សហរដ្ឋអាមេរិក ៖ បន្ទាប់ពីកីឡាករប្រដាល់ជើងចាស់ ទម្ងន់ធ្ងន់ ម៉ៃ ថៃសាន់ (Mike Tyson) មានបញ្ហាសុខ ភាពពេលកំពុងធ្វើដំណើរតាមយន្តហោះ រហូតអ្នកបើកបរយន្តហោះសម្រេចចុះចតបន្ទាន់ ដើម្បីរកជំនួយផ្នែកវេជ្ជសាស្ត្រ និងព្យាបាលបន្ទាន់ កាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ។
តាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា ក្រោយពេលទទួលបានដំណឹងអំពីបញ្ហាសុខភាពគូប្រកួតបែបនេះ កីឡាករ ជែក ប៉ូល (Jake Paul) អាចនឹងត្រៀមរកគូប្រកួតថ្មី សម្រាប់ជំនួសតំណែងដ៏មានសក្តានុពលរបស់ម៉ៃ ថៃសាន់ ដែលតាមគម្រោង ការប្រកួតរបស់ពួកគេ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខ។
ការប្រកួត Netflix ដ៏ចម្រូងចម្រាស រវាងជែក ប៉ូល អាយុ ២៧ឆ្នាំ និង ម៉ៃ ថៃសាន់ អាយុ ៥៨ឆ្នាំកន្លងទៅមានការរិះគន់ពីគម្លាតអាយុរបស់គូប្រកួតនេះ និងមានការលើកឡើងថា ម៉ៃ ថៃសាន់ អាចប្រឈមហានិភ័យ នៅ ពេលប្រកួត ដោយសារគាត់បានបោះបង់ការប្រកួតលើសង្វៀនអាជីពនេះ អស់រយៈពេល ១៩ឆ្នាំ មកហើយ។
ជាពិសេសដំណឹងចុងក្រោយថ្មីៗនេះ បានបន្ថែមការព្រួយបារម្ភអំពីសុវត្ថិភាពរបស់គាត់ ម៉ៃ ថៃសាន់ បន្ទាប់ពីគាត់បានទទួលការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត នៅលើជើងហោះហើរពី ទីក្រុងម៉ៃអាមី (Miami) ទៅកាន់ទីក្រុងឡូសអែនចេឡេស (Los Angeles) កាលពីចុងសប្តាហ៍មុន។អតីតអ្នកប្រដាល់ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ម្នាក់នេះ បានក្អួតចង្អោរ និងវិលមុខ បង្ខំឱ្យបុគ្គលិកជើងហោះហើរ បានសួរអ្នកដំណើរថា តើមានគ្រូពេទ្យនៅលើយន្តហោះ ដែលអាចជួយដល់ម៉ៃ ថៃសាន់ ដែរឬទេ?
អ្នកបម្រើការលើយន្តហោះ បាននិយាយ «ពួកគេបានសុំឱ្យពួកយើងនៅលើយន្តហោះ ចុះចតដើម្បីឱ្យគ្រូពេទ្យអាចមកព្យាបាលបាន។ គាត់គឺជាអ្នកដំណើរដ៏សំខាន់ម្នាក់ ដូច្នេះយើងចង់ធ្វើឱ្យប្រាកដថា គាត់មិនអីទេ។ ខ្ញុំដឹងថាវាគឺជាគាត់ ប៉ុន្តែខ្ញុំគ្រាន់តែនិយាយពាក្យ “ម៉ៃ ថៃសាន់” ហើយគាត់ងក់ក្បាលរបស់គាត់។
នៅពេលដែលយន្តហោះបានចុះចតនៅ LAX មានការពន្យារពេលប្រហែល ២៥នាទី ខណៈពេលដែលក្រុមគ្រូពេទ្យបានព្យាបាលម៉ៃ ថៃសាន់ ។
ម៉ៃ ថៃសាន់ ដែលធ្លាប់បានសារភាពថា ខ្លួនបានប្រើប្រាស់កញ្ឆា ជារៀងរាល់ថ្ងៃនោះ បានបោះបង់ចោលរុក្ខជាតិនេះ ខណៈពេលដែលកំពុងហ្វឹកហាត់ដើម្បីត្រៀមប្រកួតជាមួយ ជែក ប៉ូល ព្រោះវាស្ថិតនៅក្នុងបញ្ជីនៃសារធាតុហាមឃាត់ដែលប្រើប្រាស់ដោយនាយកដ្ឋានអាជ្ញាប័ណ្ណ និងបទប្បញ្ញត្តិនៃរដ្ឋតិចសាស់។ គាត់ក៏បានបង្ហាញដែរថា គាត់បានផ្អាកការរួមភេទ ជាបណ្ដោះអាសន្នផងដែរក្នុងអំឡុងពេលហ្វឹកដើម្បីឡើងសង្វៀនប្រកួតឡើងវិញជាថ្មីនេះ។ ប៉ុន្តែគាត់នៅតែជាអ្នកតស៊ូមតិដ៏រឹងមាំសម្រាប់អត្ថប្រយោជន៍ឱសថនៃកញ្ឆា សម្រាប់សុខុមាលភាពផ្ទាល់ខ្លួនរបស់គាត់ និងអ្នកដទៃ។
គួរបញ្ជាក់ថា កីឡាករប្រដាល់ទម្ងន់ធ្ងន់ ម៉ៃ ថៃសាន់ ដែលធ្លាប់ល្បីខាំស្លឹកត្រចៀកគូប្រកួត ហូលីហ្វៀល នេះ បានចូលនិវត្តន៍ពីវិស័យកីគាប្រដាល់ ក្នុងឆ្នាំ២០០៥ ប៉ុន្តែថ្មីៗនេះ លោកបានបានប្រកួតនៅក្នុងការតាំងពិព័រណ៌មួយ ក្នុងខែវិច្ឆិកា ឆ្នាំ២០២០0 ជាមួយកីឡាករ រ៉យ ចូនស៍ (Roy Jones) នៅរដ្ឋកាលីហ្វ័រញ៉ា។ នៅថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២៤ ខាងមុខនេះ បើគ្មានអ្វីប្រែប្រួលទេ ម៉ៃ ថៃសាន់ នឹងឡើងសង្វៀនប្រកួតជាមួយកីឡាករវ័យក្មេង ជែក ប៉ូល ។
ចំពោះប្រវត្តិក្នុងវិស័យប្រដាល់ ម៉ៃ ថៃសាន់ ធ្លាប់បានឈ្នះការប្រកួត ចំនួន ៥០ដង ជាមួយនិងការផ្តួលដៃគូឱ្យសន្លប់ ចំនួន ៤៤ដង មុនពេលចូលនិវត្តន៍៕