Wednesday, February 26, 2025
Homeព័ត៌មានអន្តរជាតិប្រធានាធិបតីអ៊ីរ៉ង់ ធ្លាក់ឧទ្ធម្ភាគចក្រស្លាប់

ប្រធានាធិបតីអ៊ីរ៉ង់ ធ្លាក់ឧទ្ធម្ភាគចក្រស្លាប់

ប្រទេសអ៊ីរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោកអ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។

តាមប្រភព Daily Mail បានរាយការណ៍ថា លោកអ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) អាយុ ៦៣ឆ្នាំ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បញ្ជាក់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ថាបានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ រួមជាមួយរដ្ឋមន្ត្រីការបរទេស លោកហូសសេន អាមៀរ អាប់ឌុលឡាហ៊ីយ៉ាន (Hossein Amir Abdollahian) និងអភិបាលខេត្តភាគខាងកើតអាហ្សេបៃហ្សាន ម៉ាឡេក រ៉ាហ៍ម៉ាទី (Malek Rahmati) និងគ្រូសាសនា ម៉ូហាមម៉េដ អាលី អាឡេហាសេម (Mohammad Ali Alehashem) ។ប្រភពដដែល ឲ្យដឹងថា អ្នកបើកយន្តហោះពីរនាក់ និងមន្ត្រីអ៊ីរ៉ង់ ៣នាក់ផ្សេងទៀត រួមទាំងឆ្មាំសន្តិសុខ ក៏បានស្លាប់ផងដែរ នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅតំបន់ភ្នំ ភាគពាយ័ព្យនៃប្រទេសអ៊ីរ៉ង់។

ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់ម្នាក់ និយាយថា ឧទ្ធម្ភាគចក្រដែលលោកប្រធានាធិបតី អ៊ីប្រាហ៊ីម រ៉ៃស៊ី ធ្វើដំណើរជាមួយលោករដ្ឋមន្ត្រីក្រសួងការបរទេស និងមន្ត្រីរដ្ឋាភិបាលនោះ ត្រូវបានឆេះទាំង ស្រុង នៅក្នុងឧបទ្ទវហេតុនោះ បន្ទាប់ពីបានបាត់បង់ទំនាក់ទំនង និងបាត់ខ្លួន ពេលកំពុងធ្វើដំណើរនៅតំបន់ភ្នំនៃខេត្តភាគខាងកើតអាហ្សេបៃហ្សាន (East Azerbaijan) ភាគពាយព្យនៃប្រទេសអ៊ីរ៉ង់ នៅថ្ងៃអាទិត្យ ទី១៩ ឧសភា ឆ្នាំ២០២៤។

ដំបូងឡើយ ក្រុមអ្នកជួយសង្គ្រោះ និងមន្ត្រីជំនាញ បានប្រញាប់ប្រញាល់ស្វែងរកឧទ្ធម្ភាគចក្រ។ ចំណែកទូរ ទស្សន៍រដ្ឋអ៊ីរ៉ង់ បាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់តួកគី បានរកឃើញកូអរដោនេនៃទីតាំងធ្លាក់ និងជូនដំណឹងដល់ក្រុមសង្គ្រោះអ៊ីរ៉ង់។

លោកអាហ៍ម៉ាដ វ៉ាហ៊ីឌី (Ahmad Vahidi) រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងអ៊ីរ៉ង់ បាននិយាយថា ឧទ្ធម្ភាគចក្រ បានធ្វើការចុះចតយ៉ាងលំបាកក្នុងអាកាសធាតុអាក្រក់ ហើយវាពិបាកក្នុងការទាក់ទងជាមួយឧទ្ធម្ភាគចក្រ។ ហើយបានជំរុញឲ្យប្រជាពលរដ្ឋតាមដានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។ លោកបាននិយាយថា មានឧទ្ធម្ភាគចក្រ ៣គ្រឿងនៅក្នុងក្បួនអមជាមួយប្រធានាធិបតី ក្នុងនោះពីរគ្រឿង បានទៅដល់គោលដៅដោយសុវត្ថិភាព។

លោក ណាសសឺរ ខាណានី (Nasser Khanani) អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានសេចក្តីថ្លែងការណ៍ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងអង្គការអន្តរជាតិ សម្រាប់ការអាណិតអាសូរ រួមទាំងការផ្តល់ជំនួយក្នុងប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ លើករណីធ្លាក់ឧទ្ធម្ភាគចក្រនេះ។

ឧបទ្ទវហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនេះ ក៏បានបង្កឱ្យមានរលកនៃការសង្ស័យរំពឹងអំពីមូលហេតុនៃការធ្លាក់ ដោយមានមជ្ឈដ្ឋានទ្រឹស្តីជាច្រើន បានចង្អុលទៅកាន់អ៊ីស្រាអែល ដែលប្រទេសនេះកំពុងមានសង្រ្គាមជាមួយក្រុមហាម៉ាស់ ដែលគាំទ្រដោយក្រុងតេហ៍រ៉ង់ នៅហ្គាហ្សា ហើយភាពតានតឹងបានផ្ទុះឡើងនៅក្នុងខែមេសា នៅពេលដែលអ៊ីស្រាអែល និងអ៊ីរ៉ង់បានផ្លាស់ប្តូរការវាយប្រហារគ្នាដោយយន្តហោះគ្មានមនុស្សបើក និងមីសស៊ីល ដោយផ្ទាល់។

ទោះបីជាអ៊ីស្រាអែល មិនបានបញ្ចេញសេចក្តីថ្លែងការណ៍ផ្លូវការក៏ដោយ ក៏មន្ត្រីដែលស្នើសុំមិនបញ្ចេញឈ្មោះ បានបដិសេធការចោទប្រកាន់ថា ក្រុងតេលអាវីវ (Tel Aviv) ជាអ្នកនៅពីក្រោយការធ្លាក់ឧទ្ធម្ភាគចក្រនេះ ដោយ ប្រាប់ Reuters ថា “វាមិនមែនជាពួកយើងទេ” ។

អ៊ីរ៉ង់ មិនទាន់ផ្តល់ព័ត៌មានលម្អិតណាមួយជុំវិញការធ្លាក់យន្តហោះនេះទេ ហើយក៏មិនបានផ្តល់ការពន្យល់ក្រៅពីសេចក្តីថ្លែងការណ៍សាមញ្ញមួយ ស្តីពីលក្ខខណ្ឌអាកាសធាតុមិនល្អនោះទេ។ ប៉ុន្តែយន្តហោះរបស់អ៊ីរ៉ង់ ជាពិសេ សម៉ូដែលដែលផ្គត់ផ្គង់ដោយលោកខាងលិច ដូចជាឧទ្ធម្ភាគចក្រ Bell 212 ផលិតដោយសហរដ្ឋអាមេរិក ដែលដឹកលោកប្រធានាធិបតី អ៊ីប្រាហ៊ីម រ៉ៃស៊ី មានភាពមិនមានសុវត្ថិភាព និងស្ថិតក្នុងសភាពទ្រុឌទ្រោម ដោយសារសាធារណរដ្ឋអ៊ីស្លាម បានរងទណ្ឌកម្មពីលោកខាងលិច យូរមកហើយ ដែលរារាំងការទទួលបានគ្រឿងបន្លាស់ដែលត្រូវការចាំបាច់។

គេមិនត្រូវបានគេដឹងថា ឧទ្ធម្ភាគចក្ររបស់លោកអ៊ីប្រាហ៊ីម រ៉ៃស៊ី ត្រូវបានផលិតនៅឆ្នាំណាទេ  ប៉ុន្តែឧទ្ធម្ភាគ ចក្រ Bell 212 បានប្រើប្រាស់ជាមួយរដ្ឋាភិបាលជុំវិញពិភពលោក អស់រយៈពេលជាង ៥០ឆ្នាំមកហើយ ដោយបានចូលបម្រើសេវាកម្មជាលើកដំបូង នៅដើមទសវត្សរ៍ឆ្នាំ១៩៧០ ៕

RELATED ARTICLES