Saturday, July 27, 2024
Homeព័ត៌មានអន្តរជាតិ លោកលី សៀនឡុង លាលែងតំណែងនាយករដ្ឋមន្ត្រីសិង្ហបុរី

 លោកលី សៀនឡុង លាលែងតំណែងនាយករដ្ឋមន្ត្រីសិង្ហបុរី

សិង្ហបុរី ៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) គ្រោងនឹងចុះចេញពីតំណែង ដោយប្រគល់ឲ្យឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ លោកឡវរិន វ៉ុង (Lawrence Wong) ដើម្បីធ្វើជានាយករដ្ឋមន្ត្រីថ្មី របស់សិង្ហបុរី។

លោក លី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី អាយុ ៧២ឆ្នាំ គ្រោងនឹងចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីសិង្ហបុរី នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដើម្បីប្រគល់កៅអីនាយករដ្ឋមន្ត្រី ទៅឲ្យលោកឧបនាយករដ្ឋមន្ត្រី ឡវរិន វ៉ុង ឡើងអង្គុយថ្មីជំនួសវិញ ដែលការណ៍នេះ ត្រូវបានគេចាត់ទុកថាជាការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីសិង្ហបុរី លើក ដំបូង ក្នុងរយៈពេល២០ឆ្នាំ។

គួរបញ្ជាក់ថា លោកលី សៀនឡុង (Lee Hsien Loong) កូនប្រុសច្បងរបស់អតីតនាយករដ្ឋមន្ត្រី លី ក្វាន់យូ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣ និងជាប្រធានគណបក្សសកម្មភាពប្រជាជន (PDP) ដែលកាន់ អំណាចតាំងពីខែសីហា ឆ្នាំ២០០៤។

នៅខែវិច្ឆិកា ឆ្នាំ២០២៣ លោកលី សៀនឡុង បានជូនដំណឹងដល់ប្រជាជនសិង្ហបុរី ថាលោកនឹងលាលែងពីតំណែងជានាយករដ្ឋមន្ត្រី នៅឆ្នាំ២០២៤ ហើយនឹងតែងតាំងលោកឡវរិន វ៉ុង  (Lawrence Wong) អាយុ ៥១ឆ្នាំ បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសសិង្ហបុរី។

យោងតាមបណ្តាញព័ត៌មានបរទេសបានរាយការណ៍ថា លោកលី សៀនឡុង ពីមុនមានបំណងចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី តាំងពីបីបួនឆ្នាំមុនមកម៉្លេះ ប៉ន្តែមុនពេលឈានដល់អាយុ ៧០ឆ្នាំ បំណងរបស់គាត់ត្រូវតែត្រូវបានពន្យារពេល ដោយសារតែការរីករាលដាលនៃ COVID-19 ដែលបណ្តាលឱ្យមនុស្សស្លាប់និងឈឺធ្ងន់ជាច្រើននៅជុំវិញពិភពលោក វាក៏ប៉ះពាល់ដល់សេដ្ឋកិច្ចនៃប្រទេសសិង្ហបុរី ជាច្រើនផងដែរ។ លុះមកដល់ពាក់កណ្តាលខែមេសា   ឆ្នាំ២០២៤ លោកបានប្រកាសថា នឹងលាលែងពីតំណែងនាយករដ្ឋមន្ត្រី ដើម្បីប្រគល់ទៅឲ្យលោកឡវរិ វ៉ុង ក្លាយជានាយករដ្ឋមន្ត្រីថ្មី របស់សិង្ហបុរី ជំនួសរូបលោក៕

RELATED ARTICLES