Thursday, November 21, 2024
Homeកីឡាអន្ដរជាតិ សែន ចន្ទឫទ្ធីគុន-ដាវ លីឌុច បំភ្លឺរឿងប៊ិះវ៉ៃគ្នាក្រៅសង្វៀន ដោយសារព្រំ សំណាង

 សែន ចន្ទឫទ្ធីគុន-ដាវ លីឌុច បំភ្លឺរឿងប៊ិះវ៉ៃគ្នាក្រៅសង្វៀន ដោយសារព្រំ សំណាង

ភ្នំពេញ ៖ មហាជនអ្នកស្នេហាវិស័យកីឡាប្រដាល់ បានមានការភ្ញាក់ផ្អើល នៅពេលឃើញឃ្លីបវីដេអូមួយ ដែលបង្ហាញពីសកម្មភាពរបស់កីឡាករប្រដាល់សញ្ជាតិខ្មែរ-ប្រេស៊ីល លោកធីអាហ្គោ តេសេរ៉ា (Thiago Teixeira) ហៅសែន ចន្ទឫទ្ធីគុន និងស្តេចប្រដាល់ភូមា លោកដាវ លីឌុច (Dave Leduc)  ដែលប៊ិះវ៉ៃគ្នាក្រៅសង្វៀន កាលពីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្នុងកម្មវិធីប្រកួតប្រដាល់ នៅកោះពេជ្រ ដែលមានវត្តមានកំពូលកីឡា ករប្រដាល់ហ្វីលីពីន លោកម៉ាននី ប៉ាកគីអាវ មកចូលរួមទស្សនាផងដែរ ហើយករណីនេះ ត្រូវបានកីឡាករ បរទេសទាំងពីរ បកស្រាយបំភ្លឺថា មូលហេតុគឺដោយសារតែកីឡាករគុនខ្មែរ ព្រំ សំណាង ដោយសែន ចន្ទឫទ្ធីគុន ខឹងដាវ លីឌុច និយាយមិនល្អពីព្រំ សំណាង ចំណែក ដាវ លីឌុច  បកស្រាយថា ពេលនោះរូបគេបានប្រាប់សែន ចន្ទឫទ្ធីគុន ថាសំណាង ជាអ្នកប្រដាល់គ្មានវិជ្ជាជីវៈ និងជាមនុស្សកំសាក ដែលវាយគេ បន្ទាប់ពីស្នូរជួងបានបន្លឺឡើង ហើយពេលនោះ សែន ចន្ធឫទ្ធីគុន បាននិយាយថា កុំហៅមិត្តគេបែបនោះ ហើយរុញរូបគេ។

ទោះបីជាយ៉ាងណា កីឡាករប្រដាល់ទាំងពីរ បានបញ្ជាក់ថា រឿងនេះគ្រាន់តែជាបញ្ហារបស់ពួកគេទាំងពីរនាក់នេះប៉ុណ្ណោះ ពួកគេគ្នាបញ្ហាអ្វីជាមួយកីឡាករ និងអ្នកគាំទ្រកម្ពុជា នោះទេ។

លោកសែន ចន្ទឫទ្ធីគុន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ថា «ខ្ញុំចង់សុំទោសអ្នកទាំងអស់គ្នា ចំពោះរឿងដែលបានកើតឡើងកាលពីយប់ម្សិលមិញ ប៉ុន្តែគាត់និយាយពេញមួយយប់ អំពីការប្រកួតជាមួយព្រំ សំណាង និយាយរឿងអវិជ្ជមានជាច្រើនពីព្រំ សំណាង និយាយថាគាត់វាយមួយកែង បន្ទាប់ពីចប់ម៉ោង និងផ្សេងៗទៀត…។ បន្ទាប់មក គាត់ក៏ដាក់មុខគាត់លើខ្ញុំ ចុងក្រោយមើលទៅថាមានអ្វីកើតឡើង : ខ្ញុំសុំទោសចំពោះរឿងនេះ»។

ចំណែកលោកដាវ លីឌុច បានសរសេរបកស្រាយបំភ្លឺ តាមទំព័រហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃដដែលនោះថា «កាលពីយប់មិញ ខ្ញុំបានជួបកីឡាករប្រេស៊ីល ក្នុងកន្លែង VIP។ អ្វីគ្រប់យ៉ាងល្អប្រសើរ ប៉ុន្តែបន្ទាប់ពីព្រឹត្តិការណ៍នេះ ខ្ញុំបានប្រាប់គាត់ថា មិត្តរបស់គាត់សំណាង គឺគ្មានវិជ្ជាជីវៈ ហើយជាមនុស្សកំសាក ដែលវាយខ្ញុំជាច្រើនវិនាទី បន្ទាប់ពីស្នូរជួងបានបន្លឺឡើង។ Thiago និយាយថា កុំហៅមិត្តខ្ញុំបែបនោះ ហើយរុញខ្ញុំ ។

ប្រហែលជាគាត់មិនចូលចិត្តទេ តែនោះជាការពិត។ សំណាង មិនអាចវាយត្រូវខ្ញុំក្នុងអំឡុងពេលប្រកួតទាំងមូលនោះ ដូច្នេះគាត់បានវាយខ្ញុំ ៣វិនាទី បន្ទាប់ពីបញ្ចប់ការប្រកួត។ ខ្ញុំនៅតែខឹង។ សំណាងត្រូវការសុំទោសខ្ញុំ ប៉ុន្តែឥឡូវ Thiago ក៏ត្រូវសុំទោសដែរ។ គ្មានអ្នកណាប៉ះខ្ញុំបែបនេះដែរ។

ខ្ញុំស្រលាញ់ប្រជាជនខ្មែរ និងអ្នកគាំទ្ររបស់ខ្ញុំទាំងអស់ នេះគ្រាន់តែជាបញ្ហារបស់ខ្ញុំ និងអ្នកប្រដាល់ទាំងពីរនាក់នេះប៉ុណ្ណោះ។ អរគុណសម្រាប់ការស្រលាញ់ និងគាំទ្រកាលពីយប់មិញ។ ខ្ញុំបានថតរូបសែលហ្វីជាច្រើន សប្បា យណាស់ដែលបានជួបអ្នករាល់គ្នា។ ស្រលាញ់អ្នកទាំងអស់»។

ដាវ លីឌុច បានសរសេរបន្ថែមនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ថា «មីយ៉ាន់ម៉ា និងកម្ពុជា តែងតែមានទំនាក់ ទំនងល្អ តាំងពីរាប់ពាន់ឆ្នាំមកម្ល៉េះ យើងមិនដែលមានសង្រ្គាមជាមួយគ្នាទេ។ អាណាចក្រធំៗពីរ ដែលគោរពគ្នាទៅវិញទៅមក ៖ អាណាចក្រភូមា និងអាណាចក្រខ្មែរ។ រហូតមកដល់សព្វថ្ងៃនេះ ក៏នៅតែគោរពគ្នាដដែល។ ឥឡូវនេះដោយសារតែមីយ៉ាន់ម៉ាកំពុងតែមានជម្លោះផ្ទៃក្នុង និងគ្មានសុវត្ថិភាព កម្ពុជា បានទទួលស្វាគមន៍ខ្ញុំ គ្រួសារខ្ញុំ និងដៃគូរបស់ខ្ញុំ យ៉ាងកក់ក្តៅ។ ខ្ញុំសូមអរគុណដល់ប្រជាជនខ្មែរ ដែលបានស្វាគមន៍ពួកយើង នៅ ពេលដែលប្រទេសកំណើតរបស់យើងមិនសុខសប្បាយ។  ហេតុដូច្នេះហើយបានជាខ្ញុំព្យាយាមឱ្យអស់ពីសមត្ថភាព ក្នុងការបើកអាជីវកម្មនៅទីនេះ ផ្តល់ការងារឲ្យប្រជាជន ផ្សព្វផ្សាយពីប្រទេសកម្ពុជា ដល់ភ្ញៀវទេសចរអន្តរជាតិ។ ខ្ញុំក៏បានប្រកួតជាមួយសំណាង តាមក្បួនគុនខ្មែរបុរាណ ជាមួយអំបោះឆៅ  និងមិនបានប្រើក្បាលបុកទេ។ ការប្រយុទ្ធចុងក្រោយរបស់ខ្ញុំត្រូវបានទស្សនាដោយមនុស្សជាង 25 លាននាក់ ដែលជាការប្រគួតដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា (ប្រទេសកម្ពុជា មានប្រជាជនត្រឹមតែ 17លាននាក់ប៉ុណ្ណោះ ប្រទេសទាំងមូលបានទស្សនាបូករួមទាំងប្រទេសមីយ៉ាន់ម៉ា និងលោកខាងលិច)។ ខ្ញុំមិនឯកភាពនឺងសំដីនរណាម្នាក់ដែលនិយាយថា ខ្ញុំមិនផ្សព្វផ្សាយអំពីគុនខ្មែរ ខ្ញុំធ្វើច្រើនជាងអ្នកប្រដាល់ទាំងអស់ដើម្បីផ្សព្វផ្សាយ។ ខ្ញុំមានទស្សនិកជនអន្តរជាតិ ហើយខ្ញុំនិយាយភាសាអង់គ្លេស។ វាជាស្ថានការណ៍ដូចគ្នានៅមីយ៉ាន់ម៉ា មុនពេលខ្ញុំមកដល់មីយ៉ាន់ម៉ា ជើងឯកមីយ៉ាន់ម៉ា មិនអាចនិយាយភាសាអង់គ្លេស និងផ្សព្វផ្សាយទៅក្រៅប្រទេសបានទេ។ ខ្ញុំបាននាំ Lethwei  ទៅឲ្យពិភពលោកបានស្គាល់  ហើយខ្ញុំបានចូលរួមកម្មវិធី Podcast ធំបំផុតនៅលើពិភពលោក ជាមួយ Joe Rogan។ តើធារ៉ា ឬសំណាង អាចផ្សព្វផ្សាយនិងចូលរួមក្នុងកម្មវិធី  Joe Rogan បានដែរឫទេ? ឥឡូវនេះខ្ញុំរស់នៅប្រទេសកម្ពុជា ហើយខ្ញុំស្រលាញ់ទីនេះ។ កូនប្រុសខ្ញុំក៏កើតនៅប្រទេសកម្ពុជា ដែរ។  ខ្ញុំនឹងបើកហាងកាហ្វេរបស់ខ្ញុំ ក្រុមកីឡា Esport គម្រោងអចលនទ្រព្យ កន្លែងហាត់ប្រាណ ហើយខ្ញុំនឹងផ្សព្វផ្សាយលើកស្ទួយប្រទេសកម្ពុជា ព្រោះវាជាប្រទេសដ៏ស្រស់ស្អាតមួយ។   មីយ៉ាន់ម៉ា និងកម្ពុជា ក៏មានស្ថានភាពដូចគ្នាផងដែរ ជាមួយនឹងប្រទេសថៃ ព្រោះថៃ ពួកគេព្យាយាមលួចប្រវត្តិសាស្រ្តរបស់យើង ដូច្នេះយើងពិតជាបងប្អូន។ វាជាការសំខាន់ណាស់ដែលខ្មែរ ត្រូវយល់ថា ពិភពលោកដំណើរការយ៉ាងម៉េច។ បើយើងផ្សព្វផ្សាយតែនៅក្នុងប្រទេសកម្ពុជា គ្មាននរណារៀនពីគុនខ្មែរ ទេ។ ជឿខ្ញុំទៅ ខ្ញុំដឹងថាខ្ញុំកំពុងធ្វើអ្វី។ អរគុណសម្រាប់ការគាំទ្រ ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា»។

ដាវ លីឌុច ក៏បានបញ្ជាក់ពីជំហររបស់ខ្លួនក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រកួតប្រដាល់ ជាថ្មីម្តងទៀតថា រូបគេត្រូវការ ១លានដុល្លារ បើសិនចង់ឲ្យឡើងសង្វៀនម្ដងទៀត ហើយរូបគេនឹងដើរផ្ដួលកីឡាករ មួយថៃ (Muay Thai) តែប៉ុណ្ណោះ រូបគេមិនប្រកួតជាមួយកីឡាករគុនខ្មែរទេ ព្រោះរូបគេគិតថា មួយថៃ គឺលួចចម្លងក្បាច់គុនខ្មែរ។

ដាវ លីឌុច បានសរសេរនៅថ្ងៃដដែលនោះថា «ខ្ញុំត្រូវការ ១លានដុល្លារ បើសិនចង់ឲ្យខ្ញុំឡើងសង្វៀនម្ដងទៀត។ ខ្ញុំនឹងដើរផ្ដួលកីឡាករ Muay Thai ព្រោះខ្ញុំគិតថា Muay Thai គឺលួចចម្លងក្បាច់គុនខ្មែរ។ ខ្ញុំចង់ប្រកួតម្ដង ប៉ុន្ដែផ្ដួលតែកីឡាករ Muay Thai ប៉ុណ្ណោះ»៕ ខៀវទុំ

RELATED ARTICLES