Wednesday, February 26, 2025
Homeព័ត៌មានអន្តរជាតិនាយករដ្ឋមន្ត្រីស្លូវ៉ាគី ខ្មាន់កាំភ្លើងបាញ់៥គ្រាប់

នាយករដ្ឋមន្ត្រីស្លូវ៉ាគី ខ្មាន់កាំភ្លើងបាញ់៥គ្រាប់

ប្រទេសស្លូវ៉ាគី ៖ នាយករដ្ឋមន្ត្រី  នៃប្រទេសស្លូវ៉ាគី ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ ចំនួន ៥គ្រាប់ បណ្តាលឱ្យរបួសធ្ងន់ សន្លប់ស្តូក ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែកជនដៃដល់ជាខ្មាន់កាំភ្លើង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ។

ហេតុការណ៍នេះបានកើតឡើងនៅមុខអគារមជ្ឈមណ្ឌលវប្បធម៌ ក្នុងទីក្រុងហែនឡូវ៉ា (Handlova) ដែលមានចម្ងាយពីរដ្ឋធានីប្រាទីស្លាវ៉ា (Bratislava) នៃប្រទេសស្លូវ៉ាគី ប្រហែល ១៨០គីឡូម៉ែត្រ នៅភាគឦសាន កាលពីវេលាម៉ោង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បណ្តាលឱ្យលោកនាយករដ្ឋមន្រ្តី រ៉ូបឺត ហ្វីកូ (Robert Fico) អាយុ ៥៩ឆ្នាំ រងរបួសយ៉ាងធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលលោកនាយករដ្ឋមន្រ្តី រ៉ូបឺត ហ្វីកូ បានបញ្ចប់កិច្ចប្រជុំរបស់គាត់ ហើយបានដើរចេញទៅស្វាគមន៍ប្រជាជននៅខាងមុខអគារមជ្ឈមណ្ឌលវប្បធម៌ ក្នុងទីក្រុងហែនឡូវ៉ា លោកនាយករដ្ឋមន្រ្តី ត្រូវបានខ្មាន់កាំភ្លើងម្នាក់ បាញ់ប្រហារ ចំនួន ៥គ្រាប់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

បន្ទាប់ពីរងការបាញ់ប្រហារ លោកនាយករដ្ឋមន្ត្រី រ៉ូបឺត ហ្វីកូ ត្រូវបានក្រុមសន្តិសុខ បញ្ជូនតាមរថយន្ត ទៅកាន់មន្ទីរពេទ្យដែលនៅជិតកន្លែងកើតហេតុ  បន្ទាប់មកគាត់ត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រ ទៅកាន់មន្ទីរពេទ្យ នៅទីក្រុងបានស្កា ប៊ីស្ទ្រីកា (Banska Bystrica) ដែលមានចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ពីទីក្រុងហែនឡូវ៉ា (Handlova) ដោយមិនត្រូវអាចបានបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុងប្រាទីស្លាវ៉ា រដ្ឋធានីនៃប្រទេសស្លូវ៉ាគី បាន ដោយសារតែវាមានចម្ងាយ១៨០គីឡូម៉ែត្រ ភាគឦសាននៃទីក្រុនហែនឡូវ៉ា។

លោកថូម៉ាស់ ថារ៉ាបា (Tomas Taraba) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃប្រទេសស្លូវ៉ាគី បានផ្តល់បទសម្ភាសន៍ដល់កម្មវិធីទូរទស្សន៍ BBC Newshour ថា ជាសំណាងល្អ ស្ថានភាពរបស់លោកនាយករដ្ឋមន្ត្រី រ៉ូបឺត ហ្វីកូ ផុតគ្រោះថ្នាក់ហើយ។ លទ្ធផលនៃការវះកាត់គឺល្អ ហើយគេរំពឹងថា លោកនាយករដ្ឋមន្រ្តី នឹងរស់រានមានជីវិត។ ទោះជាយ៉ាងណា  រដ្ឋមន្ត្រីស្លូវ៉ាគី ជាច្រើនទៀត នៅតែមានការព្រួយបារម្ភ ដោយបាននិយាយថា ស្ថានភាពរបស់លោក នាយករដ្ឋមន្ត្រី នៅតែធ្ងន់ធ្ងរ។ ខ្មាន់កាំភ្លើង ត្រូវបានប៉ូលិសចាប់ខ្លួនភ្លាមៗ នៅកន្លែងកើតហេតុ គាត់គឺជាបុរសចំណាស់ម្នាក់ ដែលមានអាយុ ៧១ឆ្នាំ ។ ចំពោះមូលហេតុនៃការបាញ់ប្រហារនេះ នៅមិនទាន់ដឹងនៅឡើយ ដោយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។

លោកភីធឺរ ប៉េយេហ្គ្រីនី អតីតនាយករដ្ឋមន្ត្រីស្លូវ៉ាគី ដែលនឹងចូលកាន់តំណែងជាប្រធានាធិបតីថ្មី នៅថ្ងៃទី១៥ ខែមិថុនា ខាងមុខ បានហៅការប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី រ៉ូបឺត ហ្វីកូ ថាជាការគំរាមកំហែងដែលមិនធ្លាប់មានពីមុនមក ចំពោះលទ្ធិប្រជាធិបតេយ្យនៅប្រទេសស្លូវ៉ាគី ខណៈដែលរដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគី និយាយថាការប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី គឺជាហេតុផលនយោបាយ។ មេដឹកនាំនៃបណ្តាប្រទេសនៅទូទាំងទ្វីបអឺរ៉ុប បានចេញថ្កោលទោសការប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី នៃប្រទេសស្លូវ៉ាគី ដោយនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោកអូឡាហ្វ  ស្កូល (Olaf Scholz) និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក រីឈី ស៊ូណាក់ (Richie Sunak) មានការភ្ញាក់ផ្អើលចំពោះឧប្បត្តិហេតុដែលនាយករដ្ឋមន្ត្រី រ៉ូបឺត ហ្វីកូ ត្រូវបានគេបាញ់ប្រហារនេះ៕

RELATED ARTICLES