សហរដ្ឋអាមេរិក ៖ គម្រោងនៃការប្រកួតរវាងកីឡាករប្រដាល់ទម្ងន់ធ្ងន់ ម៉ៃ ថៃសាន់ (Mike Tyson) អាយុ ៥៧ឆ្នាំ ជាមួយជែក ប៉ូល (Jake Paul) អាយុ ២៧ឆ្នាំ ដែលគ្រោងធ្វើនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នោះ ទំនងជានឹងមិនកើតឡើង ដោយអាចពន្យារពេលការប្រកួត បន្ទាប់ពីម៉ៃ ថៃសាន់ មានបញ្ហាសុខភាពធ្ងន់ ពេលជិះយន្តហោះ។
ទោះបីជាវេជ្ជបណ្ឌិត បានណែនាំឱ្យពន្យារការប្រកួតរហូតដល់រដូវស្លឹកឈើជ្រុះក៏ដោយ អ្នកយកព័ត៌មាន Sports Illustrated លោក គ្រិស ម៉ែននិច (Chris Mannix) បានអះអាងថា មានការព្រួយបារម្ភពិតប្រាកដ អំពីថា តើម៉ៃ ថៃសាន់ នឹងអាចប្រកួតជាមួយជែក ប៉ូល ដែរឬទេ?
លោកគ្រិស ម៉ែននិច បានអះអាងថា អ្នករៀបចំការប្រកួតកំពុងធ្វើការជាមួយ Dallas Cowboys ដើម្បីស្វែងរកកាលបរិច្ឆេទថ្មី ដែលអាចកើតមាននៅពាក់កណ្តាលខែតុលា ឬពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៤ ដែលនឹងមិនមានបញ្ហាជាមួយនឹងរដូវកាល NFL នោះទេ។
ទោះជាយ៉ាងណា ជែក ប៉ូល ទោះបីជាមានការខកចិត្តក៏ដោយ ក៏ប៉ូល បានថ្លែងថា រូបគេផ្តល់តម្លៃដល់សុខភាពម៉ៃ ថៃសាន់ សំខាន់ជាង។
ជែក ប៉ូល បាននិយាយថា «ខ្ញុំឱ្យតម្លៃសុខភាពរបស់ម៉ៃ ថៃសាន់ ជាដំបូងនិងសំខាន់បំផុត ។ ខ្ញុំមានការគោរពច្រើនចំពោះគាត់ ហើយខ្ញុំចង់ឱ្យគាត់មានសុខភាពល្អ»។
ជែក ប៉ូល បានបន្ថែមថា រូបគេគាំទ្រយ៉ាងពេញទំហឹងក្នុងការពន្យារពេលប្រកួត របស់ម៉ៃ ថៃសាន់ ដោយគេគិតថា មិនមែនជាលេសអ្វីទេ។
ចំណែកម៉ៃ ថៃសាន់ បានថ្លែងបន្ទាប់ពីការប្រកួតត្រូវបានប្រកាសពន្យារពេលនេះថា “ខ្ញុំចង់អរគុណអ្នកគាំទ្ររបស់ខ្ញុំជុំវិញពិភពលោក សម្រាប់ការគាំទ្រ និងការយោគយល់របស់ពួកគេដល់ខ្ញុំ ក្នុងអំឡុងពេលនេះ។ ជាអកុសល ដោយសារដំបៅរបស់ខ្ញុំបានរើឡើង ខ្ញុំត្រូវបានគ្រូពេទ្យណែនាំឱ្យបន្ថយការហ្វឹកហាត់របស់ខ្ញុំ រយៈ ពេលពីរបីសប្តាហ៍ ដើម្បីសម្រាកនិងឲ្យជាសះស្បើយឡើងវិញ។ រាងកាយរបស់ខ្ញុំមានរូបរាងល្អតាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ហើយខ្ញុំនឹងត្រលប់ទៅកាលវិភាគហ្វឹកហាត់ពេញលេញរបស់ខ្ញុំវិញ ក្នុងពេលឆាប់ៗនេះ»។
គួរបញ្ជាក់ថា មុននេះ បន្ទាប់ពីបានប្រកាសពីគម្រោងកម្មវិធីប្រកួតជាមួយកីឡាករខុសវ័យគ្នា ខាងលើនេះ លើកម៉ៃ ថៃសាន់ បានប្រកាសពីការព្យាយាមហ្វឹកហាត់កីឡាប្រដាល់ដែលលោកបានផ្អាកជិត២០ឆ្នាំមកនេះ ឡើងវិញ ដោយត្រូវតមការសេពកញ្ឆា និងតមការរួមភេទផងដែរ៕