Tuesday, February 25, 2025
Homeព័ត៌មានអន្តរជាតិចិន ធ្វើសមយុទ្ធយោធា ជុំវិញកោះតៃវ៉ាន់ ក្រោយឡៃ ឈីងតឺ ក្លាយជាប្រធាននាធិបតីថ្មីតៃវ៉ាន់

ចិន ធ្វើសមយុទ្ធយោធា ជុំវិញកោះតៃវ៉ាន់ ក្រោយឡៃ ឈីងតឺ ក្លាយជាប្រធាននាធិបតីថ្មីតៃវ៉ាន់

ប្រទេសចិន ៖ ប្រទេសចិន បានចាប់ផ្តើមធ្វើសមយុទ្ធយោធា នៅជុំវិញកោះតៃវ៉ាន់ ត្រឹមតែ៣ថ្ងៃ បន្ទាប់ពីលោកឡៃ ឈីងតឺ (Lai Qing De) បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មី របស់តៃវ៉ាន់ ដែលបណ្តាលឱ្យស្ថានភាពចិន-តៃវ៉ាន់ កាន់តែតានតឹងម្តងទៀត។

តាមប្រភព channelnewsasia បានរាយការណ៍ថា យោធាតៃវ៉ាន់ បានត្រៀមខ្លួនយ៉ាងពេញទំហឹងក្នុងការការ ពារព្រំដែនរបស់ខ្លួន ដែលការណ៍នេះកើតឡើងបន្ទាប់ពីប្រទេសចិន បានធ្វើសមយុទ្ធយោធា រយៈពេលពីរថ្ងៃ នៅជុំវិញកោះតៃវ៉ាន់ ដោយប្រកាសថា សមយុទ្ធនេះធ្វើឡើងនៅច្រកសមុទ្រតៃវ៉ាន់ និងជុំវិញកោះតៃវ៉ាន់ ក្បែរឆ្នេរសមុទ្រចិន។ សមយុទ្ធនេះ បានកើតឡើងបន្ទាប់ពីលោកឡៃ ឈីងតឺ ត្រូវបានចិន ហៅថាជាអ្នកផ្តាច់ខ្លួន ក្រោយ ៣ថ្ងៃ បន្ទាប់ពីការស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មី របស់កោះតៃវ៉ាន់ ហើយលោកបានថ្លែងសុន្ទរកថាដំបូងរបស់លោក អំពាវនាវឱ្យប្រទេសចិន បញ្ឈប់ការគំរាមកំហែងតៃវ៉ាន់ ដែលអាជ្ញាធរចិន ចាត់ទុកតៃវ៉ាន់ ជាផ្នែកមួយរបស់ចិន។

ជាប្រតិកម្មតបចំពោះសុន្ទរកថារបស់មេដឹកនាំថ្មីនៃកោះតៃវ៉ាន់នេះ រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី (Wang Yi) បានថ្លែងថា សម្តីបែបនេះរបស់លោកឡៃ ឈីងតឺ វាជារឿងគួរឲ្យអាម៉ាស់។

លោក ឡៃ ឈីងតឺ ធ្លាប់បានព្យាយាមចរចាជាមួយចិន ជាច្រើនលើកមកហើយ ប៉ុន្តែត្រូវបានបដិសេធ។ លោកបានបញ្ជាក់ថា មានតែប្រជាជនតៃវ៉ាន់ ទេដែលអាចសម្រេចអនាគតរបស់ខ្លួនបាន និងបដិសេធការទាមទារអធិបតេយ្យរបស់ទីក្រុងប៉េកាំង។

បញ្ជាការសមរភូមិភាគបូព៌ារបស់កងទ័ពរំដោះប្រជាជនចិន បានប្រកាសថា សមយុទ្ធយោធារួមគ្នា បានចាប់ ផ្តើមនៅម៉ោង ៧:៤៥នាទីព្រឹក ម៉ោងក្នុងស្រុក រួមបញ្ចូលទាំងកងទ័ពជើងទឹក កងទ័ពអាកាស និងកងកម្លាំងរ៉ុក្កែត។ នៅតំបន់ជុំវិញកោះតៃវ៉ាន់ រួមទាំងតំបន់ជុំវិញកោះដែលគ្រប់គ្រងដោយតៃប៉ិ រួមទាំងកោះគីនមិន (Kinmen) កោះម៉ាតស៊ូ (Matsu) កោះវូស៊ូ (Wuxiu) និងកោះដុងយីន (Dongyin( ។

សមយុទ្ធនោះ ជាសមយុទ្ធឈ្លបយកការណ៍រួម ដើម្បីត្រៀមប្រយុទ្ធ ទាំងនៅលើអាកាស និងនៅសមុទ្រ ការវាយប្រហារលើគោលដៅសំខាន់ៗ និងការរួមបញ្ចូលនៃប្រតិបត្តិការផ្សេងៗ ទាំងនៅក្នុងកោះ ដើម្បីសាកល្បងសក្តានុពលនៃកម្លាំងផ្សេងៗ ជាមួយគ្នានេះ វាគឺជាការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះអាកប្បកិរិយាផ្តាច់ខ្លួនរបស់កងទ័ពតៃវ៉ាន់ និងបញ្ជូនសញ្ញាព្រមានប្រឆាំងនឹងការជ្រៀតជ្រែកណាមួយ ឬការបង្កហេតុពីខាងក្រៅផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពទូទៅនៅតៃវ៉ាន់ នៅតែមានលក្ខណៈធម្មតា ហើយមិនមានការព្រមានពិសេសនោះទេ ខណៈដែលសន្ទស្សន៍ភាគហ៊ុនគោល បានធ្លាក់ចុះ 0.3% នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤៕

RELATED ARTICLES