Saturday, July 27, 2024
Homeព័ត៌មានជាតិពលករខ្មែរ ធ្វើបាតុកម្មនៅកូរ៉េខាងត្បូង បក្សកាន់អំណាច​ ហៅពួករមិលគុណ

ពលករខ្មែរ ធ្វើបាតុកម្មនៅកូរ៉េខាងត្បូង បក្សកាន់អំណាច​ ហៅពួករមិលគុណ

ភ្នំពេញ ៖ ស្របពេលដែលពលករខ្មែរ បន្តធ្វើបាតុកម្មនៅកូរ៉េខាងត្បូង ប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នោះ អ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានហៅពលករខ្មែរ ទាំងនោះថា ជាពួករមិលគុណ ដែលធ្វើបាតុកម្មប្រឆាំងនឹងអ្នកដែលរកទីផ្សារការងារឲ្យពួកគេធ្វើ ហើយថាក្រុមមេដឹកនាំបាតុករនៅកូរ៉េខាងត្បូងនោះ គង់មានថ្ងៃណាមួយ នឹងលូនក្បាលមកសុំទោសសម្តេចហ៊ុន សែន និងសម្តេចហ៊ុន ម៉ាណែត នៅពេលដែលទាល់ច្រកមិនខាន ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ និងថ្ងៃបន្តបន្ទាប់ ពលរដ្ឋខ្មែរ ដែលរស់នៅនិងធ្វើការនៅប្រទេសកូរ៉េខាងត្បូង បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅកណ្ដាលរដ្ឋធានីកូរ៉េខាងត្បូង ប្រឆាំងនឹងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចហ៊ុន ម៉ាណែត ដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងត្បូង។ ក្រុមបាតុករខ្មែរ បានប្រមូលផ្តុំនៅទីលានជាប់ចំណតរថភ្លើង ចុងកាក់ (Jonggak) ក្នុងទីក្រុងសេអ៊ូល (Seoul) ដើម្បីធ្វើបាតុកម្មប្រឆាំងសម្តេចហ៊ុន ម៉ាណែត ដោយទាមទារឱ្យស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ។ ក្រុមបាតុករ នៅតែបន្តធ្វើបាតុកម្មតាមការគ្រោងទុក បើទោះបីជាសម្តេចហ៊ុន ម៉ាណែត បានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជា វិញ តាំងពីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ទៅហើយក្ដី។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងតាមទំព័របណ្ដាញសង្គម ហ្វេសប៊ុកថា ពលករខ្មែរ មួយចំនួនតូច ដែលបានទៅធ្វើការនៅកូរ៉េខាងត្បូង ហើយធ្វើបាតុកម្មប្រឆាំងនឹងអ្នករកទីផ្សារពលកម្មឲ្យ គឺជាជនរមិលគុណ និងមានអំពើបាប ។ ក្រុមមេដឹកនាំបាតុករនៅកូរ៉េខាងត្បូងទាំងនោះ គង់មានថ្ងៃណាមួយ​នឹងលូនក្បាលមកសុំទោសសម្តេចហ៊ុន​សែន និងសម្តេចហ៊ុន ម៉ាណែត នៅពេលដែលពួកគេទាល់ច្រក ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ថា ពាក្យរមិលគុណ សំដៅដល់ក្រុមធ្វើបាតុកម្មនៅប្រទេសកូរ៉េខាងត្បូង ប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចហ៊ុន ម៉ាណែត នេះ មិនបាច់អីទៅពិបាកយល់ទេ គឺអ្នកដែលរកការងារឲ្យធ្វើ ចាត់ទុកដូចជាអ្នកផ្ដល់ទឹកឲ្យផឹកអ៊ីចឹង តែអ្នកដែលបានទឹកនោះ ពេលបានផឹកឆ្អែតហើយ បែរជារមិលគុណ ប្រមាថមើលងាយដល់អ្នកដែលយកប្រភពទឹកឲ្យទៅវិញ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “គ្មានអីពិបាកយល់ទេ រាជរដ្ឋាភិបាលគណបក្សប្រជាជន ក៏ដូចជាគណបក្សប្រជាជន លោកមានគោលនយោបាយទំនាក់ទំនងជាមួយបណ្ដាប្រទេសនៅលើពិភពលោក ដើម្បីស្វែងរកទីផ្សារពលកម្ម សម្រាប់ដោះស្រាយការងារជូនដល់ពលករយើងនៅក្រៅប្រទេស ។ អ៊ីចឹងទេបានជាយើងឃើញនៅថៃ​ ក៏មានទីផ្សារពលកម្ម នៅម៉ាឡេ ក៏មានទីផ្សារពលកម្ម នៅបណ្ដាមួយចំនួនទៀត ដូចជានៅកូរ៉េខាងត្បូងហ្នឹង នយោបាយការបរទេស និងគោលការណ៍រកទីផ្សារពលកម្មឲ្យពលករយើងទៅធ្វើការ បានប្រាក់កម្រៃច្រើន មកផ្គត់ផ្គង់ក្រុមគ្រួសារ លើកកម្ពស់ជីវភាពរស់នៅរបស់ក្រុមគ្រួសារនេះហើយ បានជាកើតមានកូតារបស់កូរ៉េខាងត្បូង ផ្ដល់ទីផ្សារពលកម្មឲ្យពលករខ្មែរយើងហ្នឹង រាប់ម៉ឺននាក់ រហូតដល់បច្ចុប្បន្ន បើខ្ញុំចាំមិនច្រឡំទេ ពលករខ្មែរដែលទៅធ្វើការនៅកូរ៉េខាងត្បូងនោះ មានរហូតដល់ប្រមាណ ៦-៧ម៉ឺននាក់ហើយ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “អ៊ីចឹងអានេះគឺថា ជាគុណសម្បត្តិ ជានយោបាយល្អរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ក្នុងការរកទីផ្សារពលកម្ម ឲ្យពលករទៅធ្វើការងារ ។ ហេតុដូច្នេះហើយ គឺថាពលករទូទៅរាប់ម៉ឺននាក់ ដែលគេទទួលស្គាល់ពីគុណសម្បត្តិនេះ គេអបអរសាទរនិងគាំទ្រគណបក្សប្រជាជនកម្ពុជា លើកលែងតែក្រុមជនមួយចំនួនដែលកំពុងវង្វេងនឹងសិទ្ធិសេរីភាព និងប្រជាធិបតេយ្យនៅក្រៅប្រទេសនេះ ដែលធ្វើឲ្យមានគំនិតដើរតាមពួកប្រឆាំងជ្រុលនិយមនេះ បែរជាមកធ្វើបាតុកម្មប្រឆាំងនឹងអ្នកដែលរកការងារឲ្យខ្លួនបានធ្វើទៅវិញ ។ ដូច្នេះអារមិលគុណ យើងមិនបាច់ទៅពិបាកយល់អី អ្នករកការងារឲ្យធ្វើ វាដូចជាអ្នកផ្ដល់ទឹកឲ្យផឹកអ៊ីចឹង តែដល់បានផឹកទឹកឆ្អែតហើយ វាទៅជារមិលគុណ ប្រមាថមើលងាយដល់អ្នកដែលយកប្រភពទឹកហ្នឹងឯង អាហ្នឹងមិនពិបាកយល់ទេ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ចំពោះខ្ញុំថា ពលករខ្មែរភាគច្រើននៅកូរ៉េ គឺជាអ្នកត្រឹមត្រូវ ចំណែកពលករប្រឆាំងមួយក្តាប់តូច ដែលធ្វើបាតុកម្ម គឺជាក្រុមជនភាគតិច គឺអាហ្នឹងខ្ញុំមានន័យថា សំឡេងភាគតិច វាមិនអាចមានឥទ្ធិពលអីយកឈ្នះលើសំឡេងភាគច្រើនទេ ។ ដូចខ្ញុំជម្រាបអ៊ីចឹងថា ពលករខ្មែរ នៅកូរ៉េ វាមាន ៦ម៉ឺន ទៅ៧ម៉ឺននាក់ ហើយអ្នកដែលធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជានោះ មានប្រមាណ ១០០ទៅ២០០នាក់ហ្នឹងយ៉ាងច្រើន ។ អ៊ីចឹងទេ វាជាចំនួនភាគរយតិចបំផុតហើយ មិនអាចមានឧត្ដមភាពលើមតិរបស់អ្នកភាគច្រើនដែលគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរកទីផ្សារពលកម្មឲ្យប្រជាជនកម្ពុជាទេ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែមថា “ចំពោះថា ការតវ៉ាប្រឆាំងផ្ទុយពីឆន្ទៈប្រជាជនភាគច្រើន គឺរំលោភឆន្ទៈប្រជាជនកម្ពុជា គឺជាក្រុមជនក្បត់ជាតិនោះ គឺខ្ញុំបញ្ជាក់សង្កត់ធ្ងន់ថា ដូចយើងដឹងហើយថា រាជរដ្ឋាភិបាលគណបក្សប្រជាជន កើតឡើងចេញពីឆន្ទៈប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ដែលធ្វើឲ្យគណបក្សប្រជាជន មានការគាំទ្រពីប្រជាជនច្រើនលើសលប់ រហូតទៅដល់៨០% ជាងឯណោះ ។ អ៊ីចឹងទេ ការប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា វាមានន័យថា ប្រឆាំងនឹងឆន្ទៈប្រជាពលរដ្ឋទូទាំងប្រទេសដែរ ។ បានន័យថា អ្នកដែលប្រឆាំងនឹងផលប្រយោជន៍ជាតិ គឺក្បត់ជាតិហើយ ជាពិសេសគឺអ្នកដើរតាមក្រុមមេឧទ្ទាមក្រៅច្បាប់ ជ្រុលនិយមហើយ ហើយចូលលក្ខណៈក្បត់ជាតិហ្នឹង អ្នកណាក៏ដឹងដែរ ហើយមិនមែនក្បត់ជាតិ ត្រឹមតែជំនាន់ទី៣ នេះទេ គឺជំនាន់ទី១ ទី២ រហូតមកដល់ទី៣នេះ“ ៕ កុលបុត្រ

RELATED ARTICLES