រ៉ាក់យ៉ង (ថៃ) ៖ មានករណីឆេះស៊ីទែនស្តុកសាំង និងហ្គាស់ របស់ក្រុមហ៊ុនម៉ាប់តាភុត (Map Ta Phut Tank Terminal Company Limited) នៅខេត្តរ៉ាក់យ៉ង បង្កឱ្យមានផ្សែងខ្មៅពេញមេឃ ផ្អើលប្រជាជន កាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ និងមានការបញ្ជាឲ្យជម្លៀសអ្នកភូមិ ក្នុងរង្វង់ ៣-៥គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។តាមប្រភពព័ត៌មានថៃ បានឲ្យដឹងថា នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ មជ្ឈ មណ្ឌលតាមដាន និងត្រួតពិនិត្យគុណភាពបរិស្ថាន (EMCC) នៅខេត្តរ៉ាក់យ៉ង បានទទួលដំណឹងថា មានអគ្គិភ័យឆាបឆេះស៊ីទែនស្តុកសាំង និងហ្គាស់ នៅក្រុមហ៊ុនម៉ាប់តាភូត ខូ.អិលធីឌី ផ្លូវ I-8 ឃុំម៉ាប់តាភុត ស្រុកមឿង ខេត្តរ៉ាក់យ៉ង។

ដំបូងឡើយមនុស្ស៣នាក់ បានរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បាងកក រ៉ាក់យ៉ង (Bangkok Rayong) អ្នកដែលនៅក្នុងកន្លែងឆេះត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព។
អ្នកស្រុកនៅក្បែរនោះ បានឮសំឡេងផ្ទុះយ៉ាងខ្លាំង មុនពេលភ្លើងឆាបឆេះ គ្រប់គ្នាភ័យខ្លាចថានឹងផ្ទុះ ពួកគេទាំងអស់គ្នាបានរត់ចេញពីតំបន់នោះ។

សេចក្តីរាយការណ៍ព័ត៌មានបានបញ្ជាក់ថា មានការបញ្ជាឱ្យជម្លៀសប្រជាជនទាំងអស់ចេញពីតំបន់នោះ ក្នុងរង្វង់ពី ៣-៥គីឡូម៉ែត្រ ដោយមានកិច្ចសហការពីមន្ត្រីស្ម័គ្រចិត្ត និងមូលនិធិផ្សេងៗ ដែលបានចល័តជាបន្ទាន់ ដើម្បីជួយប្រជាជនចេញពីតំបន់នោះឲ្យមានសុវត្ថិភាព។ឧបទ្ទវហេតុនេះ មិនមានផលប៉ះពាល់ដល់សហគមន៍ ឬបរិស្ថានទេ ដោយសមាសធាតុអ៊ីដ្រូកាបូន C9+ បានបំបែកចេញទាំងស្រុងនូវ benzene, toluene, និង xylene ចម្រុះ បច្ចុប្បន្ននេះសារធាតុនេះ ត្រូវបានគេប្រើជាអ្នកបំផ្លាញនៅក្នុងឧស្សាហកម្មផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាពក្នុងកម្រិតទាប។

ចំពោះបញ្ហានេះ តំណាងក្រុមហ៊ុន មន្ត្រីទំនាក់ទំនងសហគមន៍ ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ ដើម្បីមើលការខុសត្រូវ ពន្យល់និងស្តាប់យោបល់របស់សហគមន៍ ដើម្បីនឹងផ្តល់ជំនួយពេញលេញ៕
