ខេត្តជាំងស៊ូ (ចិន) ៖ ពិធីរៀបការកូនក្រមុំ និងកូនកំលោះ មួយគូ បានធ្វើឲ្យភ្ញៀវដែលចូលរួមពិធី មានការភ្ញាក់ផ្អើល និងអស់សំណើច ដោយសារតែកូនក្រមុំនិងកូនកំលោះ បានប្តូរសម្លៀកបំពាក់គ្នា លើសពីនេះពួកគេបានផ្លាស់ប្តូរតួនាទីគ្នា ដោយភាគីស្រី (កូនក្រមុំ) ជាអ្នកបង់ថ្លៃបណ្ណាការ ឲ្យកូនកំលោះទៀតផង។

ពិធីមង្គលការចម្លែកនេះ បានកើតឡើងថ្មីៗនេះ នៅខេត្តជាំងស៊ូ (Jiangsu) ប្រទេសចិន ដោយនៅក្នុងពិធីមង្គលការនេះ កូនកំលោះ បានពាក់រ៉ូបអាពាហ៍ពិពាហ៍ពណ៌ស និងកាន់ផ្កាអាពាហ៍ពិពាហ៍នៅក្នុងដៃ ដើរជាមួយកូនក្រមុំ ដែលស្លៀកពាក់ឈុតខោអាវធំរបស់បុរស ឈុតខ្មៅ។
តាមប្រភពព័ត៌មាន ឲ្យដឹងថា ពិធីមង្គលការនេះ មិនត្រឹមតែពិសេសក្នុងការស្លៀកពាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កភាពច្របូកច្របល់ផងដែរ នៅពេលដែលគ្រួសាររបស់កូនកំលោះ បានទទួលថ្លៃបណ្ណាការ ដែលមានតម្លៃ ១៦ម៉ឺនយ័ន ពីកូនក្រមុំ។
សាច់ញាតិខាងកូនកំលោះ បានបង្ហើបប្រាប់ គ្រួសារកូនកំលោះ មានជីវភាពក្រីក្រណាស់ ដូច្នេះកូនកំលោះ មានការតាំងចិត្តតាំងពីក្មេង ខំប្រឹងធ្វើការដើម្បីលើកឋានៈគ្រួសារ ប៉ុន្តែនៅតែមិនអាចគេចផុតពីភាពក្រីក្របានទេ។ ទន្ទឹមនឹងនេះ គ្រួសារកូនក្រមុំ មានទ្រព្យសម្បត្តិច្រើន។ ឪពុកម្តាយរបស់នាង មិនបានរារាំងស្នេហានេះទេ ហើយក៏សន្យាថា នឹងជាអ្នកចេញថ្លៃបណ្ណាការ។
ដំបូងកូនកំលោះមិនយល់ស្របទេ ព្រោះមិនចង់ឲ្យគេមើលងាយគ្រួសារខ្លួន។ ប៉ុន្តែនៅពេលពិចារណាដោយប្រុងប្រយ័ត្ន គេបានសម្រេចចិត្តទទួលយកការផ្តល់ជូននេះ ព្រោះជឿថា នេះមិនត្រឹមតែជួយគ្រួសារគេប៉ុណ្ណោះ ទេ ប៉ុន្តែវាក៏ជាការបង្ហាញពីសេចក្តីស្រឡាញ់ និងជំនួយរបស់ដៃគូជីវិតគេផងដែរ។

នៅថ្ងៃរៀបការ កូនក្រមុំនិងកូនកំលោះ ពោរពេញដោយភាពរំភើបរីករាយ ហើយពិធីរៀបការរបស់ពួកគេ ក៏បានក្លាយជាប្រធានបទក្តៅសម្រាប់អ្នកវិភាគព្រោកប្រាជ្ញនៅតាមហាងកាហ្វេ និងតាមណ្តាញសង្គម ដោយខ្លះថាជាអាពាហ៍ពិពាហ៍ទិញដោយលុយ តែអ្នកខ្លះថា បង្ហាញពីទឹកចិត្តរបស់គ្រួសារខាងស្រី ដែលជាអ្នកមាន តែមិនរើសអើងអ្នកក្រ ជាពិសេសកូនក្រមុំ សុខចិត្តទទួលយកប្តីអ្នកក្រ សំខាន់ឲ្យតែមានស្នេហ៍ស្មោះ និងចរិតល្អ គោរព ស្រឡាញ់ ផ្តល់តម្លៃដល់ខាងស្រី៕