Monday, February 24, 2025
Homeសង្គម និងជីវិតក្រមុំ២នាក់ ចោទមីងដណ្តើមសពឪ លេបយកកេរ

ក្រមុំ២នាក់ ចោទមីងដណ្តើមសពឪ លេបយកកេរ

ខេត្តត្បូងឃ្មុំ ៖ នារីវ័យក្មេង ២នាក់បងប្អូន បានអះអាងថា ម្តាយមីងរបស់នាង ដែលត្រូវជាប្អូនស្រីបង្កើតរបស់ឪពុកនាង បានដណ្តើមយកសពឪពុកនាង យកទៅធ្វើបុណ្យ ដើម្បីដណ្តើមយកកេរមរតក លុះពេលធ្វើបុណ្យចប់រួចរាល់ ម្តាយមីង បានគប់គិតគ្នាជាមួយអាជ្ញាធរភូមិ-ឃុំ លេបយកទ្រព្យសម្បត្តិឪពុករបស់ពួកនាង រួមមាន ដីស្រែ ដីភូមិ និងផ្ទះ ដោយគ្មានទុកឱ្យពួកនាងជាកូនៗសោះ ជាហេតុធ្វើឱ្យពួកនាងកើតទុក្ខមិនសុខចិត្ត ទទូចទាមទាររកយុត្តិធម៌។

យុវតីទាំង២នាក់ ដែលអះអាងថា ត្រូវម្តាយមីងដណ្តើមយកកេរឪពុករបស់ខ្លួន ទី១-ឈ្មោះធឿន សុខឃាង និងទី២-ឈ្មោះ ធឿន ស្រីនាង សព្វថ្ងៃរស់នៅភូមិព្រះធាតុកណ្តាល ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

យុវតីទាំង២នាក់បងប្អូន បានបញ្ជាក់នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ថា ពួកនាងមានបងប្អូនទាំងអស់ចំនួន៦នាក់ ដោយមានម្តាយឈ្មោះហ៊ត់ ឃឿន ឪពុកឈ្មោះឃីម ប៊ុនធឿន បានឈឺស្លាប់តាំងពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣។

យុវតីទាំង២នាក់បងប្អូន បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ឪពុករបស់ពួកនាងបានស្លាប់ ហើយត្រូវម្តាយមីងដណ្តើមសពយកទៅធ្វើបុណ្យ លុះពេលធ្វើបុណ្យចប់រួចហើយ ម្តាយមីងបានសហការគប់គិតជាមួយអាជ្ញាធរមូលដ្ឋាន រំលោភយកដីស្រែ ដីភូមិ និងផ្ទះ ទៅចែកគ្នា កាន់កាប់ម្នាក់ ១ប្លង់ៗ លុះពេលពួកនាងឡើងទៅតវ៉ាជា មួយម្តាយមីង និងមេភូមិ ពួកគេបានប្រាប់ថា ឪពុករបស់ពួកនាង បានផ្ទេរកម្មសិទ្ធិទៅឱ្យពួកគេអស់ហើយ ធ្វើឱ្យពួកនាងស្លុតចិត្តយ៉ាងខ្លាំង ខណៈដែលពេលឪពុកឈឺ ពួកនាងខំប្រឹងធ្វើការងាររោងចក្រ ផ្ញើលុយទៅឱ្យឪពុកព្យាបាលជំងឺ រហូតដល់អស់ពីខ្លួន តើឱ្យពួកនាងជាកូនៗរស់នៅដោយរបៀបណា?

យុវតីទាំង២នាក់ បានអះអាងថា តាំងពីឪពុកនាងនៅមានជីវិត គឺគាត់បានយកប្លង់ដីផ្ទះ ទៅដាក់នៅធនាគារ ចំនួន១ម៉ឺន១ពាន់ដុល្លារ ហើយចំពោះការបងសងធនាគារវិញ គឺរូបនាងជាអ្នកចេញបង់ ដោយធ្វើការរោងចក្រ យមកបង់ បែរជាពេលនេះ ឪពុកស្លាប់ នាងនៅបន្តបង់ ធនាគារ ខណៈដែលដីផ្ទះ បែរជាម្តាយមីងអះអាងថា ឪពុកនាងបានផ្ទេរឱ្យគាត់ទៅវិញ ពិតជាអយុត្តិធម៌ណាស់ ព្រោះរាល់ថ្ងៃនាងត្រូវរ៉ាប់រងគ្រួសារ ប្អូនខ្លះនៅរៀន មានប្អូនម្នាក់សរសៃប្រសាទទៀត។ ចំណែកម្តាយក៏ថ្លង់ ឈឺរាល់ថ្ងៃ តើពួកនាងត្រូវរស់នៅរំពឹងអ្វី? ហេតុនេះ សូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំ ជួយរកយុត្តិធម៌ឱ្យពួកនាងផង។

ឆ្លើយតបទៅនឹងការលើកឡើងខាងលើ អ្នកស្រីឃីម ហ៊ា ត្រូវជាប្អូនសពឈ្មោះឃីម ប៊ុនធឿន និងត្រូវជាម្តាយមីងបង្កើតរបស់យុវតីទាំង២នាក់ខាងលើ បានបញ្ជាក់ថា បងប្រុសរបស់គាត់ បានលែងលះគ្នាតាំងពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ម៉្លេះ ហើយក៏បានធ្វើការបែងចែកទ្រព្យសម្បត្តិរួចរាល់អស់ហើយ មានទាំងអាជ្ញាធរចូលរួមដឹងឮ ព្រមទាំងមានការទទួលស្គាល់ពីគ្រប់ភាគីទៀតផង។ លុះបងប្រុសធ្លាក់ខ្លួនឈឺ គ្រួសារខាងប្រពន្ធនិងកូនៗទាំងអស់ មិនអើពើមើលថែទាំនិងព្យាបាលជំងឺនោះទេ ទុករហូតដល់គាត់ស្លាប់ ទើបឆោឡោប្រទាញប្រទង់ដណ្តើមសពយកទៅធ្វើបុណ្យ។ ក្នុងដំណាក់កាលដ៏លំបាក ការមើលថែមានតែរូបគាត់ជាប្អូនបង្កើត ជាក់ស្តែងបែបនេះ ទើបបងប្រុសសម្រេចប្រគល់ផលលាភទាំងនោះ ឱ្យគាត់ប្អូនស្រីពៅបង្កើត ព្រោះជាអ្នកមើលថែជំងឺគាត់រហូតដល់ថ្ងៃស្លាប់។

ស្ត្រីជាប្អូនរូបនេះ បានបញ្ជាក់ទៀតថា ពេលលែងលះ កូនចំនួន៦នាក់ (ស្រី៣នាក់) បានរស់នៅខាងម្តាយទាំងអស់ ហើយទ្រព្យសម្បត្តិ បានចែកទៅខាងប្រពន្ធ ៩០ភាគរយរួចហើយដែរ ស្រាប់តែពេលនេះ បែរជាលេចមុខកូនស្រីទាំង២នាក់ មកស្រែកយំទាមទារកេរឪពុកទៅវិញ។

ដោយឡែក លោកទ្រី ពៅ មេឃុំព្រះធាតុ បានបញ្ជាក់ថា ការផ្សព្វផ្សាយរបស់ក្មួយស្រី តាមបណ្តាញសង្គមនោះ គឺជារឿងមិនពិតទេ រឿងនេះខាងឃុំ បានសម្របសម្រួលហើយ តែមិនត្រូវគ្នាទេ ទើបឃុំបញ្ជូនទៅស្រុកដោះ ស្រាយបន្ត តែលទ្ធផលមិនដឹងយ៉ាងណាទេ ព្រោះផុតដៃឃុំហើយ។ ម៉្យាងទៀតនៅពេលឪពុកឈឺ កូនៗទាំង នោះមិនព្រមជួយមើលថែទាំជំងឺឪពុកសោះ ដល់ស្លាប់ បែរជាមកដណ្តើមសពយកទៅធ្វើបុណ្យទៅវិញ។

ជុំវិញរឿងរ៉ាវដ៏ចម្រូងចម្រាសខាងលើនេះ “នគរធំ” រង់ចាំការបំភ្លឺបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES