អ៊ុយក្រែន ៖ កងទ័ពរុស្ស៊ី បានអះអាងថាទាហានរបស់ពួកគេបានចូលកាន់កាប់ទីក្រុង វ៉ុលសានស្ក៍ (Volvshansk) ហើយ បន្ទាប់ពីការវាយប្រហារយ៉ាងធ្ងន់ជាច្រើនថ្ងៃ ។
ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ថា យោធារុស្ស៊ី បាននិយាយនៅថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ ថា ពួកគេបានវាយចូលកាន់កាប់ក្នុងទីក្រុង Volvshansk តំបន់ព្រំដែនភាគឦសាននៃប្រទេសអ៊ុយក្រែន បានហើយ បន្ទាប់ពីពួកគេបានបើកការវាយប្រហារថ្មីមួយ លើតំបន់ក្រគីវ (Kharkiv) កាលពីចុងសប្តាហ៍មុននេះ និងដណ្តើមកាន់កាប់បានបានយ៉ាងហោចណាស់ ៩ភូមិ។ ខណៈដែលយោធាអ៊ុយក្រែន បានថ្លែងថា រុស្ស៊ី បានដាក់ពង្រាយកម្លាំងដ៏ធំរហូតដល់កងវរសេនាតូច ចំនួនប្រាំ ក្នុងការវាយលុកចុងក្រោយបង្អស់ ហើយបានសារ ភាពថាទាហានរុស្ស៊ី បានទទួលជោគជ័យផ្នែកបច្ចេកទេសខ្លះ។
ប៉ុន្តែនៅពេលល្ងាច យោធាអ៊ុយក្រែន បានចេញសេចក្តីថ្លែងការណ៍មួយទៀត និយាយថា ៖ រុស្ស៊ី បានបាត់បង់ទាហានជាង ១០០នាក់ ចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ហើយអ៊ុយក្រែន អាចរុញច្រានសត្រូវមកវិញដោយជោគជ័យ ពីជាយក្រុងភាគខាងជើងនៃ ទីក្រុង Volvshansk ហើយពួកគេកំពុងស្ដារបន្ទាយចាស់។
កងទ័ពអ៊ុយក្រែន ក៏បាននិយាយថា ការប្រយុទ្ធគ្នានៅតែបន្តនៅក្នុងតំបន់ចំនួន១២ ហើយបានរាលដាលដល់ភូមិស្តារីស្ត្រា (Staritsa) ភាគខាងលិចនៃទីក្រុង Vovchansk ផងដែរ។
សូមបញ្ជាក់ថា ទីក្រុងវ៉ុលសានស្ក៍ (Volvshansk) មានទីតាំងនៅចម្ងាយពីទីក្រុងក្រាគីវ ( Kharkiv) ទីក្រុងធំទីពីររបស់អ៊ុយក្រែន ត្រឹមតែ ៧៤គីឡូម៉ែត្រប៉ុណ្ណោះ ហើយទីក្រុងនេះ ត្រូវបានទម្លាក់គ្រាប់បែកយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលបណ្តាលឱ្យប្រជាជនជិត ៦០០០នាក់ ត្រូវជម្លៀសចេញ ហើយឥឡូវនេះ នៅសល់តែមនុស្ស ២០០-៣០០នាក់ប៉ុណ្ណោះ រស់នៅក្នុងទីក្រុងនេះ។
លោក អូឡេហ៍ ស៊ីនេហ៊ូបូវ (Oleh Sinehubov) អភិបាលនៃតំបន់ក្រាគីវ (Kharkiv) បានថ្លែងថា រុស្ស៊ី កំពុងព្យាយាមពង្រីកតំបន់ជួរមុខរបស់ខ្លួន ដោយបញ្ជូនកម្លាំងតូចៗ ទៅវាយប្រហារតំបន់ថ្មី។ កងទ័ពអ៊ុយក្រែន ឥឡូវកំពុងវាយប្រហាររុស្ស៊ី ប៉ុន្តែការប្រយុទ្ធគ្នាអាចរីករាលដាលដល់សហគមន៍ផ្សេងទៀត ដោយយ៉ាងហោចណាស់សហគមន៍ចំនួន៣០ ឥឡូវនេះត្រូវបានវាយប្រហារដោយកាំភ្លើងត្បាល់ ឬកាំភ្លើងធំ៕