សូម៉ាលី៖ បណ្តាញព័ត៌មានបរទេសផ្សាយថាអតីតនាយករដ្ឋមន្ត្រីលោក Mohamed Abdullahi Farmajo ត្រូវបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីថ្មីប្រទេសសូម៉ាលីបន្ទាប់ពីអ្នកកំពុងកាន់តំណែងលោក Hassan Sheikh Mohamud ព្រមទទួលស្គាល់លទ្ធផលបោះឆ្នោត។
លោក Farmajo ទទួលបានសន្លឹកឆ្នោត១៨៤សំឡេងប្រឆាំងនិងគូប្រកួតរបស់លោកដែលប្រកៀកប្រកិតគ្នានោះគឺលោក Mohamud ដែលទទួលបានការគាំទ្រចំនួន៩៧សំឡេងក្នុងការបោះជុំទី២ ដើម្បីរកអ្នកឈ្នះ។ ចំណែកបេក្ខជនទី៣ដែលជាអតីតប្រធានាធិបតីគឺលោក Sharif Sheikh Ahmed ទទួលបានតែ៤៥សំឡេងប៉ុណ្ណោះ ។
គួររំលឹកថាលោក Farmajo ជាអតីតនាយករដ្ឋមន្ត្រីមួយរូបក្នុងរដ្ឋាភិបាលសហព័ន្ធអន្តរកាលរបស់ប្រទេសសូម៉ាលីនៅចន្លោះឆ្នាំ២០០៩ និង២០១០ ។ អតីតនាយករដ្ឋមន្ត្រីនិងជាសាស្ត្រាចារ្យសាកលវិទ្យាល័យរូបនេះបានប្រជែងយ៉ាងស្វិតស្វាញជាមួយនិងបេក្ខជនដែលមានគុណវឌ្ឍន៍ពិសេសៗ២១រូបចំពោះតំណែងមេដឹកនាំកំពូលប្រទេសសូម៉ាលីក្នុងអំឡុងពេល៤ឆ្នាំក្រោយ។
លោកគឺជាអ្នកកាន់លិខិតឆ្លងដែនសហរដ្ឋអាមេរិកមួយរូបដែលប្រើប្រាស់សញ្ញាបត្រអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យរដ្ឋ New York នៅទីក្រុង Buffalo ហើយក្រោយមកបានបំពេញការងារក្នុងរដ្ឋ New York ។
លោកត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០០៩ ដោយលោកប្រធានាធិបតី Ahmed បន្តពីនាយករដ្ឋមន្ត្រីនាសម័យនោះគឺលោក Omar Abdirashid Ali Sharmarke ដែលលាឈប់ពីតំណែងដោយសារវិវាទមួយ។
ទោះជាយ៉ាងណាលោកត្រូវបានកំណត់ឲ្យធ្វើជានាយករដ្ឋមន្ត្រីក្នុងពេលដ៏ខ្លីមុនពេលដែលលោកត្រូវបានបង្ខំឲ្យចេញទៅចរចាក្នុងទីក្រុងកំប៉ាឡាដែលមានការគាំទ្រពីអង្គការសហប្រជាជាតិ ។ ក្នុងឆ្នាំ២០១១ លោក Farmajo បានបង្កើតគណបក្សនយោបាយថ្មីមួយគឺបក្សសមភាពនិងយុត្តិធម៌សូម៉ាលីហើយក៏ត្រូវបានគេស្គាល់ថាជាបក្ស Tayo ដែលលោកបានបម្រើការជាអគ្គលេខាធិការបក្ស ។