ប្រទេសតួកគី ៖ យន្តហោះដឹកទំនិញ Boeing 767 មួយគ្រឿង របស់ក្រុមហ៊ុន Fedex មានបញ្ហាកង់ខាងមុខមិនត្រដាង បណ្តាលឲ្យពោះយន្តហោះប៉ះនឹងផ្លូវរត់ រហូតបែកផ្កាភ្លើង បន្ទាប់ពីអ្នកបើកយន្តហោះ បានព្យាយាមចុះចតជាបន្ទាន់ នៅព្រលានយន្តហោះក្នុងទីក្រុងតួកគី (Türkiye) ប្រទេសតួកគី កាលពីព្រឹកថ្ងៃពុធ ទី០៨ ខែ ឧសភា ឆ្នាំ២០២៤ ម៉ោងក្នុងស្រុក។

យន្តហោះ Boeing 767 របស់ក្រុមហ៊ុន Fedex បានធ្វើដំណើរពីអាកាសយានដ្ឋាន សាលដឺហ្គោល (Charles de Gaulle) ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់អាកាសយានដ្ឋាន អ៊ីស្តង់ប៊ុល (Istanbul) ប្រទេសតួកគី ហើយគ្រោងនឹងចុះចតនៅម៉ោងប្រមាណ ៧និង៥៥នាទីព្រឹក ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ ម៉ោងក្នុងស្រុក ប៉ុន្តែបន្ទាប់មកមានហេតុការណ៍ដ៏ធ្ងន់ធ្ងរមួយបានកើតឡើង នៅពេលដែលកង់ខាងមុខរបស់យន្តហោះ មិនត្រ ដាង ខណៈដែលអ្នកបើកយន្តហោះ បានរៀបចំចុះចតនៅអាកាសយានដ្ឋានអ៊ីស្តង់ប៊ុល កត្តានេះបានធ្វើឱ្យពីឡុត បានជូនដំណឹងភ្លាមៗទៅប៉មបញ្ជាការហោះហើរ ដើម្បីស្នើសុំចុះចតបន្ទាន់។
ជាសំណាងល្អ អ្នកបើកយន្តហោះអាចចុះចតជាបន្ទាន់ ដោយជោគជ័យ ក្នុងការប៉ុនប៉ងចុះចតលើកទីពីររបស់គាត់ ប៉ុន្តែត្រូវប្រឈមមុខនឹងគ្រាដ៏ភ័យបំផុត ដោយសារពោះរបស់យន្តហោះបានប៉ះនឹងផ្លូវរត់ ហើយបានបែកផ្កាភ្លើង ប៉ុន្តែយ៉ាងណា អ្នកបើកយន្តហោះ អាចគ្រប់គ្រងយន្តហោះ Boeing 767 ឱ្យឈប់បានទាំងស្រុង ដោយមិនមានអ្នកណាម្នាក់រងរបួសនោះទេ៕