Friday, August 15, 2025
Homeព័ត៌មានជាតិសម្តេច​ក្រុម​ព្រះ ធ្វើ​បុណ្យ​បង្សុ​កូល​ថ្វាយ សម្តេច​ព្រះរាជ​កនិដ្ឋា

សម្តេច​ក្រុម​ព្រះ ធ្វើ​បុណ្យ​បង្សុ​កូល​ថ្វាយ សម្តេច​ព្រះរាជ​កនិដ្ឋា

ភ្នំពេញ ៖ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ព្រម ទាំងអ្នកម្នាង រួមជាមួយថ្នាក់ដឹកនាំនៃគណបក្ស ហ៊្វុនស៊ិនប៉ិច បានយាងនិងអញ្ជើញធ្វើបុណ្យ សូត្រមន្តបង្សកុលឧទ្ទិសមហាកុសលថ្វាយសម្តេច ព្រះរាជកនិដ្ឋា នរោត្តម ថាវិត នរល័ក្ស នៅ ព្រះចេតិយវត្តថាន់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៧។

គួរបញ្ជាក់ថា សម្តេចព្រះរាជកន្និដ្ឋា នរោត្តម ថាវិត នរល័ក្ស ដែលជាព្រះមហេសីទី៤ របស់សម្តេចព្រះនរោត្តម សីហនុ ព្រះវររាជ បិតា ជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ប្រសូតនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ១៩២៧ និងបានយាងសោយ ទិវង្គត កាលពីវេលាម៉ោង១និង៣០នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងព្រះរាជដំណាក់ ឯទីក្រុងប៉ារីស ប្រទេស បារាំង ក្នុងព្រះជន្មាយុ៩០ព្រះវស្សា។

យោងតាមទំព័រហ្វេសប៊ុក Royal du Cambodge កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០១៧ បានសរសេររៀបរាប់ពីប្រវត្តិជីវិតស្នេហា ដ៏ជូរចត់រវាងសម្តេចព្រះរាជកនិដ្ឋា នរោត្តម ថាវិត នរល័ក្ស ជាមួយព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ដែលមានខ្លឹមសារទាំង ស្រុង ថា “សម្តេចព្រះរាជកនិដ្ឋា ទ្រង់ប្រសូតនារាជ- ធានីភ្នំពេញ ទ្រង់បានរួមរស់តាំងតែពីវ័យកុមារភាព សឹងតែមិនអាចបំបែកបានឡើយ ជាមួយ ព្រះករុណា ព្រះបាទសម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងព្រះបរមរាជវាំង មកម៉្លេះ ព្រោះថា ព្រះមាតារបស់សម្តេចព្រះរាជកនិដ្ឋា និងមាតាព្រះបរមរតនកោដ្ឋ ជាបងប្អូនបង្កើត នឹងគ្នា ពោលគឺបុត្រីនៃព្រះករុណា ព្រះបាទស៊ីសុវត្ថិ មុនីវង្ស ព្រះខត្តិយកោដ្ឋ។

លុះចម្រើនវ័យធំពេញរូបពេញរាងទៅ សម្តេចព្រះរាជកនិដ្ឋា នរោត្តម ថាវិត នរល័ក្ស បានស្ម័គ្រចិត្តរួមរស់ចំណងស្នេហាជាមួយព្រះអង្គម្ចាស់នរោត្តម វាគ្រីវណ្ណ ទ្រង់ទាំងពីរបាន រៀបអភិសេកជាមួយនឹងគ្នា ពេលនោះព្រះបាទ នរោត្តម សីហនុ ទ្រង់ធ្វើជាមេអណ្តើក ចែចូវ សម្តេចព្រះរាជកនិដ្ឋាពីព្រះមាតាទ្រង់ មកព្រះអង្គម្ចាស់ នរោត្តម វាគ្រីវណ្ណ បើទោះបីជាព្រះបាទ នរោត្តម សីហនុ ដឹងថា ទ្រង់វាគ្រីវណ្ណ មានស្រីច្រើនយ៉ាងណាក្តី។ ក្រោយពីរួមរស់ ក្រោមចំណងអភិសេករួចមក សម្តេចព្រះរាជកនិដ្ឋា ទ្រង់បានរស់នៅដោយវេទនាចិត្ត ដោយ ហេតុថា ទ្រង់វាគ្រីវណ្ណ នៅតែលួចមានចំណង ស្នេហាជាមួយស្រីដទៃ ដែលនេះជាអំពើមិន ស្មោះត្រង់ចំពោះសម្តេចព្រះរាជកនិដ្ឋា ទ្រង់ ពិបាកទ្រាំខ្លាំងណាស់ ព្រះរាជកនិដ្ឋា នរោត្តម ថាវិត នរល័ក្ស ទ្រង់ជាម្ចាស់ក្សត្រីមួយអង្គ ប្រកបដោយគុណសម្បត្តិ ទាំងកាយ ទាំងចិត្ត ក្រោយមក សម្តេចព្រះរាជកនិដ្ឋា បានលែងលះ ជាមួយទ្រង់វាគ្រីវណ្ណ។

ក្រោយពីបានលែងលះជាមួយព្រះស្វាមី សម្តេចព្រះរាជកនិដ្ឋា បានរស់នៅដោយភាព ឈឺផ្សា។ ចំណេរក្រោយមក ព្រះបាទសម្តេច នរោត្តម សីហនុ និងម្ចាស់ក្សត្រី នរោត្តម នរ- ល័ក្ស បានផ្តើមមានចំណងស្នេហានឹងគ្នា រួចទ្រង់ បានរៀបរាជាភិសេកជាមួយគ្នា នាឆ្នាំ១៩៥៥។ ក្រោយពីរៀបអភិសេក ក្លាយជាមហេសីទី៤ នៃ សម្តេចឪរួចមក ទ្រង់ទាំងពីរបានរួមរស់ជាមួយ គ្នា ប៉ុន្តែជាអកុសល ទ្រង់ពុំមានបុត្រនោះទេ។ ត្រង់ចំណុចនេះ ព្រះនរោត្តម សីហនុ បានឡាយ ក្នុងសៀវភៅរបស់ទ្រង់ថា ព្រះអង្គបានលើក តម្កើងសម្តេចព្រះរាជកនិដ្ឋាន មានព្រះឋានៈ ជាព្រះមហេសីទី១ ឯអ្នកម្នាងម៉ូនិក ក្លាយជា ព្រះមហេសីទី២ ទ្រង់បន្តឡាយទៀតថា សេចក្តី ស្នេហារបស់ទ្រង់ចំពោះមហេសីទាំង២ ពិតជា ធំធេងណាស់មិនអាចកាត់ថ្លៃបាន។

ព្រះបាទនរោត្តម សីហនុ បានបញ្ជាក់ ប្រាប់ទៀតថា នៅអំឡុងឆ្នាំ១៩៦០ ទំនាក់ទំនង របស់ទ្រង់ជាមួយព្រះរាជកនិដ្ឋា មានភាពរង្គោះ- រង្គើ ព្រោះតែភ្លើងប្រចណ្ឌរបស់ម្ចាស់ក្សត្រី នរោត្តម នរល័ក្ស ចំពោះសម្តេចតា និងអ្នក ម្នាងម៉ូនិក។ ព្រះបាទនរោត្តម សីហនុ បានឡាយ នូវឃ្លាចុងក្រោយនៃសំណេរទ្រង់ថា ទ្រង់ទទួល កំហុស និងទទួលស្គាល់ថា ការប្រចណ្ឌរបស់ នរល័ក្ស ចំពោះទ្រង់ និងអ្នកម្នាងម៉ូនិក ពិតជា សមហេតុផល។

ដោយឈឺចាប់ខ្លាំងពេក សម្តេចព្រះរាជកនិដ្ឋា នរោត្តម ថាវិត នរល័ក្ស បានសម្រេចចិត្តចាកចេញពីសម្តេចនរោត្តម សីហនុ ទៅរស់ នៅក្នុងជីវភាពសាមញ្ញមួយ ក្នុងមណ្ឌលចាស់ជរា នាទីក្រុងប៉ារីស ព្រោះទ្រង់ពុំមានបុត្រទេ។ ជីវិតឯកោរបស់ទ្រង់បានរស់នៅក្នុងមណ្ឌល ចាស់ជរានៃប្រទេសបារាំង ទ្រង់បានរស់នៅលាក់ ខ្លួនយ៉ាងស្ងប់ស្ងៀមនៅបារាំង តាំងពីឆ្នាំ១៩៧៥ ទ្រង់មិនវិលមកកម្ពុជា វិញទេ ទ្រង់បានសោយ ពិលាល័យនៅទីក្រុងប៉ារីស នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។

មុនសោយពិលាល័យ ទ្រង់បានទុកនូវ ព្រះរាជបណ្តាំជាចុងក្រោយមួយ ថ្លែងពីភាព ឈឺចាប់នៅក្នុងការនឹកមាតុភូមិ”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាក្សត្រកម្ពុជា បាន ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យ ប្រោស ព្រះរាជទានតែងតាំងព្រះអង្គម្ចាស់ក្សត្រី សម្តេច ព្រះអនុជ នរោត្តម នរល័ក្ស ជា “សម្តេចព្រះរាជកនិដ្ឋា នរោត្តម នរល័ក្ស” នៃព្រះរាជាណាចក្រកម្ពុជា៕

RELATED ARTICLES