ភ្នំពេញ ៖ ប្រធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា បានលើកឡើងថា ការ ដែលលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និយាយថា កំពុងរៀបចំសំណុំរឿងប្តឹងសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជាទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នោះ គ្រាន់តែជាការបោកប្រាស់ ប្រជាពលរដ្ឋប៉ុណ្ណោះ ព្រោះតុលាការ ICC គ្មានគោលការណ៍ឱ្យចាត់ការរឿងក្តីលើបទល្មើស ដែលកើតមុនឆ្នាំ១៩៩៨ ទេ។
លោកសួន សេរីរដ្ឋា បានសរសេរនៅក្នុង ទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ថា “សម រង្ស៊ី កំពុងបន្តយកឈ្មោះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (International Criminal Court) ហៅ ICC មកបោកប្រាស់ ពលរដ្ឋខ្មែរ ដែលថា ៖ ខ្លួនកំពុងរៀបចំសំណុំរឿងប្តឹងហ៊ុន សែន និងប្តឹងហេង សំរិន ទៅ តុលាការ ICC នេះ ពីបទឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ នៅចន្លោះឆ្នាំ១៩៨៤ ដល់ឆ្នាំ ១៩៨៨។ នេះជាការបោកបញ្ឆោត កុហក ពលរដ្ឋខ្មែរសុទ្ធសាធ ដែលវាជាចរិតនយោបាយ របស់សម រង្ស៊ី ដូចដែលកន្លងមក សម រង្ស៊ី អះអាងពីពាក្យបណ្តឹងរបស់ខ្លួនប្តឹងនៅតុលាការ បារាំងក្តី ។
តាមគោលការណ៍ បទបញ្ញត្តិ ពិសេសសន្ធិសញ្ញាក្រុងរ៉ូម ឆ្នាំ១៩៩៧ នោះ តុលាការ ICC មានសមត្ថកិច្ចទទួលយកតែបណ្តឹងឧក្រិដ្ឋទាំង ៤ប្រភេទ (១-ឧក្រិដ្ឋកម្មឈ្លានពាន ២-ឧក្រិដ្ឋ- កម្មសង្គ្រាម ៣-ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និង៤-ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ) ដែលបទ ល្មើសកើតឡើងក្រោយឆ្នាំ១៩៩៨ តែប៉ុណ្ណោះ។ តុលាការ ជីជ គ្មានគោលការណ៍ឱ្យចាត់ការ រឿងក្តីលើបទល្មើសដែលកើតមុនឆ្នាំ១៩៩៨ ទេ។
ខ្ញុំ គឺជាជនជាតិខ្មែរដំបូងបង្អស់ ដែលដឹកនាំក្រុមចលនាអំណាចពលរដ្ឋខ្មែរ ចូលជួបទីប្រឹក្សា ច្បាប់ រដ្ឋអាជ្ញា និងក្រឡាបញ្ជីនៃតុលាការ ICC នៅឆ្នាំ២០១១ និងបានដឹកនាំដាក់ពាក្យបណ្តឹង បើកផ្លូវ (Open Case Number) ប្តឹងលោក ហ៊ុន សែន និងរដ្ឋាភិបាលលោកហ៊ុន សែន ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលរដ្ឋាភិបាលនេះបង្ខំជម្លៀសពលរដ្ឋជាប្រព័ន្ធចេញ ពីលំនៅឋាន រឹបអូសយកដីធ្លី ចាប់ចងម្ចាស់ដី និងបង្កអំពើឧក្រិដ្ឋកម្មបាញ់សម្លាប់ពលរដ្ឋអ្នកតវ៉ា។ គ្មានអ្នកនយោបាយ ឬក្រុមណាមួយ បាន ដាក់ពាក្យបណ្តឹងទៅតុលាការ ICC ទេ ក្រៅពីគ្រាន់តែបន្ថែមឯកសារតឹកតាងទៅលើពាក្យបណ្តឹងដែលមានស្រាប់ ដែលចលនាអំណាច ពលរដ្ឋខ្មែរ បានដាក់ប្តឹង កាលពីថ្ងៃទី២២ មិថុនា ២០១២”។
គួរបញ្ជាក់ថា ថ្មីៗនេះ លោកសម រង្ស៊ី ព្រធានគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស បានព្រមានប្តឹងសម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចហេង សំរិន ប្រធានកិត្តិយសគណបក្ស ប្រជាជនកម្ពុជា ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មប្រឆាំង មនុស្ស លោក ក្នុងសំណុំរឿងផែនការ “ក៥” ដែល លោកចោទប្រកាន់ថា មានការសម្លាប់រង្គាល ឬការកេណ្ឌពលរដ្ឋស្លូតត្រង់ដោយបង្ខំបញ្ជូនទៅ ឱ្យស្លាប់ ចន្លោះពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៨។
លោកសម រង្ស៊ី បញ្ជាក់ថា នៅពេលលោក ប្រមូលភ័ស្តុតាង ដែលសាក្សី គឺជនរងគ្រោះ ឬក្រុមគ្រួសារ និងមិត្តភក្តិជនរងគ្រោះបានគ្រប់ គ្រាន់ លោកនឹងដាក់ពាក្យបណ្តឹងទៅតុលាការ (ICC) ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
ទោះយ៉ាងណា មេធាវីមួយចំនួនយល់ថា នៅពេលលោកសម រង្ស៊ី ដាក់ពាក្យបណ្តឹង តុលាការនឹងទទួលពាក្យបណ្តឹងនោះ ប៉ុន្តែមិន ប្រាកដថាតុលាការព្រហ្មទណ្ឌអន្តរជាតិ នឹងទទួល ចាត់ការនោះទេ ព្រោះមុនពេលតុលាការនេះ ចាត់ការករណីណាមួយ លុះត្រាបណ្តឹងនោះ បានបំពេញបែបបទអន្តរជាតិត្រឹមត្រូវ។
ដោយឡែក លោកសុខ ឥសាន អ្នកនាំ ពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា លោកសម រង្ស៊ី ជាមនុស្សទាល់ច្រកមែនទែន ហើយទើបព្រមានប្តឹងមេដឹកនាំប្រទេសខ្លួន ឯងបែបនេះ។ ប៉ុន្តែអន្តរជាតិ មិនចាប់អាម្មរណ៍ រឿងនេះទេ ហើយបណ្តឹងនេះក៏គ្មានតុល្យភាព ដើម្បីជះឥទ្ធិពលលើសម្តេចហ៊ុន សែន ដែរ។ ពោលគឺគ្មានអន្តរជាតិណាលូកដៃចូលកិច្ចការ ផ្ទៃក្នុងប្រទេសមួយ ដែលមានអធិបតេយ្យភាព ពេញលេញនោះទេ។
ទោះជាយ៉ាងណា ជុំវិញការលើកឡើងខាងលើនេះ មិនទាន់មានប្រតិកម្មឆ្លើយតបពី លោកសម រង្ស៊ី ទេ កាលពីម្សិលមិញ៕ កុលបុត្រ