Tuesday, February 25, 2025
Homeព័ត៌មានអន្តរជាតិ យន្តហោះក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បន្តហោះចេញពីប្រទេសថៃ ទៅដល់គោលដៅ

 យន្តហោះក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បន្តហោះចេញពីប្រទេសថៃ ទៅដល់គោលដៅ

សិង្ហបុរី ៖ យន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (Singapore Airlines) ដែលបានបង្វែរគោលដៅ ចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ក្រោយកើតមានបញ្ហាអ្នកដំណើរម្នាក់បានស្លាប់នៅលើយន្តហោះនោះ  បានបន្តហោះហើរចេញពីអាកាសយានដ្ឋានសុវណ្ណភូមិ ទៅដល់អាកាសយានដ្ឋានឆាងងី (Changi) ប្រទេសសិង្ហបុរី ដោយសុវត្ថិភាព ខណ:ដែលអ្នកដំណើរ និងយានិកមួយចំនួន នៅតែបន្តស្ថិតក្នុងប្រទេសថៃ។

យន្តហោះដឹកអ្នកដំណើរ SQ321 របស់ក្រុមហ៊ុន Singapore Airlines បានមកដល់អាកាសយានដ្ឋានឆាងងី  ប្រទេសសិង្ហបុរី បន្ទាប់ពីមានបញ្ហាចលាចលយ៉ាងខ្លាំង ហើយត្រូវចុះចតបន្ទាន់នៅប្រទេសថៃ ដោយអ្នកដំណើរ ៧៩នាក់ផ្សេងទៀតនៃជើងហោះហើរនេះ រួមទាំងសមាជិកយានិក ៦នាក់ទៀត កំពុងស្នាក់នៅក្នុងទីក្រុងបាងកក ដោយមួយចំនួនកំពុងបន្តសម្រាកនៅមន្ទីរពេទ្យ។ អ្នកដំណើរ និងយានិកម្នាក់ទៀត បានត្រឡប់ទៅសិង្ហបុរី តាមជើងហោះហើរបណ្តោះអាសន្ន ដែលបានមកដល់ប្រទេសសិង្ហបុរី នៅម៉ោង ៥:០៥នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ម៉ោងក្នុងស្រុក ដោយមានលោក ហ្គោហ៍ ជុនហ្វុង (Goh Chun Fong) នាយកប្រតិបត្តិក្រុមហ៊ុន Singapore Airlines រង់ចាំទទួល ដោយរៀបចំសេវាកម្មដឹកជញ្ជូន ជូនដល់អ្នកដំណើរទាំងអស់ ប្រកបដោយសុវត្ថិភាព ទៅកាន់គោលដៅរបស់ពួកគេ និងរៀបចំកន្លែងស្នាក់នៅសម្រាប់អ្នកដំណើរដែលត្រូវរង់ចាំសម្រាប់ការភ្ជាប់ជើងហោះហើរ មុនពេលជើងហោះហើរបន្ទាប់នឹងត្រូវចេញដំណើរផងដែរ។

គួររំលឹកថា យន្តហោះដឹកអ្នកដំណើរ Boeing 777-300ER របស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (Singapore Airlines) ជើងហោះហើរ SQ321 ធ្វើដំណើរពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ទៅកាន់ប្រទេសសិង្ហបុរី បានជួបជាអាកាសធាតុអាក្រក់ បានរាយការណ៍បន្ទាន់ ផ្លាស់ប្តូរផ្លូវសម្រាប់ការចុះចតបន្ទាន់ នៅអាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ ដោយអ្នកដំណើរម្នាក់បានស្លាប់នៅលើយន្តហោះ និងជាង២០នាក់ទៀត រងរបួស បញ្ជូនទៅមន្ទីរពេទ្យ។

តាមប្រភពបណ្តាញព័ត៌មានថៃ ឲ្យដឹងនៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ អ្នកសារព័ត៌មាន បានរាយការណ៍ថា មានយន្តហោះដឹកអ្នកដំណើរ Boeing 777-300ER របស់ក្រុម ហ៊ុនអាកាសចរណ៍សិង្ហបុរី បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ នៅម៉ោង ៣និង៤៥នាទីរសៀល ជើងហោះហើរ SQ321 មានអ្នកដំណើរចំនួន ២១១នាក់ និងសមាជិកយានិក ១៨នាក់។

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានបំភ្លឺអំពីឧប្បត្តិហេតុជើងហោះហើរ SQ321 បានធ្វើការចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្រុងបាងកក ប្រទេសថៃ ដោយសារការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរ បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់នៅលើយន្តហោះ ហើយក្រុមហ៊ុនបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព។

យោងតាមទំព័រហ្វេសប៊ុក “Singapore Airlines” បានបង្ហោះសារថា “Singapore Airlines flight SQ321 ប្រតិបត្តិការពីទីក្រុងឡុងដ៍ (Heathrow) ទៅកាន់ប្រទេសសិង្ហបុរី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានជួបប្រទះនឹងស្ថានភាពអាកាសធាតុអាក្រក់ធ្ងន់ធ្ងរនៅពេលកំពុងធ្វើដំណើរ។ យន្តហោះនេះបានបង្វែរទៅទីក្រុងបាងកក ហើយបានចុះចតនៅវេលាម៉ោង ៣និង៤៥នាទីរសៀលថ្ងៃទី២១ ឧសភា ឆ្នាំ២០២៤ ។ យើងអាចបញ្ជាក់បានថា មានអ្នកស្លាប់ និងរបួសម្នាក់នៅលើយន្តហោះបូអ៊ីង ៧៧៧-៣០០ER ដែលមានអ្នកដំណើរ ២១១នាក់ និងសមាជិកយានិក ១៨នាក់ នៅលើនោះ។

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារនៃសព។ អាទិភាពរបស់យើង គឺផ្តល់ជំនួយដែលអាចធ្វើទៅបានដល់អ្នកដំណើរនិងយានិកទាំងអស់នៅលើយន្តហោះ។ យើងកំពុងធ្វើការជាមួយអាជ្ញាធរមូលដ្ឋានក្នុងប្រទេសថៃ ដើម្បីផ្តល់ជំនួយវេជ្ជសាស្រ្តចាំបាច់ ហើយបញ្ជូនក្រុមកាងារទៅបាងកក ដើម្បីផ្តល់ជំនួយបន្ថែមណាមួយដែលត្រូវការ»។

តាមប្រភពព័ត៌មាន ឲ្យដឹងថា អ្នកដំណើរដែលស្លាប់នៅលើយន្តហោះ ឈ្មោះចេហ្វហ្វ៍ ឃីតឆិន (Jeff Kitchen) ភេទប្រុស អាយុ ៧៣ឆ្នាំ ជនជាតិអង់គ្លេស ដែលមានបំណងធ្វើដំណើរកម្សាន្តទៅប្រទេសសិង្ហបុរី ជាមួយភរិយា ដែលដំបូងត្រូវបានសន្និដ្ឋានថា បណ្តាលមកពីគាំងបេះដូង។

ជុំវិញករណីខាងលើន នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ទំព័រហ្វេសប៊ុក “អាកាសយានដ្ឋានសុវណ្ណភូមិ” បានបង្ហោះសារពន្យល់អំពីឧបទ្ទវហេតុនេះ ដោយបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ស្នើសុំចុះចតបន្ទាន់ នៅអាកាសយានដ្ឋានសុវណ្ណភូមិ ព្រោះមានអ្នកដំណើររងរបួស ដោយសារការបាក់ធ្លាក់ពិតានពីយន្តហោះ និងមានអ្នកដំណើរម្នាក់បានស្លាប់ ហើយបន្ទាប់មក នគរបាលភូមិន្ទថៃ បានកំណត់កន្លែងរង់ចាំអ្នកដំណើរនៅខាងក្នុងបរិវេណអាកាសយានដ្ឋានសុវណញណភូមិ ដោយមានមន្ត្រីប៉ូលិសថៃ សហការជាមួយក្រុមហ៊ុនអាកាសចរណ៍ ដើម្បីមើលថែ និងសម្រួលដល់អ្នកដំណើរ ដើម្បីរង់ចាំបន្តដំណើរទៅសិង្ហបុរី៕

RELATED ARTICLES