ព័រតូ (ប្រេស៊ីល) ៖ ប្រទេសប្រេស៊ីល នៅតែស្ថិតក្នុងស្ថានភាពលំបាកដោយសារទឹកជំនន់ អ្នកភូមិនិយាយថា ពួកគេមិនដែលឃើញទឹកជំនន់ដ៏ធំបែបនេះពីមុនមកទេ ចំណែកចំនួនអ្នកស្លាប់ បានកើនឡើងដល់យ៉ាងតិច ៩៥នាក់ ខណៈមនុស្សជាង ១៣០នាក់ នៅបន្តបាត់ខ្លួន។

តាមប្រភពបណ្តាញព័ត៌មានបរទេស បានឲ្យដឹងថា របាយការណ៍របស់អាជ្ញាធរប្រេស៊ីល ឲ្យដឹងថា ស្ថានភាពទឹកជំនន់ដ៏ធំនៅក្នុងរដ្ឋ រីអូ ហ្គ្រែនដូស៊ុល (Rio Grande do Sul) ភាគខាងត្បូងប្រទេសប្រេស៊ីល បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នោះ ធ្វើឲ្យចំនួនអ្នកស្លាប់ បានកើនឡើងដល់យ៉ាងហោច ៩៥នាក់ ហើយមនុស្សជាង ១៣០ នាក់ នៅតែបាត់ខ្លួន ខណៈដែលមនុស្សប្រមាណ ១.៤លាននាក់ បានរងផលប៉ះពាល់ដោយទឹកជំនន់ដ៏ធំនេះ ហើយពេលនេះមន្ត្រីកំពុងព្យាយាមប្រញាប់ប្រញាល់ផ្តល់ទឹកស្អាតជួយជនរងគ្រោះ។

ទឹកជំនន់ដ៏ធំ នៅភាគខាងត្បូងប្រទេសប្រេស៊ីល ដោយសារភ្លៀងធ្លាក់ខ្លាំងបន្តជាច្រើនថ្ងៃ បណ្តាលឱ្យកម្រិត ទឹកនៅតាមដងទន្លេជាច្រើន ហូរហៀរច្រាំងទន្លេ និងជន់លិចតំបន់នោះ។ ផ្ទះប្រជាជននៅទីក្រុងព័រតូ (Porto) រដ្ឋធានីនៃរដ្ឋរីអូ ហ្គ្រែនដូស៊ុល ក៏រងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។

អ្នកស្រុកដែលមានអាយុជិត ៩០ឆ្នាំម្នាក់ នៅក្នុងតំបន់នេះ បានពណ៌នាអំពីស្ថានភាពទឹកជំនន់នៅទីក្រុងព័រតូ ថាជាព្រឹត្តិការណ៍ទឹកជំនន់ដ៏ធំដែលមិនធ្លាប់មានពីមុនមក។ ជាមួយគ្នានេះ អាជ្ញាធរបានអំពាវនាវដល់ប្រជាពល រដ្ឋដែលមានទូក ជួយយកទូកមកជួយប្រជាពលរដ្ឋរាប់ពាន់នាក់ ដែលកំពុងត្រូវការជំនួយ ដោយសារពួកគាត់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង និងផ្លូវត្រូវបានជន់លិច។

កីឡដ្ឋានបាល់ទាត់ ហ្គ្រេមីអូ (Gremio) នៅទីក្រុងព័រតូ ភាគខាងត្បូងប្រទេសប្រេស៊ីល ត្រូវបានទឹកជន់លិច។ ចំណែកអាកាសយានដ្ឋានអន្តរជាតិ សាល់ហ្គាដូ ហ្វីលហូ (Salgado Filho) ក្នុងទីក្រុងព័រតូ (Porto) ក៏ត្រូវបានទឹកជន់លិច៕