣៤គីឡូម៉ែត្រ សម្រេចបានប្រមាណ ៦៥%។

លោករដ្ឋមន្រ្តី ថោ ជេដ្ឋា បានបញ្ជាក់ថា ការងារជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់ នៃគម្រោងដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងព្រែកគង់ ប្រវែង៣៤គីឡូម៉ែត្រ និងមានមុខកាត់ទទឹងពី ៨០ ទៅ១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀង សម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតំបន់រណប ដើម្បីជួយរំដោះទឹកផ្នែកខាងលើព្រលានយន្តហោះថ្មី ដោយនាំទឹកចេញពីស្ទឹងព្រែកត្នោត ត្រង់ម្តុំព្រែកហូរ និងតំបន់ X1 វាងព្រលានយន្តហោះ ចូលទៅបឹងជើងលោង ព្រែកអំបិល និងធ្លាក់ទៅសមុទ្រ។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអនុញ្ញាតពីសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើគម្រោងផែនការដើម្បីដោះទឹក និងពង្វាងទឹកក្នុងរដូវវស្សា ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងដោះស្រាយបញ្ហាខ្វះទឹក ដែលតែងតែកើតមាននៅរដូវប្រាំង នៅតំបន់ជុំវិញ រួមមាន ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ ប្រកបដោយស័ក្តិសិទ្ធិភាព និងនិរន្តរភាព។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី ថោ ជេដ្ឋា បានថ្លែងកោតសរសើរដល់ក្រុមការងារសាងសង់ និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយម រាជធានី-ខេត្ត ដែលពាក់ព័ន្ធ ឱ្យបន្តសហការជាមួយអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញការអនុវត្តគម្រោងឱ្យសម្រេចបានជោគជ័យតាមផែនការគ្រោងទុក ប្រកបដោយគុណភាពរឹងមាំ ស្របតាមបទដ្ឋានបច្ចេកទេស ធានាដល់ការប្រើប្រាស់បានយូរអង្វែង ។

default

គួរបញ្ជាក់ថា គម្រោងដោះទឹក និងពង្វាងទឹក សម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវអនុវត្តជាបីជំហាន ក្នុងនោះការងារសំខាន់ៗនៃគម្រោង រួមមាន៖ ទី១ ស្តារប្រឡាយមេ រលាំងជ្រៃខាងជើង រលាំងជ្រៃខាងត្បូង ក្នុងខេត្តកំពង់ស្ពឺ ។​ ទី២ ស្តារស្ទឹងតូច ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ។ ទី៣ ស្តារប្រឡាយ៩០ និងប្រឡាយ៩៦ ក្នុងខេត្តកណ្តាល។ ទី៤ ស្តារប្រឡាយ៥៩ ក្នុងខេត្តកណ្តាល។ ទី៥ កែលម្អប្រព័ន្ធប្រឡាយមេជើងឯក ក្នុងរាជធានីភ្នំពេញ និងទី៦ សាងសង់ស្ថានីយបូមទឹក  ចំនួន ៤កន្លែង ប្រើម៉ូទ័រដែលដើរដោយចរន្តអគ្គិសនី ចំនួន ២៧គ្រឿង៕ កុលបុត្រ

RELATED ARTICLES