អ៊ុយក្រែន ៖ កងទ័ពអ៊ុយក្រែន បញ្ជាឲ្យដកទ័ពចេញពីភូមិមួយចំនួន ក្នុងតំបន់ខារគីវ (Kharkiv) បន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារដ៏ធ្ងន់ ក្នុងពេលដែលប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន កំពុងរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីជួបប្រធានាធិបតីចិន លោកស៊ី ជីនពីង ។

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ កងទ័ពអ៊ុយក្រែន បានបញ្ជាឱ្យដកកងទ័ពចេញពីមូលដ្ឋាននៅជិតភូមិជាច្រើន នៅក្នុងតំបន់ខារគីវ ភាគឦសាននៃអ៊ុយក្រែន ដែលមានព្រំប្រទល់ជាប់នឹងតំបន់បូហ្គូរ៉ូដ (Bogorod) ឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសរុស្ស៊ី បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានបញ្ជូនកងទ័ពជើងគោក ទៅវាយប្រហារខារកូវ (Kharkov) និងទីក្រុងខារគីវ (Kharkiv) ទីក្រុងធំទីពីររបស់អ៊ុយក្រែន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បន្ថែមពីលើនេះ កម្លាំងយោធារុស្ស៊ី បានដណ្តើមកាន់កាប់ភូមិជាច្រើន នៅក្នុងតំបន់ខារគីវ។

តាមប្រភពបណ្តាញព័ត៌មានក្នុងប្រទេសអ៊ុយក្រែន បានរាយការណ៍ថា ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymir Zelensky) នៃអ៊ុយក្រែន បានលុបចោលគម្រោងធ្វើដំណើរទៅប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ ក្នុងពេលឆាប់ៗនេះ នៅពេលដែលទាហានអ៊ុយក្រែនទទួលបានបញ្ជាពីមេបញ្ជាការ ឱ្យដកខ្លួនចេញពីភូមិជាច្រើន នៅក្នុងតំបន់ខារកូវ (Kharkov) ។ មុនពេលកងទ័ពរុស្ស៊ី ជួរមុខចូលមកដល់ ទាហានរុស្ស៊ី បានបាញ់កាំភ្លើងធំរួចហើយ និងបានដណ្តើមយកភូមិពីរ គឺវ៉ូវឆានស្ក៍ (Vovchansk) និង លូគីយ៉ានស៊ី (Lukyantsi) ដែលមានចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ពីព្រំដែនរុស្ស៊ី។

ការលុកលុយរបស់រុស្ស៉ី លើតំបន់ខារគីវ នេះ គឺខណៈដែលភាគីអ៊ុយក្រែន បានធ្លាក់ដៃ ចាប់តាំងពីសប្តាហ៍មុន ដោយកងទ័ពរុស្ស៊ី បានបើកការវាយលុកលើតំបន់ភាគឦសាននៃអ៊ុយក្រែន នេះ ព្យាយាមដណ្តើមយកជ័យ ភណ្ឌនៅលើសមរភូមិ ទន្ទឹមនឹងនេះ យោធាអ៊ុយក្រែន កំពុងតែអស់អាវុធ និងឧបករណ៍ធ្វើសង្គ្រាម ហើយបុគ្គលិកយោធាបានរងរបួស និងហត់នឿយពីការប្រយុទ្ធអស់រយៈពេលជាង ២ឆ្នាំ។ លើសពីនេះទៅទៀត លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៃប្រទេសរុស្ស៊ី គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិន ចន្លោះពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែឧសភា ដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតីចិន លោកស៊ី ជីនពីង។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អែនថូនី ប្លិងខិន (Antony Blinken) បានធ្វើទស្សនកិច្ចនៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន បានជួបជាមួយលោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី(Volodymir Zelensky) នៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៤ ។

ក្រសួងការបរទេសរុស្ស៊ី បានលើកឡើងថា ករណីរដ្ឋមន្ត្រីការបរទេសអាមេរិក លោកអែនថូនី ប្លិងខិន បានធ្វើទស្សនកិច្ចនៅទីក្រុងគៀវ នោះវាដូចជាសញ្ញាព្រមានកាន់តែខ្លាំងឡើងអំពីស្ថានភាពនៃការប្រយុទ្ធនៅជួរមុខ ជាកន្លែងដែលទាហានអ៊ុយក្រែន កំពុងបាត់បង់ដី ទៅរុស្ស៊ី ដោយលោកប្លិងខិន រដ្ឋមន្ត្រីការបរទេសអាមេរិក គឺជាមន្ត្រីជាន់ខ្ពស់បំផុតនៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានធ្វើដំណើរទៅអ៊ុយក្រែន បន្ទាប់ពីសភាអាមេរិក បានអនុម័តថវិកាជំនួយដល់ប្រទេសអ៊ុយក្រែន ដែលមានតម្លៃ ៦១ពាន់លានដុល្លារ នោះបានធ្លាក់ចុះនៅក្នុងសភា អស់រយៈពេលជាច្រើនខែ ខណៈដែលលោកប្លិងខិន បានសន្យាជាមួយប្រធានាធិបតី ហ្សេឡេនស្គី នៃអ៊ុយក្រែន ថាសហរដ្ឋអាមេរិក នឹងគាំទ្រ និងឈរជាមួយអ៊ុយក្រែន ដើម្បីធានាសន្តិសុខអធិបតេយ្យជាតិអ៊ុយក្រែន៕