Monday, May 20, 2024
Homeសន្ដិសុខសង្គមប្រពន្ធឈឺពោះ ប្តីដឹកទៅពេទ្យមិនទាន់ កើតកូននៅអ្នកស្រុក

ប្រពន្ធឈឺពោះ ប្តីដឹកទៅពេទ្យមិនទាន់ កើតកូននៅអ្នកស្រុក

ខេត្តកំពង់ស្ពឺ ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ បានឈឺពោះ ទើបបុរសជាប្តី ប្រញាប់ដឹកបញ្ជូនប្រពន្ធទៅកាន់មណ្ឌលសុខភាពភ្លាមៗដែរ តែធ្វើដំណើរបានពាក់កណ្តាលផ្លូវ ប្រពន្ធឈឺពោះទ្រាំមិនបាន ក៏សម្រេចសុំផ្ទះអ្នកស្រុក ឱ្យប្រពន្ធសម្រាល ហើយបុរសជាប្តីបានទៅហៅពេទ្យពីមណ្ឌលសុខភាព ឱ្យមកជួយសម្រាល។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះអ្នកស្រុក ស្ថិតក្នុងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់។

ស្ត្រីមានផ្ទៃពោះ ដែលឈឺពោះសម្រាលកូន បញ្ជូនទៅមន្ទីរពេទ្យមិនទាន់នោះ មានឈ្មោះរឹម លី អាយុ២៧ឆ្នាំ។

លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់កាលពីព្រឹកថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ២០២៤ ថា កាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ មានស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ ឈ្មោះរឹម លី បានឈឺពោះសម្រាល ហើយភ្លាមៗនោះ បុរសជាប្តីបានដឹកប្រពន្ធរបស់ខ្លួនសំដៅទៅមន្ទីរពេទ្យ តែពេលធ្វើដំណើរតាមផ្លូវ មកដល់ត្រង់ចំណុចភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ដោយស្ថានភាពឈឺពោះសម្រាលមានសភាពធ្ងន់ធ្ងរ មិនអាចបន្តដំណើរទៅដល់មន្ទីរពេទ្យបាន ទើបបុរសជាប្តី បានសុំផ្ទះអ្នកស្រុក ឲ្យប្រពន្ធឱ្យសម្រាល រួចប្រញាប់ទៅតាមគ្រូពេទ្យមណ្ឌលសុខភាព ឱ្យមកជួយសម្រាលកូនឲ្យប្រពន្ធរបស់ខ្លួន។

លោកវេជ្ជបណ្ឌិត ហុក គ្រី បានឱ្យដឹងទៀតថា ក្រោមកិច្ចអន្តរាគមន៍ទាន់ពេលវេលាយ៉ាងយកចិត្តទុកដាក់ពីក្រុមពេទ្យឆ្មប នៃមណ្ឌលសុខភាពឱរ៉ាល់ ការសម្រាលបានប្រព្រឹត្តទៅដោយជោគជ័យ និងមានសុវត្ថិភាពទាំងម្តាយនិងកូន។ ក្រោយពីសម្រាលរួច ទាំងម្តាយនិងទារកខាងលើ ត្រូវបានដឹកបញ្ជូនមកសម្រាកព្យាបាលបន្តនៅមណ្ឌលសុខភាពឱរ៉ាល់ ក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ៕

RELATED ARTICLES