ខេត្តកំពតៈ ក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំដំណើរបេសកកម្មសារព័ត៌មាន ដើម្បី «ផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលនៃការអភិវឌ្ឍន៍ក្រុងបូកគោ» ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ដោយបានទៅចូលទស្សនារូបសំណាកលោកយាយម៉ៅ និងដំណាក់ស្លាខ្មៅ ស្រែ១០០ វាលស្រែ៥០០ ថ្មអណ្ដើក ក្លោងទ្វារមេឃ ថ្មប្រាសាទ វាលផ្កាបំពង់ក្រឡោម តំបន់សមាធិ និងល្អាងភ្នំស័ក្តិសិទ្ធិ ទស្សនាការកសាងព្រះពុទ្ធបដិមាកម្ពស់១០៨ម៉ែត្រ ទស្សនាការកសាងផ្លូវក្តីឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ទំនប់ទឹកថ្មី, បុរីមរកត, បុរីអម្រិតឋានសួគ៍, បុរីក្រោន, វត្តសំពៅប្រាំ, វិមានអ្នកតាភ្នំ, អតីតសាលាក្រុងបូកគោ និងធ្លាប់ជាព្រះរាជដំណាក់ព្រះបាទស៊ីសុវត្តិមុនីវង្ស ជាដើម ។
គួរបញ្ជាក់ថា ភ្នំបូកគោមានចម្ងាយ១៩០គម ពីរាជធានីភ្នំពេញ មានកំពស់ ១,០៧៥ ម៉ែត្រធៀបនឹងកម្រិតទឹកសមុទ្ទ ស្ថិតក្នុងទឹក ដីខេត្តកំពត ដែលមានចម្ងាយ ១១គម ពីក្រុងកំពតទៅជើងភ្នំ និង៣២គម ពីជើងភ្នំដល់កំពូលភ្នំ។ ភ្នំនេះ ត្រូវបានចូលទៅដល់ដំបូងនៅឆ្នាំ១៩១៧ លុះក្រោយមក ជនជាតិបារាំងម្នាក់ឈ្មោះលួស ដែលជាអ្នកជំនាញស្រាវជ្រាវរុករក បានរកឃើញ និងស្នើទៅប្រធានរដ្ឋបាលបារាំងពេលនោះ ដើម្បីរៀបចំជារមណីយដ្ឋាន នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ ១៩២២ ក្នុងរាជព្រះបាទស៊ីសុវត្ថិ សម្រាប់ជាទឹកន្លែងសម្រាកលម្ហែកាយរបស់ពួកអាណានិគមបារាំង នៅរដូវក្តៅ។ អាកាសធាតុនៅលើភ្នំបូកគោ មានភាពត្រជាក់បង្ហូរ ដែលសីតុណ្ហភាពប្រែលប្រួលពី ១៥ ទៅ ២៥ អង្សាសេ។ បច្ចុប្បន្ននេះ បន្ទាប់ពីបញ្ចប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សណ្ឋាគារ រមណីយដ្ឋានឋានសួគ៌បូកគោ ត្រូវបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ភ្នំបូកគោ ក្លាយតំបន់អភិវឌ្ឍ ទេសចរណ៍ វប្បធម៌ ប្រពៃណី សាសនា និងជំនឿផ្សេងៗទៀត។ ជាពិសេសតំបន់ទេសចរណ៍នៅឧទ្យានជាតិព្រះមុនីវង្ស ចែកតំបន់ទេសចរណ៍ បួនប្រភេទ តីតំបន់ទេសចរណ៍ធម្មជាតិ (Eco-Tourism) តំបន់ទេសចរណ៍វប្បធម៌ (Cultural Tourism) តំបន់ទេសចរណ៍ជំនឿ (Spiritual Tourism) តំបន់ទេសចរបង្កើតថ្មី (Innovative Tourism) និងតំបន់ទេសចរណ៍ធម្មជាតិ ។
ខាងក្រោមនេះ ជាតំបន់អភិវឌ្ឍលើភ្នំបូកគោ ដែលស្ថាប័នសារព័ត៌មានចំនួន៣០ ដឹកនាំដោយក្លឹបអ្នកកាសែតកម្ពុជា បានទៅទស្សនាផ្ទាល់ និងមានការនាំផ្លូវដោយលោកធឿន ប៊ុនថន ប្រធានផ្នែកលក់ នៃក្រុមហ៊ុនសុខាអូតែល ៖
១. ថ្មមុខយក្សឬអ្នកថែរក្សាព្រៃ ស្ថិតនៅតាមផ្លូវឡើងភ្នំបូកគោ ត្រង់គីឡូម៉ែត្រលេខ១០ ។ ភ្ញៀវទេសចរ ឡើងមកដល់ទីនេះ តែងឈប់សម្រាកគយគន់និង ផ្ចិតយករូបភាពដ៏ចម្លែកអស្ចារ្យរបស់ផ្ទាំងថ្មដែលមានសណ្ឋានជាមុខ មនុស្សធំ ហើយត្រូវបានគេដាក់ឈ្មោះឲ្យថា ថ្មមុខយក្ស ឬហៅម្យ៉ាងទៀតថា អ្នកថែរក្សាព្រៃ។ នៅទីនេះភ្ញៀវទេសចរះ ភ្ញៀវទេសចរ មើលឃើញទិដ្ឋភាពក្រុងកំពត នៅពេលថ្ងៃ ឬពេលរាត្រី។ កាលពីមុន ថ្នមុខយក្សនេះ ជាទីកន្លែងដែលអ្នកដើរព្រៃ និងអ្នកធ្វើដំណើរនានាគោរពបន់ស្រន់សុំសេចក្តីសុខ។
២. ដំណាក់ស្លាខ្មៅ នៅក្បែររូបសំណាកលោកយាយម៉ៅ ស្ថិតនៅត្រង់គីឡូម៉ែត្រទី ២០ តាមបណ្តោយផ្លូវឡើងចុះរមណីយដ្ឋានឋានសួគ៌បូកគោ។ ដំណាក់នេះ ត្រូវបានសាងសង់ឡើងពីបាយអរនិងបិទឈើស្លាខ្មៅនៅក្នុងឆ្នាំ១៩៣៦ សម្រាប់ជាព្រះរាជដំណាក់សម្រាកលំហែព្រះកាយរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ នៅក្នុងសម័យសង្គមរាស្ត្រនិយម។ ដោយសារសង្រ្គាមស៊ីវិលរាប់ទស្សវត្ស ដំណាក់ស្លាខ្មៅ រងការខូចខាត និងទុកចោលរហូតមក ដល់បច្ចុប្បន្ន។ ប៉ុន្តែអគារដំណាក់ទាំងមូល នៅមានសភាពរឹងមាំ គ្រាន់តែទ្វារបង្អួចត្រូវបានបាត់បង់អស់ហើយ។ ដំណាក់នេះ បែរមុខឆ្ពោះមករកផ្លូវ រីឯខាងក្រោយដំណាក់ អាចគយគន់ទេសភាពមាត់ជ្រោះ និងថ្ងៃលិចដ៏អស្ចារ្យ។
៣. វិហារកាតូលិច ត្រូវបានសាងសង់ឡើងដោយជនជាតិបារាំងនៅដើមឆ្នាំ1920 ដែលជាផ្នែកមួយនៃការសាងសង់ បុរីលំហែលើភ្នំបូកគោ។ ព្រះវិហារនេះនៅរក្សាបានទ្រង់ទ្រាយដើម និងមានសភាពរឹងមាំ។ នៅខាងក្រោយព្រះវិហារ មានទួលមួយដែលជាកន្លែងគយគន់ថ្ងៃលិចដ៏លន្លង់លន្លោចនិងស្រស់ស្អាតជាងគេនៅលើភ្នំបូកគោ។
៤. សណ្ឋាគារឡឺបូកគោ ផាឡេស សំណង់អគារប្រវត្តិសាស្ត្រនេះ ធ្លាប់ជាសណ្ឋាគារដ៏ធំស្កឹមស្កៃនិងស្រស់ស្អាត នាសម័យអាណានិគមបារាំង និងកាស៊ីណូ នៅសម័យសង្គមរាស្ត្រនិយម។ ក្រោយមក ត្រូវបានបោះបង់ចោល ហើយគ្រឿងបង្គុំនៃសំណង់រងការខូចខាតដោយសង្គ្រាម អាកាសធាតុ និងអាយុកាលនៃសំណង់។ ក្រុមហ៊ុនសុខាអូតែល បានជួសជុលសំណង់អគារនេះសាជាថ្មី ដោយរក្សាទុកនូវលក្ខណៈពិសេសរបស់វា និងបង្កើតឡើងវិញ នូវរចនាបទផ្ទៃខាងក្នុងបែបអាណានិគម ជាមួយនឹងគ្រឿងបំពាក់បន្ទប់ទឹក ដែលនាំចូលមកពីប្រទេសអ៊ីតាលី និងឥដ្ឋការ៉ូដ៏ប្រណីត ដែលនាំចូលពីប្រទេសអេស្ប៉ាញ។ ក្រោយជួសជុលរួចរាល់ សំណង់អគារអាណានិគមដ៏ធំស្កឹមស្កៃនេះ បានបើកសម្ពោធនៅដើមឆ្នាំ២០១៨ ដែលមានបន្ទប់ស្នាក់នៅ និងបន្ទប់ស្វីតដ៏ប្រណីតចំនួន៣បន្ទប់ ភោជនីយដ្ឋានចំនួន២ ដែលបង្ហាញនូវប្រណីតភាពនៃសណ្ឋាគារនេះ នាសម័យអតីតកាល ចុងភៅស្វីស និងខ្មែរ បានរៀបចំនូវមុខម្ហូបកាលពី១០០ឆ្នាំមុន និងម្ហូបអាហារគ្រួសាររាជវង្សខ្មែរ ជាមួយនឹងបន្លែសរីរាង្គ និងគ្រឿងផ្សំថ្មីស្រស់ ដែលដាំនៅចម្ការបន្លែសរីរាង្គ។ សណ្ឋាគារនេះ ត្រូវបានបើកលើកទី២ នៅដើមឆ្នាំ១៩៦២ ដោយព្រះកុរណាសម្តេចព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដែលផ្តល់សេវាកម្មជូនមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងពាណិជ្ជករ ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយវាក៏ជាកន្លែងវិស្សមកាល ដែលព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ចូលចិត្តជាទីបំផុត។ ស្ថិតនៅច្រាំងថ្មចោតនៃកំពូលភ្នំបូកគោ សណ្ឋាគារប្រវត្តិសាស្ត្រមួយនេះ ផ្តល់នូវទេសភាពដ៏ស្រស់ត្រកាល ដែលត្រូវបានជនជាតិបារាំងហៅថា ឆ្នេសមុទ្របៃតង។ អាកាសធាតុនៅលើកំពូលភ្នំបូកគោ មានចន្លោះពី១៥ ដល់ ២៥អង្សាសេ ពេញមួយឆ្នាំ ហើយភ្នំបូកគោ មិនត្រឹមតែជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវប៉ុណ្ណោះទេ វាក៏ជារមណីយដ្ឋានសុខភាព ដែលព្យាបាលដោយធម្មជាតិ រួមមានៈ ឥទ្ធិពលនៅលើសួត ការដកដង្ហើម សារធាតុចិញ្ចឹមប្រព័ន្ធប្រសាទ ការស្ដារឡើងវិញនៃចលនាឈាម និងការបង្កើនកម្លាំង។ សណ្ឋាគារឡឺបូកគោ ផាឡេស គឺជាអគារបួនជាន់ ដែលត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ ជាមួយនឹងវត្តមានដ៏មានអានុភាព មានរានហាល និងជណ្តើរថ្មើរជើង បែបអ៊ីតាលី។
៥. ព្រះរាជដំណាក់ព្រះបាទ មុនីវង្ស ស្ថិតនៅចម្ងាយប្រមាណ២គីឡូម៉ែត្រ ពីរមណីយដ្ឋានឋានសួគ៌បូកគោ។ ដំណាក់នេះ សាងសង់តាមរចនាបទសំណង់បារាំង នៅក្បែរមាត់ជ្រោះដែលអាចគយគន់សម្រស់ព្រៃភ្នំពណ៌បៃតងដាច់កន្ទុយភ្នែក និងព្រះអាទិត្យរះពេលព្រឹក។ បារាំង បានសាងសង់ព្រះរាជដំណាក់នេះ សម្រាប់ព្រះបាទស៊ីសុវត្ថិ មុនីវង្ស លម្ហែព្រះកាយនៅរដូវក្តៅ។ ព្រះរាជដំណាក់នេះ ត្រូវបានគេអះអាងថា ជាទីដែលព្រះករុណាស៊ីសុវត្ថិ មុនីវង្ស ទ្រង់សោយទិវង្គត ដោយមានព្រះឈួនធ្ងន់។ ព្រះអង្គបានយាងចូលទិវង្គតនៅរាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៤១ ក្នុងព្រះជន្មាយុ ៦៦វស្សា ក្រោយពេលព្រះអង្គសោយរាជ្យក្នុងក្រុងកម្ពុជាធិបតីបាន១៤ឆ្នាំ។ បន្ទាប់ពីទ្រង់សោយទិវង្គតទៅ រាជការបានកែប្រែព្រះរាជដំណាក់នេះទៅជាអគារសាលាក្រុងបូកគោ។
៦. វត្តសំពៅប្រាំ តាំងនៅលើទីទួលខ្ពស់នៃកំពូលភ្នំបូកគោ ដែលមានផ្ទាំងថ្មធំៗនៅពាសពេញ។ បច្ចុប្បន្នអារាមានេះ ស្ថិតនៅក្នុងដែនរដ្ឋបាលរបស់ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត និងមានព្រំប្រទល់ខាងជើងជាប់ផ្លូវថ្នល់ មកពីសណ្ឋាគារឋានសួគ៌បូកគោ ដែលមានចម្ងាយ២គីឡូម៉ែត្រ ខាងត្បូងនិងខាងលិចជាប់បាង រីឯខាងកើតជាប់សំណង់អគារបុគ្គលិករបស់រមណីយដ្ឋាន។ វត្តនេះ កសាងឡើងក្នុងឆ្នាំ ១៩២៤ ដោយព្រះវររាជិនីដែលជាព្រះមាតាព្រះករុណា ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ មុនីវង្ស ព្រះខត្តិយកោដ្ឋិ ហើយព្រះអង្គបានប្រសិទ្ធនាមថា “វត្តសំពៅប្រាំ” ព្រោះមានផ្ទាំងសិលាសំប៉ែតខ្ពស់ បណ្តោយជាង ១០ ម៉ែត្រ និងកម្ពស់ប្រហែលជិត១០ម៉ែត្រ តម្រៀបគ្នាជាប្រាំសន្លឹក មានសណ្ឋានដូចសំពៅប្រាំកំពុងបើកក្តោងស្ថិតចំខាងមុខព្រះវិហារ។ ដោយសារលក្ខណៈភូមិសាស្ត្ររបស់វត្តសំពៅប្រាំ ប្រជាពលរដ្ឋបាននិទានតៗគ្នាពីមាត់មួយទៅមាត់មួយអំពីប្រវត្តិសំពៅប្រាំ ដោយភ្ជាប់នឹងរឿងព្រេងនិទាន “ព្រះថោង នាងនាគ”ដែលមានដំណាលថា កាលពីព្រេងនាយ មានក្សត្រមួយអង្គព្រះនាមព្រះថោង បានអាក់អន់ព្រះទ័យនឹងបិតា ដែលតម្រូវឱ្យព្រះអង្គគោរពបូជាព្រះអនុជពៅ ម៉្លោះហើយទ្រង់យាងចាកចេញពីព្រះរាជវាំងជាមួយបរិវារ ទៅដល់ឆ្នេរខ្សាច់មួយមានដើមធ្លកមួយដើមដុះនាកណ្តាលវាលខ្សាច់នោះ។ ព្រះអង្គបញ្ឈប់ពលរេហ៏នៅទីនោះ សម្រាកព្រះកាយនៅក្រោមដើមធ្លក។ ពេលព្រលឹមស្វាងឡើង ព្រះអង្គយាងមួយព្រះអង្គឯង លម្ហែព្រះកាយតាមមាត់សមុទ្រកាន់តែឆ្ងាយទៅៗ ស្រាប់តែឮសំឡេងមនុស្សអ៊ូអរ ព្រះអង្គក៏យាងទៅជិត បានជួបនឹងនាងនាត ដែលកំពុងនាំភិលៀងកម្សាន្តឆ្នេរសមុទ្រនេះ។ ព្រះអង្គបានលួងលោមប្រតិព័ទ្ធ នាងនាគ ក៏យល់ព្រម តែសូមឱ្យព្រះអង្គតោងកន្ទុយនាគ ដើម្បីជ្រែកទឹកទៅកាន់ឋាននាគ ថ្វាយបង្គំព្រះភុជង្គនាគជាព្រះបិតា។ លុះព្រះអង្គតាមព្រះនាងទៅដល់ឋាននាគ អស់រយៈ៧ថ្ងៃ ក៏សូមលាព្រះបិតាក្មេកនាំមហេសីមកឋានមនុស្សវិញ។ កាលនោះ ព្រះបាទភុជង្គនាគ បានរៀបចំប្រដាប់ប្រដាជាទ្រព្យមានតម្លៃចំនួន៥សំពៅ ដើម្បីដង្ហែព្រះរាជបុត្រមកគ្រប់គ្រងរាជ្យ នៅឋានមនុស្សលោក។ សំពៅទាំង៥នោះ បើកក្តោងសំដៅមាត់សមុទ្រ ជាយដែនប្រទេស ហើយក៏ចូលចតតម្រៀបគ្នា រើប្រដាប់ប្រដាចេញពីសំពៅ ហើយដឹកជញ្ជូនយកទៅរកទីទួលខ្ពស់សម្រាប់រៀបចំកសាងជាទីក្រុងឡើង។ ឯសំពៅទាំងប្រាំនោះ ក៏បញ្ឈរទុកសម្រាប់ព្រះអង្គយាងដំណើរទៅណាមកណា ទ្រង់គង់ក្រសាលតាមព្រះចិន្តា។ ពលរេហ៍ទាំង ៥០០នាក់ក៏ដង្ហែព្រះថោង និងនាងនាគ ទៅចាប់ស្ថាបនាទីក្រុងរាជនិវេសន៍ទាំងអស់គ្នាទៅ នៅសល់តែសំបកសំពៅ។ លុះអស់កាលជាយូរលង់ក្រោយមក ឆ្នេរសមុទ្រចេះតែស្រុតស្រកឆ្ងាយទៅៗ ដីក៏កាន់តែដុះខ្ពស់ឡើងៗ សំពៅទាំងប្រាំនោះ ក៏កឿងនៅជាប់នឹងច្រាំង ហើយយូរៗទៅក៏រឹងទៅជាថ្ម លិចបាត់តួសំពៅទៅក្នុងដី នៅសល់តែក្ដោងទាំង៥ ដែលគេឃើញសព្វថ្ងៃនេះ…។ បច្ចុប្បន្ន ទីអារាមនេះ ជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់អ្នកទេសចរជាតិនិងអន្តរជាតិ ដោយនៅខាងក្រោយព្រះវិហារជាប់បាង អ្នកទេសចរ អាចស្រូបយកខ្យល់អាកាសបរិសុទ្ធនិងទស្សនាទេសភាពព្រៃព្រឹក្សាពណ៌ខៀវស្រងាត់នៅលើដងភ្នំ និងផ្ទៃសមុទ្រធំល្វឹងល្វើយឆ្ងាយសន្លឹម អមដោយផ្ទាំងពពកដេរដាស គួរជាទីពេចពិលរមិលមើល។
៧. វិមានអ្នកតាចិន ស្ថិតនៅខាងកើតនៃសណ្ឋាគារឋានសួគ៌បូកគោ ដែលភ្ញៀវទេសចរ អាចដើរពីសណ្ឋាគារកាត់តាមផ្លូវចន្លោះសួនច្បារ ប្រហែល៥នាទី ដើម្បីទៅទស្សនា ឬគោរពបូជាសុំសេចក្តីសុខ សេចក្តីចម្រើន និងសំណាងល្អដល់ក្រុមគ្រួសារ។ វិមាននេះ កសាងឡើងនៅឆ្នាំ២០១៤ ដោយក្រុមហ៊ុនសុខាអូតែល តាមលិខិតអនុញ្ញាត លេខ ៤៤៤ ចត ចុះថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៣ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយបានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៤ សម្រាប់ឲ្យសាធារណជនទូទៅចូលទស្សនា និងគោរពបូជាតាមជំនឿពុទ្ធសាសនាមហាយាន។ វិមាន មានបណ្តោយ ២២.៨០ ម៉ែត្រ ទទឹង ២០.៨០ ម៉ែត្រ និងកម្ពស់ដល់ចុងដំបូល ១២.៥២ ម៉ែត្រ សង់ពីថ្មប្រក់ក្បឿងតាមរចនាបទព្រះវិហារចិន។ នៅក្នុងវិមាន មានតម្កល់ល់បដិមាព្រះម៉ែ គង់ស៊ីអ៊ីម ព្រះឡោស៊ី និងគ្រឿងសក្ការបូជាត្រៀមសម្រាប់សាសនិកគោរពបូជា។ នៅលើជញ្ជាំងខាងឆ្វេងនិងខាងស្តាំ មានបិតផ្ទាំងគំនូរធ្វើពីថ្មសេរ៉ាមិកដ៏ស្រស់ស្អាត និងពាក្យទំនៀមរបស់ជនជាតិចិន។ ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមានជំនឿ បានចូលទៅគោរព បន់ស្រន់សុំសេចក្តីសុខ ភាពចម្រុងចម្រើន និងសំណាងល្អដល់ក្រុមគ្រួសារខ្លួន។ លើសពីនេះទៀត ភ្ញៀវទេសចរ ក៏អាចក្រឡុកគម្ពីរដែលមានព្រឹទ្ធាចារ្យម្នាក់រង់ចាំអាននិងបកស្រាយគម្ពីរ ពីគ្រោះ និងលាភ នៅថ្ងៃអនាគត។ ជារៀងរាល់ឆ្នាំ រមណីយដ្ឋានឋានសួគ៌បូកគោ តែងប្រារព្ធធ្វើពិធីហែអ្នកតា ជុំវិញរមណីយដ្ឋាន ដែលមានភ្ញៀវទេសចរចូលរួមយ៉ាងកុះករ ទទួលយកសំណាងល្អនៅក្នុងឆ្នាំថ្មី។
៨. សំណាកលោកយាយម៉ៅ ជាទេពធីតា នៃអ្នកថែរក្សា ដែលមានល្បីឈ្មោះក្នុងការថែរក្សាសន្តិភាព និងភាពស្ងប់សុខ នៅតំបន់ព្រៃភ្នំ នៃប្រទេសកម្ពុជា ដូចជា ខេត្តកំពត ក្រុងកែប និងក្រុងព្រះសីហនុ។ អ្នកទេសចរ មិនដែលរំលងចូលទស្សនា និងគោរពលោកយាយម៉ៅ នោះឡើយ ពេលដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ ពីភ្នំពេញ ទៅក្រុងព្រះសីហនុ ហើយដើម្បីតបស្នងនឹងការគោរពនេះ លោកយាយតែងតែផ្តល់ការថែរក្សាការពារជានិច្ច ដល់អ្នកដែល គោរពសក្ការៈចំពោះគាត់។ ដើម្បីគោរពដល់លោកយាយម៉ៅ ដែលជាព្រលឹងនៃអ្នកថែរក្សាភ្នំ និងសមុទ្រ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១០ ក្រុមហ៊ុនសុខាអូតែល បានកសាងរូបសំណាកលោកយាយដ៏ធំបំផុតពីថ្មស៊ីម៉ងត៍ ដែលមានកម្ពស់២៧.៨ ម៉ែត្រ និងទទឹង៨ម៉ែត្រនៅជិតច្រាំងចោតនៃឆ្នេរសមុទ្រ លើឧទ្យានជាតិភ្នំបូកគោ សម្រាប់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរគោរព បន់ស្រន់សុំសេចក្តីសុខ និងសុវត្ថិភាព។ រូបសំណាកនេះ បានសង់រួចរាល់នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១២ តាំងនៅលើកំពូលភ្នំ (កម្ពស់១០៧៥ម៉ែត្រ) ដែលអាចមើលឃើញឆ្នេរសមុទ្រទាំងមូល។ ពីដំបូង រូបសំណាក ត្រូវបានកំណត់ពេលសាងសង់ឲ្យរួចរាល់ត្រឹមរយៈពេល១ឆ្នាំ ប៉ុន្តែត្រូវពន្យារពេលរហូតដល់២ឆ្នាំ ដោយសារតែលក្ខខណ្ឌអាកាសធាតុ និងមធ្យោបាយដឹកជញ្ជូន។ រូបសំណាក មានកិរិយាសមាធិ ដោយបង្ហាញនូវភាពស្ងប់ និងសន្តិភាព តាមរយៈការអង្គុយលើអាសនៈ៣ ជាន់។ រូបសំណាក ត្រូវបានលាបពណ៌ជារូបស្លៀកសំពត់ពណ៌ខ្មៅ ពាក់អាវស និងបង់ក្រមាពណ៌លឿង ដែលជាគ្រឿងសម្គាល់ នៃប្រពៃណីស្លៀកពាក់របស់ដូនជី ។ សំណង់ទាំងមូល មានតម្លៃជាង២១ម៉ឺនដុល្លារអាមេរិក (២១០.១០២) ។ ដោយសាររូបសំណាកមានទីតាំងនៅទីវាល និងនៅលើភ្នំកម្ពស់១០៧៥ ម៉ែត្រ វាទទួលរងឥទ្ធិពលភ្លៀង ពពក និងខ្យល់ពីសមុទ្រ ដែលធ្វើឲ្យប្តូរពណ៌យ៉ាងឆាប់ជាងធម្មតា។ ក្រុមវិស្វករ តែងជួសជុលរាល់២ ឬ៣ ឆ្នាំម្តង ដើម្បីរក្សារូបរាង និងពណ៌របស់រូបសំណាកឲ្យនៅល្អ។ ការជួសជុល គឺរាប់ទាំងការសម្អាតស្លែ និងលាបថ្នាំ ។ អ្នកទស្សនាដែលឡើងដល់កំពូលភ្នំ តែងតែឈប់សម្រាក ចូលគោរពរូបសំណាកលោកយាយម៉ៅ មិនដែលខានឡើ យ។ រូបសំណាក ត្រូវបានជឿថា អាចមើលឃើញតាំងពីបាតនៃជើងភ្នំ។ រូបសំណាកលោកយាយម៉ៅ បានក្លាយជាកំណត់សម្គាល់នៃឧទ្យានជាតិបូកគោ ដែលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។ វាមិនត្រឹមតែជាគម្រោងការងារមួយ គួរឲ្យកត់សម្គាល់ប៉ុណ្ណោះទេ ថែមទាំងជាសំណង់សិល្បៈផ្នែកជំនឿដ៏ចំណានមួយ នៅក្នុងប្រវត្តិសាស្ត្របច្ចុប្បន្ន។ ទិដ្ឋភាពដ៏គួរឲ្យរំភើប នៅទីតាំងរូបសំណាកលោកយាយម៉ៅ ភ្ញៀវអាចមើលឃើញទិដ្ឋភាពដ៏គួរឲ្យរំភើបនៃសមុទ្រពណ៌ខៀវ ព្រំដែនសមុទ្រ ច្រាំងសមុទ្រ និងទិដ្ឋភាពធំទូលាយនៃខេត្តកំពត។ វាក៏ជាកន្លែងសន្តិភាពឥតខ្ចោះ ក្នុងការរីករាយទស្សនា។ ប្រសិនបើអ្នកទេសចរអាចឆ្លងកាត់ទីនោះ នៅពេលល្ងាច ហើយរង់ចាំបន្តិច ដើម្បីទស្សនា ទិដ្ឋភាពដ៏គួរឲ្យរំភើប នៃព្រះអាទិត្យលិចចូលទៅក្នុងសមុទ្រ…។
៩. ទឹកជ្រោះពពកវិល ត្រូវបានឲ្យឈ្មោះតាមតថភាពនៃទីកន្លែងដែលមានទឹកធ្លាក់ពីរជាន់ និងដុំពពករសាត់ អណ្តែតពីលើជាប់មិនលស់ពេល។ នៅរដូវវស្សា សន្ធឹកទឹកជ្រោះពពកវិល ហូរធ្លាក់លាន់លឺកងរំពងពេញព្រៃ ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឲ្យពេចពិលរមិលមើល ងូតទឹកលេងកម្សាន្ត និងផ្តិតយករូបភាពដ៏ស្រស់បំព្រង នៃទឹកជ្រោះពពកវិល និងព្រៃព្រឹក្សាធំៗដុះសងខាងមាត់ជ្រោះ។ នៅរដូវប្រាំង ភ្ញៀវទេសចរ អាចចុះដល់បាតជ្រោះ ដើរគយគន់ថ្មដែលត្រូវចរន្តទឹកហូររំលឹងរលោងស្រិល មានផ្ទាំងតូចធំខ្លះ ហាក់ដូចជាគេកាត់យកមកតម្រៀបលើគ្នា ហាក់បីដូចជាផ្ទាំងគំនូរគួរជាទីគយគន់ ដើមឈើធំៗប្របមាត់ជ្រោះ ដែលផ្តល់ជាម្លប់ដ៏ត្រជាក់ត្រឈឹងត្រឈៃ ថាមពល និងអារម្មណ៍ស្រស់ថ្លាដល់ភ្ញៀវទេសចរ។ នៅទីនេះ ភ្ញៀវទេសចរ អាចរកទិញអាហារនិងភេសជ្ជៈបែបខ្មែរ នៅភោជនីយដ្ឋានទឹកជ្រោះពពកវិល ទទួលទានសប្បាយរីករាយជាមួយក្រុមគ្រួសារ ។
១០. ទំនប់ទឹក ឬបឹងលើភ្នំ ស្ថិតនៅចម្ងាយប្រមាណ ៥គីឡូម៉ែត្រ ពីសណ្ឋាគារឋានសួគ៌បូកគោ ដែលជាអាងស្តុកទឹកស្អាត ពីធម្មជាតិ។ ទំនប់នេះមានបណ្តោយប្រវែង ១៤០ ម៉ែត្រ និងទទឹងប្រវែង៥ ម៉ែត្រ និងជម្រៅ ៨,៥ ម៉ែត្រ ដែលអាចស្តុកទឹកបាន ៤៤ ម៉ឺនម៉ែត្រគូប។ បច្ចុប្បន្នក្រុមហ៊ុនបានរៀបចំទីនេះ ជាតំបន់ទេសចរណ៍សម្រាប់ភ្ញៀវទេសចរ ជិះទូកកៃយាក ទូកក្ងាន អ៊ូប័រ និងស្ទូចត្រីកម្សាន្តសប្បាយ។ ចំណែកមាត់បឹង ជាទីតាំងដ៏ស្រស់ស្អាតសម្រាប់អង្គុយលម្ហែបែបរ៉ូមែនទិច រៀបចំបោះតង់ អាហារប៊ីប៊ីឃ្យូ កម្មវិធីជួបជុំរាំលេងកម្សាន្តផ្សេងៗ ជាពិសេសទេសចរ និយមចូលចិត្តគយគន់ទេសភាពថ្ងៃរៀបលិច និងថ្ងៃរះយ៉ាងស្រស់ស្អាត នៅទីនេះផងដែរ។ ទឹកបឹងនេះ និងបរិស្ថានជុំវិញ មានការថែទាំយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ដោយហាមមិនឲ្យទេសចរចុះងូតទឹក ចោលសំរាមចូលបឹង ឬលាងដៃឡើយ ព្រោះជាប្រភពទឹកភ្លៀងធម្មជាតិដែលយកប្រើប្រាស់សម្រាប់ផលិតចេញជាទឹកបរិសុទ្ធឋានសួគ៌បូកគោ ក៏ដូចជាទឹកស្អាត សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់នៅក្នុងសណ្ឋាគារផងដែរ។
១១. វាលស្រែ១០០ ស្ថិតនៅចម្ងាយ ៧ គីឡូម៉ែត្រពីសណ្ឋាគារឋានសួគ៌បូកគោ ដែលភ្ញៀវទេសចរ អាចធ្វើដំណើរទៅទស្សនាដោយងាយស្រួលតាមរុក្ខវិថីគីរីតេជោសែនជ័យ។ ភ្ញៀវទេសចរដែលមិនធ្លាប់បានទៅទស្សនា នឹងមានការភ្ញាក់ផ្អើលចំពោះទេសភាព ជាមួយនឹងឈ្មោះវាលស្រែ១០០ ដែលឲ្យសម្គាល់ទីស្ថានដែលមានផ្ទាំងថ្មដុះរដិបរដុប ខណ្ឌចែកវាលស្មៅជាជួរៗដ៏ធំល្វឹងល្វើយ មើលទៅដូចជាវាលស្រែមានដីអាចម៍បំណះ។ ពេលក្រោយភ្លៀងម្តងៗ ទីនេះមានសូរស័ព្ទសំឡេងកូនក្អាត់ កង្កែប យំឆ្លើយឆ្លងគ្នាដូចនៅតាមវាលស្រែពិតប្រាកដ ទិដ្ឋភាពជាក់ស្តែងបែបនេះហើយ ទើបចាស់ទុំនៅក្នុងតំបន់នេះ លោកបានកំណត់ហៅឈ្មោះទីតាំងនេះថា វាលស្រែ១០០ ។
១២. វាលស្រែ ៥០០ ស្ថិតនៅចម្ងាយ១៧គីឡូម៉ែត្រ ពីសណ្ឋាគារឋានសួគ៌បូកគោ ដោយធ្វើដំណើរតាមរថយន្តតូចធំលើផ្លូវកៅស៊ូ និងបេតុង ប្រហែល៣០នាទី។ ដូចគ្នានឹងការឲ្យឈ្មោះវាលស្រែ១០០ ដែរ វាលស្រែ ៥០០ ជាឈ្មោះសម្គាល់តំបន់ព្រៃភ្នំធម្មជាតិដ៏ស្រស់ស្អាតចម្លែកភ្នែក នៃផ្ទាំងថ្មតូចធំជាច្រើន ដែលមានស្ថានជាសត្វ ឬវត្ថុនានារាយពាសពេញ ព្រមទាំងផ្កាបំពង់ក្រឡោម ផ្កាអ័រគីដេព្រៃ ដើមស្រូយ និងមេអំបៅជាច្រើនប្រភេទ តាក់តែងលម្អទីស្ថាននេះឲ្យកាន់តែស្រស់ស្អាតថែមទៀត។ នៅពេលធ្វើដំណើរដោយថ្មើរជើងឬម៉ូតូចូលព្រៃជ្រៅបន្តិច ភ្ញៀវទេសចរ នឹងចាប់ចិត្តដិតអារម្មណ៍កាន់តែខ្លាំង គយគន់ធម្ម ជាតិដ៏ល្អប្លែកអស្ចារ្យបីដូចនៅឋានសួគ៌។
១៣. ថ្មប្រាសាទ មានទីតាំងស្ថិតនៅក្នុងតំបន់វាលស្រែ៥០០ ដំណើរថ្មើរជើងពីផ្លូវបេតុងចូលក្នុងចម្ងាយប្រហែល៥០០ ម៉ែត្រនោះ នឹងប្រទះឃើញផ្ទាំងថ្មធម្មជាតិមានអាយុកាលរាប់រយឆ្នាំដែលមានសាច់ថ្មខាងក្នុងជាល្បាយខ្សាច់សុទ្ធសាធ ដុះតម្រៀបគ្នាស្ទើរពាសពេញវាលដែលមានទ្រង់ទ្រាយភាគច្រើនគឺខាងក្រោមដូចជញ្ជាំងប្រាសាទ និងផ្នែកខាងលើស្រួចឡើងលើដូចកំពូលប្រាសាទ ឯថ្មខ្លះទៀតក៏មានរូបរាងផ្សេងៗយ៉ាងចម្លែក និងគួរជាទីចាប់អារម្មណ៍សម្រាប់ទេសចរគយគន់ទស្សនា។ ទិដ្ឋភាពជាក់ស្តែងបែបនេះហើយ ទើបចាស់ទុំនៅក្នុងតំបន់នេះ លោកបានកំណត់ហៅឈ្មោះទីតាំងនេះថា ថ្មប្រាសាទ។
១៤. វាលផ្កាបំពង់ក្រឡោម មានទីតាំងស្ថិតនៅក្នុងតំបន់វាលស្រែ៥០០ ដែលជាទីតាំងអំណោយផលជាងគេសម្រាប់រុក្ខជាតិប្រភេទនេះរីកលូតលាស់ ចូលក្នុងបន្តិចពីផ្លូវបេតុងនោះ ទេសចរនឹងឃើញប្រភេទផ្កាដ៏កម្រនេះរីករហង់ វាជាប្រភេទរុក្ខជាតិវល្លិមានអាយុកាលចន្លោះពី៦ខែទៅ១ឆ្នាំ ទើបស្រពោននឹងងាប់ទៅវិញ។ ពេលចេញផ្កា ដំបូងមានទំហំប្រហែលប៉ុននឹងម្រាប់ដៃ និងមានសភាពបិទជិត ផ្កានេះមានទឹកធម្មជាតិដក់ជាប់នៅខាងក្នុងទង សម្រាប់ទ្រទ្រង់ការលូតលាស់របស់វា ពេលរីកលូតលាស់ធំ ទើបផ្កានេះបើកគម្របខាងលើ និងមានពណ៌ក្រហម ផ្កាឈូក យ៉ាងស្រស់ស្អាតគួរជាទីទស្សនាសម្រាប់ទេសចរ។ ជាចំណាំ ពេលវេលាដែលប្រភេទផ្កានេះរីកលូតលាស់ល្អ គឺអំឡុងពេលថ្ងៃមានពន្លឺព្រះអាទិត្យរះល្អ និងពេលយប់មានអាកាសធាតុត្រជាក់ល្មម ពេលមានភ្លៀងធ្លាក់ច្រើន ផ្កានេះមិនមានចេញផ្កាច្រើនទេ គឺនៅសល់តែទងនិងស្លឹកប៉ុណ្ណោះ។
១៥. ក្លោងទ្វារមេឃ ជាតំបន់ទេសចរណ៍មួយក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើនទៀតនៅលើភ្នំបូកគោ។ ថ្មសងខាង មានសណ្ឋានស្រដៀងទៅនឹងខ្លោងទ្វារ ហើយវាបានត្រូវគេឲ្យឈ្មោះថា ច្រកទ្វាររវាងឋានមនុស្សនិងឋានសួគ៌ តាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ ។ ទីនេះក៏មានអត្ថន័យទាក់ទងទៅនឹងដំណើរជីវិតរបស់មនុស្សលោកតែងមានសុខនិងទុក្ខរួមដំណើរជាមួយគ្នាជានិច្ច ពេលដែលទេសចរមកដល់ទីនេះ ពួកគាត់អាចធ្វើការបន់ស្រន់សុំជម្រុះចោលឲ្យអស់នូវសេចក្ដីមិនល្អទាំងឡាយទាំងពួងដែលចូលមកយាយីក្នុងជីវិត រួចដើរឆ្លងខ្លោងទ្វាមេឃនេះ ដើម្បីសុំមកវិញនូវសេចក្តីគាប់ប្រសើរ ដែលខ្លួនមានបំណងប្រាថ្នាចាប់ពីពេលនេះតទៅ។
១៦. ទីតាំងសមាធិ និងល្អាងទឹកអម្រិតស័ក្តិសិទ្ធិ ភ្នំបូកគោ ត្រូវបានចាត់ទុកថាជាតំបន់សមាធិដ៏ស័ក្តិសិទ្ធិមួយក្នុងប្រទេស។ កន្លែងដែលពេញនិយមជាងគេ គឺស្ថិតនៅក្នុងតំបន់វាលស្រែ៥០០ និងប្រវាំងកូន។ សម្រាប់ទីតាំងសមាធិនៅក្នុងតំបន់វាលស្រែ៥០០ គឺបែរមុខចំលំហូរនៃខ្យល់បក់ចេញពីខ្នងភ្នំរាប់រយតភ្ជាប់តាំងពីខេត្តកំពង់ស្ពឺ រហូតដល់ខេត្តកំពត ធ្វើឲ្យគុណភាពខ្យល់ពោរពេញទៅដោយអុកស៊ីហ្សែនយ៉ាងល្អសម្រាប់ស្រូបដង្ហើមចេញ-ចូលក្នុងសួត។ ក្រុមភ្ញៀវ ទេសចរដែលនិយមចូលចិត្តនិងមានជំនឿលើការតាំងសមាធិ ភាពស្ងប់ស្ងាត់ជាមួយធម្មជាតិ កាត់បន្ថយស្ត្រេស និងភាពតានតឹងផ្សេងៗ ពួកគាត់តែងតែមកទីនេះជាប្រចាំ។ នៅខាងក្រោមផ្ទាំងថ្មដ៏ធំ មានទីតាំងសម្រាប់ជ្រកអាស្រ័យពេលយប់ ឬសម្រាប់ជ្រកភ្លៀង និងមានល្អាងទឹកអម្រឹតដ៏ស័ក្តិសិទ្ធិ១កន្លែង មានទឹក សម្រាប់ដងប្រើប្រាស់មិនដែលរីងស្ងួតគ្រប់រដូវ អ្នកមានជំនឿទាំងឡាយតែងមកបួងសួងសុំទឹកអម្រឹតនោះ យកមកលាបព្យាបាលជំងឺដង្កាត់ផ្សេងៗ តាមជំនឿរៀងៗខ្លួន។
១៧. គម្រោងសាង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ ក្រុមហ៊ុនសុខា អូតែល បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ឲ្យសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ។ គម្រោងសាងសង់នេះ គឺមានព្រះពុទ្ធបដិមាមានកម្ពស់១០៨ម៉ែត្រ ចំនួនមួយព្រះអង្គ គង់នៅលើខឿន អមដោយព្រះពុទ្ធរូបចំនួន ១២ អង្គគង់ក្នុងបុស្បុក និងក្រៅពីនេះ មានព្រះពុទ្ធរូបតូចៗ កម្ពស់០.៣១ម៉ែត្រ ជាច្រើនអង្គទៀតដាក់តម្កល់នៅតាមជញ្ជាំងខាងក្នុងខឿនក្រោមព្រះពុទ្ធប្បដិមាអង្គធំ ដែលគម្រោងនេះ នឹងត្រូវចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិក ។ សប្បុរសជនដែលមានសទ្ធាជ្រះថ្លា ចង់ភ្ជាប់និស្ស័យក្នុងការកសាងព្រះពុទ្ធប្បដិមាខាងលើនេះ អាចចូលរួមជាបច្ច័យតាមសទ្ធារៀងៗខ្លួន ឬអាចជាវព្រះពុទ្ធអង្គតូចៗ ដើម្បីដាក់តម្កល់នៅតាមជញ្ជាំងខាងក្នុងខឿន ដែលអាចចារឹកឈ្មោះសប្បុរសជនផ្ទាល់ ឬសញ្ញាអ្នកមានគុណមនៅខាងមុខបល្ល័ងអង្គនោះ ។ ព្រះពុទ្ធរូបតូចៗដែលដាក់តម្កល់លើបល្ល័ង្កនៅក្នុងខឿន ថ្នាក់ទី១ តម្លៃ ១.១០៨ ដុល្លារអាមេរិក ក្នុង ១ អង្គ ថ្នាក់ទី២ តម្លៃ ៨៨៨ ដុល្លារអាមេរិក ក្នុង ១ អង្គ ថ្នាក់ទី៣ តម្លៃ ៦៨៨ ដុល្លារអាមេរិក ក្នុង ១ អង្គ និងថ្នាក់ទី៤ តម្លៃ ២៦៨ ដុល្លារអាមេរិក ក្នុង ១ អង្គ ។
លោក ប្រិញ សាវុធ ប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុនសុខាអូតែល តំណាងឲ្យឧកញ៉ា សុខ ចន្ធី បានឲ្យដឹងថា ការសាងសង់ព្រះពុទ្ធបដិមាដ៏ខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍នេះ បានចាប់ផ្តើមនៅខែមករា ឆ្នាំ ២០២៣ រហូតដល់ពេលនេះសម្រេចបានជាង ៣០% ខណៈគម្រោងទាំងមូល គ្រោងបញ្ចប់ក្នុងរយៈពេល ៤ ទៅ ៥ ឆ្នាំ។ លោក ប្រិញ សាវុធ អះអាងថា តាមរយៈគម្រោងសាងសង់ព្រះពុទ្ធបដិមាដ៏ខ្ពស់បំផុតនេះ ក៏នឹងជួយលើកស្ទួយវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា តាមរយៈទេសចរណ៍សាសនា ខណៈដែលប្រទេសជិតខាងមួយចំនួន ដូចជា ថៃ និងភូមា បានយកទីអារាមនិងទីសក្ការៈបូជា ជាផ្នែកជួយទ្រទ្រង់ដល់វិស័យទេសចរណ៍។
១៨. កំណាត់ផ្លូវថ្មីប្រវែងជាង ៦០ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ មកឧទ្យានជាតិបូកគោ បានសម្រេចការឈូសបើកផ្លូវបញ្ចប់ ១០០% និងកំពុងឈានទៅចាក់បេតុង ដោយគ្រោងចំណាយថវិកាសាងសង់ប្រហែល ៣ លានដុល្លារ ក្នុងប្រវែងផ្លូវមួយគីឡូម៉ែត្រ។
លោក ស្វាយ វុឌ្ឍី នាយកនីតិកម្ម និងទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុនសុខាអូតែល បានបញ្ជាក់ថា ការចាយថវិកាអស់ច្រើន ដោយសារផ្លូវដែលត្រូវស្ថាបនាជាផ្លូវថ្មីទាំងស្រុង ហើយតាមការសិក្សាពីមន្រ្តីជំនាញ និងមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងមួយគីឡូម៉ែត្រ ត្រូវចាយថវិកាអស់ប្រហែល ៣ លានដុល្លារ។ លោកបានបន្តថា ឧទ្យានជាតិបូកគោ មានផ្ទៃដីលាតសន្ធឹងវែង ដោយកន្លងទៅ មានតែផ្លូវមួយខ្សែពីផ្លូវជាតិលេខ ៣។ ដូចនេះ ដោយមានការអនុញ្ញាតពីរដ្ឋាភិបាល ក្រុមហ៊ុនបានស្ថាបនាផ្លូវមួយខ្សែថ្មីមួយទៀតតភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨ ត្រង់ចម្ការដូងប្រេងឧកញ៉ាម៉ុង ឫទ្ធី មកឧទ្យានជាតិបូកគោ។ លោកបន្តទៀតថា គម្រោងផ្លូវនេះ ទទួលបន្ទុករ៉ាប់រងស្ថាបនាទាំងស្រុងដោយក្រុមហ៊ុន ដោយមិនការចូលរួមពីខាងណានោះទេ ហើយដោយសារបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចកំពុងជួបវិបត្តិ បានជះឥទ្ធិពលដល់ការវិនិយោគ។ តែបើសេដ្ឋកិច្ចល្អប្រសើរឡើងវិញ នឹងជំរុញឲ្យបានលឿន។ លោកបញ្ជាក់បន្ថែមថា នៅពេលបញ្ចប់ការសាងសង់ ផ្លូវមួយខ្សែថ្មីនេះ នឹងអនុញ្ញាតិឲ្យពលរដ្ឋអាចធ្វើដំណើរដោយឥតគិតថ្លៃ ។
ក្រៅពីតំបន់ដែលបានរៀបរាប់ខាងលើ ក៏មានតំបន់អភិវឌ្ឍនៅលើភ្នំបូកគោ ជាទីដែលដំំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន បានទៅដល់ មានដូចជា ទំនប់ទឹកថ្មីមានតម្លៃជិត ៥លានដុល្លារ អាចផ្ទុកទឹកបានជិតមួយលានម៉ែត្រគូប កន្លែងផលិតទឹកសុទ្ធឋានសួគ៌បូកគោ កសិដ្ឋានបន្លែសរីរាង្គបូកគោ និងចម្ការស្រ្តវបឺររី ជាដើម ៕