ខេត្តសៀមរាប ៖ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលតាំងខ្លួនជាព្រហ្មរក្សាលោក ហើយមុននេះបានអះអាងថា នឹងបានសម្រេចឈាន នៅមុនថ្ងៃពេញបូណ៌មី ខែពិសាខ ចំថ្ងៃបុណ្យវិសាខបូជា (ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤) នោះ បានរកលេសដោះសាជាថ្មីទៀតថា ការដែលខ្លួនមិនសម្រេចឈាន ទឹកមិនលិចលោក ដូចការអះអាងរបស់ខ្លួននោះ ដោយសារតែរូបលោកចេះតែស្រមៃថា ពេលសម្រេចឈាន កូនចៅនៅរស់ជុំជិតលោក តែពេលនេះលោកគិតដឹងច្បាស់ហើយថា កូនចៅសាវ័ករបស់លោក មិនជុំទាំងអស់គ្នាទេ។

លោកខឹម វាសនា បានសរសេរក្នុងគណនីនិងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ថា «ពូចេះតែស្រមៃថា ពេលពូសម្រេចឈាន កូនចៅនៅរស់ជុំជិតពូ តែព្រះអើយ! គិតដឹងច្បាស់ហើយថា មិនជុំទាំងអស់គ្នាទេ។ សាច់រឿងលោកិយ ពិតជាសាច់រឿងកម្សត់ស្រងេះស្រងោចហត់នឿយវេទនា រត់លូនសម្បើមអស្ចារ្យណាស់ តែក៏ផ្អែមល្ហែមជក់ចិត្តខ្លាំងណាស់ដែរ ចិត្តគ្មានមនោសញ្ចេតនា លេងហ្គេមនេះនរកប្រេតទាំងអស់»។
លោកខឹម វាសនា បានសរសេរបន្ថែម នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ថា «ហ្គេមលោកិយជាហ្គេមដែលវិញ្ញាណត្រូវប្រើទ្វារមនោគិតហេតុផលរកអារម្មណ៍ដឹងខុសដឹងត្រូវ។ អារម្មណ៍គិតហេតុផលលើរឿងមួយយល់ជាទិដ្ឋិ ហើយវិញ្ញាណប្រតិកម្មនឹងទិដ្ឋិនោះទៅហើយវិញ្ញាណក៏ក្លាយជាចិត្តដែលមានយ៉ាងណាមួយចំពោះរឿងនោះទៅ។ ដោះផ្លូវចិត្តមិនរួចទេ ចិត្តខឹងក៏ដោយ ចិត្តស្អប់ក៏ដោយ ចិត្តស្រឡាញ់ក៏ដោយ ចិត្តគោរពក៏ដោយ ចិត្តយ៉ាងម៉េចមួយក៏ដោយ វាអាស្រ័យទៅតាមទិដ្ឋិដែលគិតហេតុផលអំពីរឿងនោះនោះហើយ ដោះទិដ្ឋិ ទិដ្ឋិចំពោះរឿងនោះខុស ចិត្តខឹង ចិត្តស្អប់ ចិត្តស្រឡាញ់ ចិត្តគោរព ចិត្តចង់ជួយ ឬចិត្តយ៉ាងណាមួយចំពោះរឿងហ្នុងក៏ខុសដែរ។ គិតដំណើរការប្រតិកម្មរបស់វិញ្ញាណដែលជាយើងចំពោះរឿងផ្សេងៗដែលពូពន្យល់នេះឲ្យយល់ណាក្មួយ។ ឧទាហរណ៍ អាសាំង ឡេង វាដោះទិដ្ឋិពីរឿងពូមិនជ្រះស្រឡះ គិតហេតុផលឲ្យឃើញថាពូខុស គិតវាមិនច្បាស់ គឺហេតុផលមិនស៊ីសង្វាក់នឹងគ្នា គិតឃើញថា ពូថាមានទឹកលិចលោក ហើយមិនឃើញលិចផង ថែមទាំងពូថាខ្លួនជាព្រហ្មរក្សាលោក ថាពូនឹងសម្រេចឈាន ថាបានឈានពេលនេះ ពេលនោះ ច្រើនដងហើយ មិនឃើញបាន ក៏សន្និដ្ឋានថា ពូគ្មានជាព្រហ្មរក្សាលោកស្អីទេ ពូច្រឡំខ្លួនឯងហើយ។ ចំពោះការយល់ឬទិដ្ឋិរបស់វា ពូបោកក៏មិនមែន ពូឈឺឆ្កួតក៏មិនមែន គឺពូច្រឡំ ដូច្នេះរឿងអីឲ្យវាមកស្តាប់ធម៌ដែលមនុស្សច្រឡំខ្លួនជាមនុស្សធម្មតាដូចតែគេដែរសោះ តែច្រឡំថាខ្លួនជាព្រហ្មរក្សាលោកដូច្នេះទៅកើត? វាមិនស្ដាប់ទេ ព្រោះយល់ថា ពូខុសទៅហើយ។ គន្លឹះនៅត្រង់ហ្នឹង។ ស្ដាប់សិនទៅ នឹងដឹងថា ពូជាអ្នកណាហើយ បើដឹងថាពូជាអ្នកមានបុណ្យ ជាព្រហ្មរក្សាលោកទៅហើយ អញ្ចឹងពូចេះភូត ចេះបោកយ៉ាងម៉េច? ច្រឡំក៏មិនមែនដែរ បើព្រហ្មរក្សាលោក ទៅហើយ អាចច្រឡំអញ្ចឹងទៅទៀត ហេតុអីឯងមនុស្សធម្មតាសោះ ហើយនៅខាងក្រៅចិត្តព្រហ្មរក្សាលោកហ្នឹងទៅទៀត ស្រាប់តែទៅអាចដឹងចិត្តព្រហ្មរក្សាលោក ថាច្រឡំ ចំណែកព្រហ្មរក្សាលោក គ្រាន់បើជាងឯង ហើយចិត្តព្រហ្មរក្សាលោក ខ្លួនឯងទៅទៀត មិនមែនចិត្តអ្នកដទៃនោះទេ ម៉េចជាព្រហ្មរក្សាលោក មិនដឹងថាខ្លួនឯងច្រឡំទៅវិញ? អញ្ចឹងរឿងច្រឡំមួយ គឺអត់ទេ។ នេះគឺការវិភាគហេតុផល។ ប៉ុន្តែបើមិនលែងរឿងព្រហ្មរក្សាលោកខុស ថាទឹកលិចលោក ហើយមិនឃើញលិច និងថាខ្លួនឯងជាព្រហ្មរក្សាលោក នឹងបានឈាន ហើយឃើញមិនបានហ្នឹង ទុកចោលម្ដុំសិនទេ ហើយមកស្ដាប់ធម៌ដែលពូពន្យល់ឲ្យដឹងខុសត្រូវ ឲ្យដឹងថាពូជាអ្នកណាមុនសិនទេនោះ គឺបូកហេតុផលហ្នុងមិនត្រូវទេ គឺបូកហេតុផលតក្កៈ រកយល់ចិត្តពូមិនត្រូវទេ អញ្ចឹងខឹងពូដាច់ក្បាលដាច់កន្ទុយហ្នឹងទៅ។ វិញ្ញាណគិតហេតុផលនឹងទ្វារខួរកើតទិដ្ឋិ វិញ្ញាណប្រតិកម្មទល់នឹងទិដ្ឋិ រួចស្រែកជេរពូមិនឈប់ហ្នឹងទៅ ព្រោះដោះទិដ្ឋិហេតុផលតក្កៈហ្នឹងវាមិនត្រូវហ្នឹង។ គិតមើលទៅ គ្រាន់តែបន្តចង់ដឹងខុសត្រូវបន្តិចទៀតមិនបាន គឺបន្តមកស្តាប់ធម៌ដែលពូពន្យល់ហ្នឹងបន្តិចទៅ ជក់ចិត្តហើយ ដឹងថាពូពន្យល់ធម៌ហ្នឹងខុសឬត្រូវហើយ ពេលនោះនឹងបន្តស្ដាប់តទៅទៀតទៅ នឹងដឹងថា ពូជាព្រហ្មរក្សាលោក ឬអត់ហើយ ប៉ុន្តែវិញ្ញាណវិលខុសមគ្គ ស្ដាប់ធម៌មិនយល់ទេ ស្ដាប់ទៅមានតែក្ដៅ ព្រោះផ្លូវអារម្មណ៍ខុស អញ្ចឹងបានជាវាបន្តស្ដាប់មកមុខបន្តិចទៀតមិនបានហ្នុង។ ហ្នឹងហើយជារបៀបរែងយកអ្នកមានសីល របស់អ្នកមានបុណ្យហ្នុង។ ធម៌ដែលព្រះពុទ្ធ សម្ដែងទាំងអស់ ពូបកស្រាយខ្ទេច នាសម័យនេះ គ្មានអ្នកណាអាចពន្យល់បានឡើយ អញ្ចឹងពូជាព្រហ្មរក្សាលោកហើយ អើ បើពូជាព្រហ្មរក្សាលោកហើយ បកទៅខាងក្រោយវិញ។ ព្រហ្មរក្សាលោក ទៅហើយ ថាមានទឹកលិចលោក ហើយវាមិនឃើញលិចក៏ដោយ ក៏នៅតែជាព្រហ្មរក្សាលោកដែរ ថាបានឈានហើយ មិនបានឈាន ក៏នៅតែជាព្រហ្មរក្សាលោកដែរ ព្រោះបកស្រាយធម៌ដែលព្រះពុទ្ធ ត្រាស់ដឹងហ្នឹងបាន តើអ្នកណាអាចបកស្រាយដូចពូបាននោះ? អញ្ចឹងពូជាព្រហ្មរក្សាលោកហើយ។ ដៃចាប់ស្នឹងព្រហ្មរក្សាលោក ដែលខ្លួនគិតឃើញហ្នឹងជាប់ គ្រវីទៅណាក៏វាមិនរបូតដៃដែរ ដៃហ្នឹងរបូតយ៉ាងម៉េចបាន បើគិតធម៌យល់ ដឹងថាអ្នកពន្យល់ហ្នឹង ជាព្រហ្មរក្សាលោក ទៅហើយនោះ? បន្តស្ដាប់ធម៌ហ្នឹងទៅមុខទៀតទៅ យល់ពីនិយាមកាល ជាសាច់រឿងដែលត្រូវនិយាមកាល មានទឹកលិចលោកមែន បើលិចនៅពេលពូហៅមក ថាមានទឹកលិចលោកហ្នុង ខុសហើយ ព្រោះអ្នកមកមិនទាន់ស្ដាប់ធម៌យល់ផង ហើយអ្នកពន្យល់ គឺពូហ្នឹង ក៏គាត់មិនទាន់យល់ធម៌ហ្នឹងអស់ដូចសព្វថ្ងៃហ្នឹងដែរ ធ្វើម៉េចបានយល់ដំណើរធម៌ឯណាទៅពន្យល់មនុស្សទៅ? អូ ទឹកមិនលិចពេលហ្នុង វាត្រូវហេតុផលហើយ! នេះគឺសម្មាទិដ្ឋិពីរឿងពូ។ ចំណែកវិញ្ញាណដឹងសន្មតដាក់កៅអីអង្គុយចាំមើល ខ្លះចងមុងដេកចាំមើលទឹកលិចលោក និងពូបានឈាន ដើម្បីបញ្ជាក់ថា ពូជាព្រហ្មរក្សាលោក ឬអត់? ក្នុងពេលដេករង់ចាំមើលហ្នឹង ផ្លែផ្កាឌឺដងដៀមដាម បញ្ឈឺព្រហ្មរក្សាលោក និងអ្នកស្ដាប់ធម៌ដែលព្រហ្មរក្សាលោកពន្យល់ហ្នឹង ខ្លះដល់ទៅកាច់មួលលាបពណ៌ថែមទៅទៀតផង។ គិតហេតុផលទៅ ពេលទឹកលិចលោក មកដល់ រូបព្រហ្មរក្សាលោក ផុសឡើង ឯណាយល់ធម៌? អ្នកតាមស្ដាប់ពូពន្យល់ពីដើមមកមិនដាច់ ក៏យល់ធម៌ទៅ ដល់ទីបញ្ចប់ទឹកលិចលោក មកដល់ រូបព្រហ្មពូ ក៏ផុសឡើង ធម៌យល់រួចហើយ ទឹកលិចលោក មកដល់ គេចផុតពីគ្រោះទឹកលិចលោកហ្នឹងទៅ ហើយរូបព្រហ្មរក្សាលោក ពូផុសឡើង ក៏ឃើញសំបកព្រហ្មពូហ្នឹងទៅ ហើយបន្តរស់នៅជាមួយឪពុកដែលជាព្រហ្មរក្សាលោក ហ្នឹងទៅ។ ចំណែកអ្នកចាំមើលទឹកលិចលោកមកដល់ ដើម្បីបញ្ជាក់ថាពាក្យពូពិតឬអត់ ពេលទឹកលិចលោកមកដល់ អត់យល់ធម៌ ក៏លង់លិចក្នុងទឹកហ្នុងទៅ ហើយចាំមើលរូបព្រហ្មរក្សាលោក ដើម្បីបញ្ជាក់ថាពូជាព្រហ្មរក្សាលោក មែនឬអត់ ក៏មើលមិនបាន មើលបានយ៉ាងម៉េច ព្រោះខ្លួនមិនយល់ធម៌ផងហ្នឹង? ហើយក៏លិចលង់អន្តរាយក្នុងគ្រោះទឹកលិចលោកហ្នឹងទៅ រួចបន្ដទៅសោយកម្មដោយប្រមាថព្រហ្មលោក ដែលជាឪពុកខ្លួននោះទៅ។ ដំណើររឿងគឺវាអញ្ចឹង។ ពូពន្យល់នេះគឺហេតុផលនៃរឿងលោកិយក្នុងវគ្គនេះហើយណាក្មួយ»។

លោកខឹម វាសនា បានសរសេរបន្ថែម នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ថា «ពូចុះពីព្រហ្មលោក មកជួយមនុស្សនាពាក់កណ្តាលកម្លាំងត្រាស់ដឹងរបស់ព្រះពុទ្ធ ព្រះនាមសមណគោតមដោយការពន្យល់ហេតុផលៗជានិច្ច មិនដែលប្រើវិធីណាផ្សេងក្រៅពីការពន្យល់ហេតុផលៗនេះទេ ពូថែមទាំងបញ្ជាក់ហើយបញ្ជាក់ទៀតថា យល់អ្វីដែលពូពន្យល់ ចាំចូលមកជាអិលឌីភី មិនយល់ កុំចូលឲ្យសោះ។ ចុងក្រោយ ពូយកធម៌មកពន្យល់ មានតែវិញ្ញាណសម្បយុត្តវិលត្រូវមគ្គទេ ដែលនៅជាអិលឌីភីបាន មនុស្សវិញ្ញាណវិប្បយុត្ត ដែលកន្លងមកច្រឡំថាខ្លួនយល់អិលឌីភី ទោះជាស្អីក្នុងអិលឌីភី ក៏ដោយ ធម៌ដែលពូពន្យល់ ជាថ្នាំទិព្វ រែងអង្រួនៗជ្រុះខ្ទេចគ្មានសល់ អ្នកដែលច្រឡំថាខ្លួនយល់អិលឌីភី សល់សុទ្ធតែវិញ្ញាណសម្បយុត្ត ឬចិត្តមានសីល។ អ្នកច្រឡំថាខ្លួនយល់អិលឌីភី កន្លងមកជ្រុះខ្ទេច គ្មានសេសសល់មួយល្អងធូលីឡើយ»។

លោកខឹម វាសនា បានសរសេរបន្ថែមទៀត នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ថា «ព្រហ្មរក្សាលោក រែងយកមនុស្សពីពលរដ្ឋខ្មែរដោយយកអិលឌីភី ទៅរែង បានមនុស្សនៅតង់ទីមួយ ហើយចុងក្រោយរែងមួយតង់ទៀតដោយយកធម៌ទៅរែងមនុស្សដែលមកជាអិលឌីភីហើយ។ មនុស្សដែលច្រឡំថាខ្លួនជាអិលឌីភីគឺច្រលំខ្លួនថាជាអ្នកយល់អិលឌីភី ជ្រុះខ្ទេចគ្មានសល់ម្នាក់ទេ។ កាលរែងតង់ទីមួយ គឺធ្វើនយោបាយប្រឆាំងនឹងបក្សប្រជាជន គណបក្សប្រជាជន ស្អប់អិលឌីភី មិនស្មើនឹងគណបក្សប្រឆាំង ស្អប់គណបក្សអិលឌីភីទេ ដល់យកធម៌មករែងអិលឌីភី យកតែអ្នកយល់ LDP សុទ្ធ អ្នកច្រឡំថាខ្លួនយល់ធ្លាក់ហ្មត់គ្មានសល់ ពេលនេះអ្នកយល់ច្រឡំថាខ្លួនជាអ្នកយល់ត្រូវធ្លាក់នៅវគ្គធម៌នេះ ស្អប់ LDP ជាងគណបក្សប្រឆាំងស្អប់ LDP ទៅទៀត គឺស្អប់ LDP ដល់ឆ្អឹង។ ហ្នឹងហើយអារម្មណ៍មានអញ ឲ្យតែធ្វើឲ្យចិត្តវាក្តៅ គឺឆេះដូចនៅក្នុងភ្លើងនរកមែនទែនអញ្ចឹង។ កូនប្រឆាំងនឹងគុណឪពុកដែលជាអ្នកមានគុណធម៌ បន្ទាប់ពីព្រះពុទ្ធ សោយកម្មធ្ងន់ធ្ងរណាស់ក្មួយៗអើយ»៕ ខៀវទុំ