Sunday, November 24, 2024
Homeនយោបាយបើបក្ស​ប្រឆាំង​រលាយ លោករ៉ុង ឈុន ប្រកាសថា នឹង​លាឈប់ពី​ គ.ជ.ប

បើបក្ស​ប្រឆាំង​រលាយ លោករ៉ុង ឈុន ប្រកាសថា នឹង​លាឈប់ពី​ គ.ជ.ប

ភ្នំពេញ ៖ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលជ្រើស ដោយគណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង) និង ជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោករ៉ុង ឈុន បានប្រកាសថា នឹងលា ឈប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បើពេលណាមានការរំលាយ គណបក្សប្រឆាំង ដែលមានអាសនៈនៅក្នុង រដ្ឋសភា។

ក្នុងចំណោមសមាជិកទាំង៩រូប របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក រ៉ុង ឈុន ត្រូវបានមជ្ឈដ្ឋានសង្គមចាប់អារម្មណ៍ ថា ជាបុគ្គលជាន់ខ្ពស់ ដែលមានឋានៈជាឧត្តមមន្ត្រី មានរថយន្តទំនើបជិះ មានប្រាក់បៀវត្ស ច្រើនសមរម្យក្រោយពេលបានចូលធ្វើការក្នុងការក្នុងគ.ជ.ប ប៉ុន្តែលោករ៉ុង ឈុន បានប្រកាសថា លោកនឹងលះបង់ឋានៈតួនាទីនេះ ប្រសិនបើ បក្សប្រឆាំង ត្រូវរំលាយក្រោយពេលមានវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែល គ្រោងស្នើឡើងដោយគណបក្សកាន់អំណាច នោះ។

លោករ៉ុង ឈុន បញ្ជាក់ថា ការប្រកាស ជំហរដើរចេញពីគ.ជ.ប នេះ ព្រោះដោយសារ តែយល់ឃើញថា លោកពុំអាចធ្វើជាអាជ្ញាកណ្តាល ដោយគូប្រកួត គីឡូមិនស្មើគ្នាបែបនេះ តទៅបានឡើយ។ រឿងដែលសំខាន់ជាងនេះ លោកពុំអាចធ្វើកិច្ចការដែលក្បត់ពលរដ្ឋបាន ឡើយ ហើយលោកនឹងមិនស្តាយក្រោយអ្វីឡើយ ក្នុងការលាឈប់ពីគ.ជ.ប។ នេះបើតាមការ អះអាងរបស់លោករ៉ុង ឈុន ក្នុងពេលផ្តល់ សម្ភាសដល់ “នគរធំ”។

ខាងក្រោមនេះ ជាបទសម្ភាសន៍រវាង “នគរធំ” ជាមួយលោករ៉ុង ឈុន កាលពីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ៖

នគរធំ ៖ ជម្រាបសួរលោករ៉ុង ឈុន! ឮ ថា លោកនឹងលាឈប់ពីសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បើ មានការធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្ស នយោបាយ ដែលអាចឈានទៅរំលាយបក្ស ប្រឆាំង។ តើលោកអាចបញ្ជាក់ពីជំហរនេះ យ៉ាងណាដែរ?

លោករ៉ុង ឈុន ៖ តាមការពិត វិសោធន- កម្ម យើងមិនជំទាស់អីទេ គ្រាន់តែជំហរខ្ញុំ បើ ឮសូរថា រំលាយគណបក្សមួយដែលមានអាសនៈ នៅក្នុងរដ្ឋសភា ដែលជាក្រុមកីឡាករមួយ ដែលថាមានកម្លាំងតុល្យភាពគ្នាក្នុងការប្រកួត ប្រជែង ខ្ញុំមិនអាចអង្គុយនៅ ឬមួយថា ឈរ ផ្លុកញ្ចែឱ្យមានការប្រកួតដោយក្រុមកីឡា ដែល មានគីឡូធ្ងន់គ្មានវត្តមាននោះទេ។ តាមការពិត យើងចង់ឱ្យអ្នកនយោបាយជជែកគ្នា ហើយ ប្រកួតប្រជែងគ្នាស្មើមុខគ្នាលើឆាក ហើយប្រកប ទៅដោយសមធម៌ ចង់បានប៉ុណ្ណឹងទេ។

នគរធំ ៖ អ៊ីចឹងតាមទស្សនៈរបស់លោក តើនឹងមានការបះពាល់យ៉ាងណាដល់ការប្រកួតប្រជែងបោះឆ្នោត បើមានការរំលាយបក្ស ប្រឆាំង ?

លោករ៉ុង ឈុន ៖ បើសិនជាមានការរំលាយ គណបក្សមួយដែលមានអាសនៈនៅក្នុងរដ្ឋសភា ហើយមានសំឡេងគាំទ្រ ជិតកន្លះនគរនោះ ខ្ញុំ គិតថា វាប៉ះពាល់ទៅដល់សំឡេងការគាំទ្រ ដែលប្រជាពលរដ្ឋកន្លះនគរនោះហើយ។ ដូច្នេះ ខ្ញុំមិនអាចឈរផ្លុំកញ្ចែ ដោយគ្មានវត្តមានក្រុម កីឡាករដែលមានសំឡេង ដែលមានកម្លាំង ប្រកួតប្រហាក់ប្រហែលគ្នានោះ។

នគរធំ ៖ បើប្រកាសលាឈប់មែន តើលោកខ្លាចប្រឈមនឹងការរិះគន់ពីមជ្ឈដ្ឋាន នយោបាយថា លោកមានការលម្អៀងទៅរកបក្សប្រឆាំង ឬទេ?

លោករ៉ុង ឈុន ៖ ក្នុងនាមខ្ញុំជាអាជ្ញាកណ្តាលមួយ ខ្ញុំមិនមានការលម្អៀងអីទេ ក៏ប៉ុន្តែ ដូចខ្ញុំបញ្ជាក់ យើងមិនឈរផ្លុំកញ្ចែ ដោយគ្មាន គណបក្សមួយដែលមានអាសនៈនៅក្នុងរដ្ឋសភា ចូលរួមប្រកួតដែរ ហើយជាគណបក្សមួយដែល មានការគាំទ្រពីប្រជាពលរដ្ឋជាងកន្លះនគរនោះ ដែរ។ អ៊ីចឹងយើងមិនអាចទៅឈរផ្លុំកញ្ចែមួយ ដែលថា មានគីឡូធ្ងន់ កម្លាំងធ្ងន់ ហើយទៅ ប្រកួតជា​មួយក្រុមកីឡាករដែលតូចតាចនោះ អាហ្នឹងទស្សនិកជនក៏គេមិនចង់ទស្សនាដែរ ហើយខ្ញុំអ្នកធ្វើអាប៊ីត ក៏ខ្ញុំមិនអាចទៅឈរផ្លុំ កញ្ចែបែបហ្នឹងបានដែរ។

នគរធំ ៖ ក្នុងករណីលាឈប់ពីសមាជិក គ.ជ.ប តើលោកនឹងធ្វើកិច្ចការ ឬសកម្មភាព អ្វីបន្តទៀត?

លោករ៉ុង ឈុន ៖ ការដែលថាឈប់ហ្នឹង ទាល់តែមានការរំលាយ បើសិនជាអត់មានការ រំលាយទេ អាហ្នឹងខ្ញុំនៅបន្តការងារដដែល ហើយ ដល់ពេលដំណាក់កាលហ្នឹង ខ្ញុំនឹងជម្រាបបន្តបន្ទាប់ទៀត។

នគរធំ ៖ ទោះយ៉ាងណា ក្នុងនាមសមាជិក គ.ជ.ប តើលោកមានការប្តេជ្ញាចិត្តយ៉ាងណា និងមានសង្ឃឹមថា ដំណើរការបោះឆ្នោត នាពេល ខាងមុខ នឹងបានលទ្ធផលល្អប្រសើរឬទេ?

លោករ៉ុង ឈុន ៖ បើសិនពុំមានការរំលាយ ហើយមានវត្តមានអ្នកនយោបាយគ្រប់គណបក្ស​នយោ​បាយទាំងអស់ មិនថាតូចថាធំ ហើយ មានវត្តមានអ្នកនយោបាយទាំងអស់ចូលរួម ការប្រកួតប្រជែងគ្នា ខ្ញុំគិតថា លទ្ធផលនឹង ទទួលបានការគាប់ប្រសើរ ហើយនឹងមានការ គាំទ្រពី​ឆាកអន្តរជាតិ និងជាតិ។

នគរធំ ៖ ជាចុងក្រោយ តើលោកមានអ្វី ជាសំណូមពរទៅដល់មជ្ឈដ្ឋានទូទៅ ជាពិសេស អ្នកនយោបាយ?

លោករ៉ុង ឈុន ៖ ខ្ញុំគ្រាន់តែចង់អំពាវនាវ ទៅដល់អ្នកនយោបាយទាំងអស់ យើងត្រូវតែ ប្រកួតប្រជែងគ្នាស្មើមុខ ហើយចង់ឃើញវត្តមានអ្នកនយោបាយគ្រប់គណបក្សនយោបាយ ទាំងអស់ មានវត្តមានក្នុងការប្រកួតប្រជែង ក៏ដូចជាមានវត្តមានអ្នកនយោបាយទាំងអស់ ក្នុងការប្រកួតប្រជែងគ្នានាពេលខាងមុខនេះ។

គួរបញ្ជាក់ថា កាលពីដើមខែកុម្ភៈ ឆ្នាំ ២០១៧ នៅក្នុងពិធីចែកសញ្ញាបត្រនិស្សិតសាកល​វិទ្យាល័យជាតិគ្រប់គ្រង នៅមជ្ឈមណ្ឌល កោះពេជ្រ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើក ឡើងថា សម្តេចស្នើឱ្យមានការធ្វើវិសោធនកម្ម ច្បាប់ ស្តីពីគណបក្សនយោបាយដោយកំណត់ មិនឱ្យអ្នកមានទោសធ្វើជាប្រធានឬអនុប្រធាន គណបក្សនយោបាយ ហើយសម្តេចចង់ប្រើ ច្បាប់ដូចនៅប្រទេសថៃ គឺបើគណបក្សណាធ្វើខុសច្បាប់ គឺរំលាយចោលតែម្តង។

ជាមួយគ្នានោះដែរ មន្ត្រីនាំពាក្យបក្សកាន់ អំណាចធ្លាប់បញ្ជាក់ថា សមាជិកសភាបក្ស ប្រជាជនកម្ពុជា កំពុងតែប្រមូលស្នាមមេដៃ ដើម្បី ដាក់ទៅរដ្ឋសភា ស្នើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ។

ដោយឡែក អង្គការសង្គមស៊ីវិល ដែល ធ្វើការលើវិស័យបោះឆ្នោត និងសុចរិតភាព សង្គមបានបង្ហាញក្តីបារម្ភពីវិវត្តន៍នយោបាយ ចុង ក្រោយនៅកម្ពុជា ថាកំពុងឡើងកម្តៅខ្លាំង ដែល នឹងធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា ខណៈការបោះឆ្នោតជិតមកដល់។

លោកព្រាប កុល ប្រធានអង្គការតម្លាភាព កម្ពុជា និងជាសមាជិកសម្ព័ន្ធកំណែទម្រង់ការ បោះឆ្នោត បានលើកឡើងថា ការវិវត្តន៍ចុងក្រោយ នៃនយោបាយកម្ពុជា គួរឱ្យមានការព្រួយបារម្ភ ណាស់ ជាពិសេស ការធ្វើច្បាប់ ឬវិសោធនកម្ម ច្បាប់ ដែលអាចឈានទៅដល់ការរំលាយគណ- បក្សនយោបាយណាមួយអាចប៉ះពាល់ធ្ងន់ធ្ងរ ដល់ប្រជាធិបតេយ្យនៅកម្ពុជា។

លោកគល់ បញ្ញា ប្រធានអង្គការខុមហ្វ្រែល និងជាសមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត បានបញ្ជាក់ថា ទាក់ទងដល់ការធ្វើវិសោធនកម្ម ស្តីពីគណបក្សនយោបាយ យកល្អ កុំធ្វើ ព្រោះ តែកាលណាធ្វើដោយចេញតែពីគណបក្សកាន់អំណាចនោះ បង្ហាញពីការសង្ស័យច្រើនថា ចង់ ដាក់ទោសភាគីគណបក្សមួយទៀត។

លោកសំ គន្ធាមី នាយកប្រតិបត្តិអង្គការ និចហ្វិក (NICFEC) បានលើកឡើងថា បើ សមាជិកជាន់ខ្ពស់របស់ គ.ជ.ប សម្រេចដើរចេញ ពីកៅអីមែននោះ ជារឿងដ៏ស្មុគស្មាញនឹងធ្វើឱ្យ ប៉ះពាល់យ៉ាងខ្លាំងទៅលើដំណើរការបោះឆ្នោត៕ កុលបុត្រ

RELATED ARTICLES